ប៉ៃលិន៖ ជាង៨ឆ្នាំមកហើយដែលប្រជាកសិករ និងសហគមន៍ ដាំមៀនប៉ៃលិន (ឬ តាងែន) នាំដំណាំខ្លួនទៅទីផ្សារប្រទេសចិន តាមរយៈថៃដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យ Made in Thailand។ ជារៀងរាល់ឆ្នាំ មៀនប៉ៃលិន ត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅប្រទេសថៃតាមច្រករបៀងក្នុងខេត្តបាត់ដំបង បានត្រឹមតែ៨ពាន់តោនប៉ុណ្ណោះនាំទៅចិន ខណៈលទ្ធភាពក្នុងការផលិតបានរហូត២,៥ម៉ឺនតោន។
បើតាមប្រជាសហគមន៍ មៀនប៉ៃលិន ដែលកម្ពុជាត្រូវពឹងផ្អែកលើប្រទេសថៃក្នុងការនាំទៅចិនកន្លងមកនេះ គឺតែងតែជួបបញ្ហាបិទច្រកព្រំដែន(កម្ពុជា-ថៃ)រាល់ឆ្នាំនៅពេលរដូវជន់មៀនប៉ៃលិន និងនៅពេលដែលភាគីថៃមិនពេញចិត្តនឹងកម្ពុជា។
រាល់រដូវដែលប្រជាកសិករឬប្រជាសហគមន៍ប្រមូលផលមៀនប៉ៃលិន គឺត្រូវបង្ខំចិត្តពឹងផ្អែកលើឈ្មោះប្រទេសថៃដើម្បីនាំទៅចិន តាមរយៈក្រុមហ៊ុនចិនមកវិនិយោគនៅប្រទេសថៃហើយបញ្ជាទិញមៀនប៉ៃលិនរបស់កម្ពុជា។ បច្ចុប្បន្ននេះ កុំថាឡើយកម្ពុជាមិនមានច្បាប់នាំចេញមៀនប៉ៃលិនទៅចិន សូម្បីតែនាំដំណាំ នេះឬដំណាំផ្សេងៗទៅប្រទេសថៃក៏មិនទាន់មានឯកសារគ្រប់គ្រាន់ ក្នុងការនាំចេញឱ្យបានពេញបរិបូរណ៍តាមក្រមខណ្ឌប្រទេសជាប់ព្រំដែនផងដែរ។
«ថៃនាំចូលមកយើងបាន ហេតុអ្វីយើងនាំចេញទៅគេវិញមិនបាន»។ នេះជាការលើកឡើងទាំងមិនពេញចិត្តរបស់ កញ្ញា ឡុង រ៉ន ម្ចាស់ចម្ការមៀនប៉ៃលិន៦ហិកតា នៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបន្តថា៖«សព្វថ្ងៃនេះ យើងនាំមៀនប៉ៃលិនទៅថៃហ្នឹងគឺតាមច្រករបៀងទេ មិនមែនបាននាំចេញតាមច្រកទ្វារអន្តរជាតិនានារវាងប្រទេសមានព្រំដែនជាប់គ្នាឡើយ»។
ចម្ការមៀនប៉ៃលិន៥០០ដើមរបស់កញ្ញា ឡុង រ៉ន បានចូលជាសមាជិតសហគមន៍មៀនប៉ៃលិននៅក្នុងឆ្នាំ២០១៤ ដើម្បីផ្គត់ផ្គង់មៀនប៉ៃលិនឱ្យក្រុមហ៊ុនចិនដែលមានទីតាំងនៅក្នុងប្រទេសថៃ សម្រាប់នាំចេញទៅប្រទេសចិន លើតម្លៃ៤,០០០រៀលក្នុងមួយគីឡូក្រាម។ ក្នុងរយៈពេល៦ឆ្នាំមកនេះ ថ្វីដ្បិត កញ្ញា ឡុង រ៉ន មានទីផ្សារមៀនប៉ៃលិនល្អជាមួយក្រុមហ៊ុនចិនដែលមានទីតាំងនៅក្នុងប្រទេសថៃក៏ពិតមែន ប៉ុន្តែ ជារៀងរាល់ឆ្នាំទំរាំតែបាននាំមៀនទាំងនោះទៅដល់ដៃក្រុមហ៊ុនចិននោះ គឺមិនងាយទទួលបានការយល់ព្រមឬអនុញ្ញាតឱ្យចូលពីភាគីថៃនៅតាមច្រកព្រំដែនឡើយ ដោយភាគីថៃតែងតែបង្កើតបញ្ហានានា រាំងស្ទះដល់ការនាំចេញធ្វើឱ្យមៀនទុំនៅក្នុងចម្ការខូចខាតអស់ច្រើន ផងដែរ។
