សង្គមអន្តរជាតិ​
អន្តរជាតិ
កាសែត​រដ្ឋ​ចិន​៖ ផ្នែក​ខ្លះ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក ឈានដល់​ការខូចខាត​មិនអាច​ស្តារ​បាន​
04, Dec 2020 , 11:29 pm        
រូបភាព
ទង់ជាតិចិន និងអាមេរិក។ រូបភាព៖ AFP
ទង់ជាតិចិន និងអាមេរិក។ រូបភាព៖ AFP
ដោយ:
​កាសែត​រដ្ឋ​ចិន Global Time នៅក្នុង​បទ​វិចារ​ណា​កថា​របស់ខ្លួន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ធ្នូ បាន​ព្រមាន​ថា ផ្នែក​ខ្លះ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក បាន​ខូចខាត​មិនអាច​ស្តារឡើងវិញ​ឡើយ​។ ការព្រមាន​របស់​កាសែត​រដ្ឋ​ចិន​នេះ ធ្វើឡើង​ក្រោយ​រដ្ឋបាល​អាមេរិក​បន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ចិន ក៏ដូចជា​ការ​ជម្លោះ​ពាក្យសម្តី​រវាង​ព្រឹទ្ធសភា​អាមេរិក និង​អ្នកកាសែត​ចិន​។​
 
​ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ​មក ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ដោយសារ​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខ សិទ្ធិមនុស្ស និង​ជំងឺឆ្លង​កូ​វីដ​-១៩​។ ក្នុង​បទ​វិចារណកថា កាសែត​រដ្ឋ​ចិន Global Times បាន​លើកឡើងថា ការ​កំហិត​ការផ្តល់​ការ​ទិដ្ឋាការ​លើ​មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន និង​ក្រុមគ្រួសារ និង​ការហាមឃាត់​នាំចូល​កប្បាស​ពី​តំបន់​ស៊ីន​ជាំ​ង ជា​សញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​
 
​កាសែត​នេះ​បន្តថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២​បាន​រំកិល​ទៅដល់​ចំណុច​គ្រោះថ្នាក់ ដែល​សូម្បី​ដែល​រដ្ឋបាល​ថ្មី​ចង់​ស្ដារឡើងវិញ ក៏​ពិបាក​ដែរ​។ Global Times សរសេរថា​៖« បើទោះបីជា​រដ្ឋបាល​អាមេរិក​ថ្មី មានបំណង​បន្ធូរបន្ថយ​សម្ពាធ​យ៉ាងណាក្តី ក៏​នៅមាន​ផលប៉ះពាល់​មួយចំនួន​ដែល​មិនអាច​ស្តារ​បានឡើយ​»​។​
 
​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​អាមេរិក​បានដាក់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប SMIC និង​ក្រុមហ៊ុន​ប្រេង​CNOOC ចូលទៅក្នុង​បញ្ជីខ្មៅ ដោយ​អះអាងថា ជា​ក្រុមហ៊ុន​យោធា និង​ហាម​មិន​ឲ្យ​អ្នកវិនិយោគ​អាមេរិក​ទិញ​ភាគហ៊ុន ចាប់ពី​ឆ្នាំ​២០២១​ទៅ​។​
 
​ជុំវិញ​ទំនាក់ទំនង​ខាងលើ លោក Cui Tiankai ឯកអគ្គរដ្ឋទូត​ចិន​នៅ​អាមេរិក​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​កាត់បន្ថយ​បញ្ហា​ប្រឈម​រវាង​ប្រទេស​ចិន និង​អាមេរិក ខណៈ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ត្រៀម​ចូលកាន់​តំណែង​ក្នុង​ខែមករា ឆ្នាំ​២០២១​។ នៅក្នុង​សំណេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​Twitter អ្នកការទូត​រូបនេះ​លើកឡើងថា ប្រទេស​ទាំងពីរ​តែងតែ​មាន​ភាពខុសគ្នា ប៉ុន្តែ​ភាពខុសគ្នា​នេះ​មិនគួរណា​ជាដើម​ចម​នៃ​ការ​ប្រឈម និង​សង្គ្រាមត្រជាក់ ឬ​ក្តៅ​អ្វី​ឡើយ​។​
 
​ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ បន្តថា​ដោយមាន​ការគោរព និង​យល់​គ្នា​ពេញលេញ ប្រទេស​ទាំងពីរ​អាច​កា​រពារ​មិន​បណ្តាល​ឲ្យ​ភាពខុសគ្នា​នេះ​បំផ្លិចបំផ្លាញ​ដល់​ទំនាក់ទំនង​ទាំងស្រុង​ឡើយ​។​
 
​បើទោះបីជា​លោក បៃ​ឌិន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្តី អ្នកវិភាគ​មួយចំនួន​ប្រមើល​ឃើញថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​មិនអាច​ត្រឡប់មក​ដូចដើម ឬ​ប្រសើរ​ជាមុន​ខ្លាំង​ដែរ​។ ប៉ុន្តែ​គេ​រំពឹងថា​លោក បៃ​ឌិន ប្រហែលជា​អាច​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេង​ក្នុងការ​ទប់​ជាមួយនឹង​ចិន ដែល​ខុសពី​លោក ត្រាំ ដែល​ទប់ទល់​នឹង​ចិន​ជា​លក្ខណៈ​ឯកតោ​និយម ដោយ​គ្មាន​ការពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ឡើយ​។​
 
​ជាក់ស្តែង ថ្នាក់ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ប្រាប់​កាសែត New York Times ក្នុង​សប្តាហ៍​នេះ​ថា មកទល់ពេលនេះ​បក្ស​ប្រជាធិបតេយ្យ​មិនទាន់មាន​គម្រោង​ក្នុងការ​លុបចោល​ពន្ធ​ដែល​ដាក់​លើ​ទំនិញ​ចិន ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ត្រាំ ឡើយ​។​
 
​បន្ថែម​ពីនេះ ទាំង​បក្ស​ប្រជា​ធិ​ប​ត្យេ និង​បក្ស​សាធារណរដ្ឋ​សុទ្ធសឹងតែ​គាំទ្រ​ច្បាប់​ដែល​សំដៅដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន ដែល​ទទួលបន្ទុក​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ការបង្ក្រាប​សកម្មជន​ប្រជាធិបតេយ្យ​និយម​នៅ​ហុងកុង​។ ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន និង​សង្គ្រាម​ពាណិជ្ជកម្ម សុទ្ធសឹងតែ​ជាដើម​ចម​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com