ជាតិ
សង្គមជាតិ
១០​ខែ​នេះ មនុស្ស​ជាង​១៣០០​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​
04, Dec 2020 , 6:19 pm        
រូបភាព
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ដោយ:
​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា​ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២,៦៧៥​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១,៣៦៨​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៤០០៧​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។
 
​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​) បាន​បញ្ជាក់ថា អត្រា​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១០​ខែ​ឆ្នាំនេះ បើ​ធៀប​នឹង​១០​ខែ​ឆ្នាំមុន គឺមាន​ការថយចុះ​។ គ​.​ស​.​ច​.​គ បាន​បញ្ជាក់ថា ១០​ខែ​ឆ្នាំមុន គឺមាន​អ្នកស្លាប់​ចំនួន​១៦៥៦​នាក់ និង​អ្នករងរបួស​ចំនួន​៥,២១៤​នាក់​។ 
 
​អត្រា​ថយចុះ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គ​.​ស​.​ច​.​គ​.​យល់ឃើញថា មកពី​ពលរដ្ឋ​ខ្មែរ​បើកបរ​ដោយមាន​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។  
 
​ថ្វីបើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ជាង​មុន ក៏ប៉ុន្តែ​គ​.​ស​.​ច​.​គ បញ្ជាក់ថា គ្រោះថ្នាក់​ចរណ៍​នេះ​ក៏​នៅតែមាន​ហានិភ័យ​ខ្ពស់ បើ​ធៀប​នឹង​គ្រោះថ្នាក់​ផ្សេងៗ​។ ដើម្បី​កាត់បន្ថយ​អត្រា​អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គ​.​ស​.​ច​.​គ នឹង​ណែនាំ​ឲ្យ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ខេត្ត បង្កើន​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ស្រាវជ្រាវ និង​តាម​ចាប់​រក​ជនបង្ក​ហេតុ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ 
 
​គ​.​ស​.​ច​.​គ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​បន្ត​រឹតបន្តឹង​លើ​អ្នក​ដែល​ល្មើស​ក្នុង​ការចត​យានយន្ត  ការមិន​គោរព​ភ្លើង​សញ្ញា ផ្លាកសញ្ញា គំនូស​សញ្ញា និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍ និង​ត្រូវ​ពង្រឹង​ការដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ​។ 
 
​ជាមួយគ្នានេះ គ​.​ស​.​ច​.​គ ក៏​ណែនាំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​នូវ​ប្រព័ន្ធ​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍ អំពី​មធ្យោបាយ និង​ទំនាក់ទំនង​ព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា​៕ 
 
relate

Tag:
 85362
© រក្សាសិទ្ធិដោយ thmeythmey.com