កញ្ញា ឡុង រ៉ន ម្ចាស់ចម្ការមៀនប៉ៃលិន ក្នុងខេត្តភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០។
ចំណុចឬបញ្ហាដែលភាគីថៃទ្វារព្រំដែនមិនឱ្យមៀនប៉ៃលិនចូល ម្ចាស់ចម្ការមៀនប៉ៃលិនវ័យ៣១ឆ្នាំរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ដូច្នេះ៖« តាមអារម្មណ៍នៅដែលភាគីថៃមានអារម្មណ៍ល្អ មៀនយើងបានចូលធម្មតា។ ពេលខ្លះក៏គេបិទយើងមិនឱ្យនាំចូល២ទៅ៣ថ្ងៃ ឬ១សប្តាហ៍។ គេចង់បិទគឺបិទ! គេចង់បើក គឺបើក! ពិសេសបើនៅចំពេលដែលផ្លែឈើ[ថៃ] មិនសូវមានច្រើននាំចេញមកខ្មែរទេ នោះយើងគឺពិបាកមែនទែនក្នុងការនាំមៀនប៉ៃលិនចូលទៅថៃហើយ។ ទំរាំតែយើងចចារត្រូវ! គេព្រមឱ្យចូលនោះ មៀនរបស់យើងខូចហើយមួយផ្នែកបាត់ទៅហើយ»។
បើតាមកញ្ញា ឡុង រ៉ន បញ្ហាធំរាល់ឆ្នាំដែលភាគីថៃបិទព្រំដែនមិនឱ្យមៀនប៉ៃលិនដល់ក្រុមហ៊ុនចិន គឺការទាមទាររកឯកសារនានា ដែលបញ្ជាក់ពីការអនុវត្តកសិកម្មល្អក្នុងការធានានូវសុវត្ថិភាពដល់សុខភាពអ្នកទទួលទាន និងធានានូវការមិនចម្លងកត្តាចង្រៃ ដល់ដំណាំក្នុងប្រទេសថៃ ខណៈកម្ពុជាមិនទាន់មានច្បាប់ និងឯកសារទាំងនោះគ្រប់គ្រាន់។ នេះ ជាភាពទន់ខ្សោយរបស់កម្ពុជា ដែលភាគីថៃតែងតែយកមកធ្វើជាបញ្ហាជានិច្ច ទោះមៀនប៉ៃលិនមានគុណភាព និងសុវត្ថិភាពខ្ពស់ក៏ដោយ។
ជាមួយគ្នានេះ លោក អ៊ុន ថេង បានលើកឡើងថា៖«បើមៀនយើងមិនល្អ គ្មានសុវត្ថិភាពនោះទេ មិនមែន ភាគីថៃអនុញ្ញាតឱ្យក្រុមហ៊ុនចិនប្រើឈ្មោះMade in Thailand នាំទៅចិនអស់រាប់ឆ្នាំឡើយ។ ថៃជាប្រទេសមួយដែលគិតគូទៅលើកេរ្ត៍ឈ្មោះខ្លាំងណាស់»។
លោក អ៊ុន ថេង ម្ចាស់ចម្ការមៀនប៉ៃលិន១៥ហិកតា ភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០។
លោកបានសង្កត់ធ្ងន់ដូច្នេះ៖«យើងមានទីផ្សារនៅចិនហើយ។ មៀនប៉ៃលិនរបស់យើងក៏បានទៅដល់ប្រទេសចិនជាង៨ឆ្នាំមកហើយដែរ។ ប៉ុន្តែការនាំចេញទៅចិនកន្លងមកនេះ គឺយើងពឹងផ្អែកនិងខ្ចីឈ្មោះប្រទេសថៃដោយប្រើពាក្យMade in Thailand»។
បើតាមលោក អ៊ុន ថេង ម្ចាស់ចម្ការមៀនប៉ៃលិន១៥ហិកតារូបនេះ ការនាំមៀនទៅសម្លាប់មេរោគ និងវេចខ្ចប់នៅប្រទេសថៃ ដើម្បីនាំទៅចិនកន្លងមក ក្រៅពីជួបបញ្ហាដែលថៃបិទនាំចូលពី២ទៅ៥ថ្ងៃហើយនោះ ភាគីថៃក៏បានកំណត់ពេលវេលាឱ្យមៀនខ្មែរចូលនៅតែយប់ប៉ុណ្ណោះ។ ជាទូទៅ មៀនប៉ៃលិនអាចដឹកនាំចូលក្នុងទឹកដីថៃបានចាប់ពីម៉ោង១១យប់ ទោះបីប្រជាសហគមន៍មានលទ្ធភាពពេញលេញក្នុងការនាំមៀនចូលដីថៃមុនពេលយប់ក៏ដោយ។
ទាំងនេះជាបញ្ហាដែលលោក អ៊ុន ថេង ក៏ដូចប្រជាសហគមន៍មៀនប៉ៃលិនដទៃ ឆ្លងកាត់ការលំបាកក្នុងការដោះស្រាយជាមួយភាគីថៃ ដែលមិនចង់ឱ្យមៀនប៉ៃលិនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នាំចេញទៅទីផ្សារប្រទេសចិន។ លើសពីនេះ ការនាំចេញទៅចិនតាមប្រទេសថៃ លោក អ៊ុង ថេង ក៏ចំណាយច្រើនក្នុងការជួលកម្មករលើកដាក់មៀនពីឡានខែ្មរទៅថៃ ២-៣តង់ដែលធ្វើមៀនខូចខាតអស់ច្រើន។
«យើងខិតខំផលិតមៀនមានគុណភាព សុវត្ថិភាព និងមានស្តង់ដារខ្ពស់នាំទៅចិនបានរហូតដល់សព្វថ្ងៃនេះ គឺមានឈ្មោះថាជាមៀនរបស់ប្រទេសថៃ មិនមែនជាផ្លែមៀនកម្ពុជាឡើយ»។ នេះជាអ្វីដែលលោក អ៊ុន ថេង មិនពេញចិត្តនឹងភាគីថៃជាខ្លាំង ដែលទទួលបានផលប្រយោជន៍យ៉ាងធំពីកម្ពុជាតាមរយៈការនាំមៀនប៉ៃលិនទៅចិន ដោយប្រើឈ្មោះ Made in Thailand ប៉ុន្តែភាគីថៃមិនដែលឱ្យមៀនប៉ៃលិន ចូលបានដោយរលូនក្នុងឆ្នាំមួយណាឡើយ។
បើតាមលោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិន មៀនខ្មែរដែលដឹកចេញពីព្រំដែន ចូលប្រទេសនៅម៉ោង១១យប់ ទំរាំតែទៅដល់កន្លែងសម្លាប់មេរោគ កែច្នៃ និងវេចខ្ចប់គឺនៅម៉ោង៣យប់ ដោយបានឆ្លងកាត់ការសាងឡានដោយលើកផ្លែមៀនពីរថយន្តមួយទៅយន្តមួយជាច្រើនដំណាក់កាល។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មៀនប៉ៃលិនអាច ដឹកទៅថៃដើម្បីនាំទៅចិន បានត្រឹម៥០ទៅ៦០តោនប៉ុណ្ណោះ។
លោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិន។
បច្ចុប្បន្នសហគមន៍មៀនប៉ៃលិន មានរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លាមួយកន្លែង ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន ប៉ុន្តែរោងចក្រនេះមិនទាន់បើកដំណើរការឡើយ ព្រោះកម្ពុជាមិនទាន់មិនកិច្ចព្រមព្រៀងក្នុងការនាំមៀនប៉ៃលិនទៅចិន។ រោងចក្រនេះមានចំនួន៤ឡដ្ឋសម្រាប់សម្ងួត និងមេរោគមេរោគលើផ្លែមៀនប៉ៃលិន ដោយឡដ្ឋនីមួយមានលទ្ធភាពសម្ងួតមៀនបានប្រមាណ៩តោន ដោយប្រើប្រាស់ពេល៧៤នាទី។
ថ្វីដ្បិតសហគមន៍មានលទ្ធភាពក្នុងការកែច្នៃ សម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិនឱ្យស្អាតសម្រាប់នាំទៅក្រុមហ៊ុនចិននៅក្នុងប្រទេសថៃក៏ពិតមែន ភាគីថៃមិនព្រមទទួលយកផលិតផលមៀនប៉ៃលិនណាដែលត្រូវបានសម្អាតនិងវេចខ្ចប់រួចមុនចូលទឹកដីខ្លួនឡើយ។
«ថៃមិនឱ្យយើងនាំមៀនប៉ៃលិនដែលបានសម្លាប់មេរោគ និងវេចខ្ចប់ស្អាតរួចហើយ ដែលជាផលិតផលសម្រេចនោះ ដាក់ចូលកុងតឺន័រនាំទៅចិនតែម្តងទេ មិនឱ្យចូលទេ»។ លោក សួន ជុំ បានលើកឡើងយ៉ាងដូច្នេះ ដោយបន្តប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០ ថា ៖«បើថៃឱ្យមៀនយើងចូល លុះត្រាតែមៀនហ្នឹងកាច់ចេញពីដើម ហើយយកទៅសម្លាប់មេរោគនិងវេចខ្ចប់នៅថៃ។ បើយើងសម្លាប់មេរោគ និងវេចខ្ចប់នៅខ្មែរ ដាច់ខាតខាងថៃមិនឱ្យចូលឡើយ»។
អនុប្រធានសហគមន៍និងជាកសិករដាំមៀនប៉ៃលិនរូបនេះ រៀបរាប់បន្តថា៖ «យើងលួចដឹកតាមច្រករបៀងនៃខេត្តបាត់ដំបងនៅម៉ោង១១យប់ ហើយទំរាំតែដឹកទៅដល់រោងចក្រសម្ងួត សម្លាប់មេរោគ កែច្នៃ និងវេចខ្ចប់ នៅម៉ោង៣រាប់យប់។ បើចង់ដឹកចូលពេលថ្ងៃ ខាងថៃគឺមិនឱ្យយើងចូលឡើយ។ សម្រាប់មៀនរបស់ថៃវិញ គ្រាន់តែកម្មករបេះបានដាក់ឡានពេញភ្លាម គឺដឹងតែបញ្ជូនទៅដល់រោងចក្រកែកែច្នៃភ្លាមៗតែម្តង ដោយគ្មានបាននៅរង់ចាំរាប់ម៉ោងដូចមៀនខ្មែរទេ។
ការកំណត់ពេលវេលាដែលភាគីថៃអនុញ្ញាតឱ្យនាំមៀនប៉ៃលិនចូលរាល់យប់នោះជាបញ្ហាមួយ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់របស់សហគមន៍ និងអ្នកដាំមៀនប៉ៃលិនតែម្តងនោះ ឱ្យតែដល់រដូវមៀនជន់ ខាងភាគីថៃគឺតែងតែបិទច្រកព្រំដែនមិនឱ្យមៀនប៉ៃលិន ឬដំណាំនានារបស់ខ្មែរចូលក្នុងដីថៃ នារយៈពេលយូរណាមួយ។
សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិន។
លោក សួន ជុំ បានរៀបរាប់ដូច្នេះ៖«រាល់ឆ្នាំដែលខ្ញុំតែងតែចំណាំចាប់ពីថ្ងៃទី២០ខែវិច្ឆិកា រហូតដល់ថ្ងៃទី២០ខែមករាដែលជន់ទាំងមៀនប៉ៃលិន និងជន់ទាំងមៀនថៃ ក្នុងចន្លោះពេលហ្នឹង ខាងភាគីថៃដឹងតែច្រកព្រំដែន១អាទិត្យដល់១០ថ្ងៃ ធ្វើឱ្យមៀនយើងនាំចូលដីថៃមិនបានទេសូម្បីមួយគ្រាប់»។ លោកបានបន្តថា៖« ពេលយើងទៅតវ៉ារឿងថៃបិទព្រំដែន ភាគីថៃគេឆ្លើយថាយើងគ្មានលិខិតបញ្ជាក់ពីការអនុវត្តកសិកម្មល្អ។ អាត្រង់ចំណុចហ្នឹងដែលខ្ញុំឈឺចាប់ខ្លាំងបំផុត! អត់អនុវត្តកសិកម្មល្អ តែមៀនខ្មែរ ដែលនាំចិនរាប់ពាន់អស់ជាង៨ឆ្នាំមកនេះ គឺប្រើឈ្មោះប្រទេសថៃទាំងអស់។ សួរថា បើមៀនខ្មែរមិនល្អ ថៃហ៊ានយកប្រទេសរបស់ខ្លួនមកប្រើលើដំណាំខ្មែរដែរអត់»។
ពាក់ព័ន្ធទៅនឹងសម្ការមៀនប៉ៃលិនដែលការអនុវត្តល្អដែលធានានូវសុវត្ថិភាព គុណភាព ស្តង់ដារ និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ណាមួយ មានប្រជាកសិករដាំមៀនប៉ៃលិនបានជាង៣០នាក់ហើយ ដែលទទួលវិញ្ញាបនបត្របញ្ជាក់ពីចម្ការរបស់កសិករអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្ម។ នេះបើតាមការលើកឡើងរបស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិន ដោយបន្តថាខេត្តប៉ៃលិនមានសហគមន៍ផលិតមៀនប៉ៃលិនចំនួន៤០ ដោយក្នុងនោះសហគមន៍មៀនប៉ៃលិន មានសមាជិតជាង២០០គ្រួសារ។
បើតាមប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន៤,៣៨៩ហិកតា។ ចំនួននេះ ជាផ្ទៃដីដែលផ្តល់ផលឱ្យកសិករ ឬប្រជាសហគមន៍ ខណៈផ្ទៃដីដាំដុះកំពុងមៀនប៉ៃលិនរាប់ហិកតាទៀតមិនបានរាប់បញ្ជូនឡើយ។
ទាំងប្រជាកសិករ ទាំងសហគមន៍ ទាំងមន្ទីរកសិកម្មខេត្តប៉ៃលិន ទាំងអ្នកវិនិយោគ និងភាគីពាក់ព័ន្ធដទៃទៀត សង្ឃឹមថាកម្ពុជានឹងកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនចូលទៅទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ២០២១ ដើម្បីធ្វើឱ្យទីផ្សារមៀនប៉ៃលិនរបស់កសិកម្មបានទូលាយ និងទទួលបានចំណេញច្រើន។ ជាពិសេសគឺមានឈ្មោះប៉ៃលិនរបស់កម្ពុជា(Made in Cambodia)នៅលើទីផ្សារអន្តរជាតិ។
កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០។ អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានអះអាងថាកម្ពុជាបានផ្ញើរបាយការណ៍វាយតម្លៃពីហានិភ័យ និងសមាសភាពចង្រៃនៅលើផ្លែមៀនប៉ៃលិនទៅប្រទេសចិនរួចអស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ៕