ជាតិ
មន្ទីរកសិកម្មខេត្តក្រចេះផ្ដល់កូនត្រីអណ្ដែងជាង៤ម៉ឺនក្បាល ដល់អ្នកចិញ្ចឹមត្រី ៦០គ្រួសារ 04, Dec 2020 , 11:58 pm
វារីវប្បករដែលទទួលបានពូជត្រី ពីមន្ទីរកសិកម្ម (រូបភាព៖ វេង សាខុន)
× មន្ទីរកសិកម្មខេត្តក្រចេះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានយកកូនត្រីអណ្តែងចំនួន ៤២,០០០ក្បាល និងចំណីត្រីចំនួន ១៨០គីឡូក្រាម ទៅចែកជូនសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិក ចំនួន ២បណ្តុំ ដែលមានសមាជិកចំនួន ៦០គ្រួសារ ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមគណនីហ្វេសប៊ុករបស់លោក វេង សាខុន។
ការផ្ដល់ពូជត្រី ដល់គ្រួសារវារីវប្បករ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាព ចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែជាលក្ខណ:គ្រួសារ ដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀង ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។
គួររំឭកថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក រាជរដ្ឋាភិបាលក៏បានចែកពូជស្រូវចំនួន ២៣៧តោន ដល់កសិករចំនួន ២,៣៧២ គ្រួសារនៅក្នុងខេត្តក្រចេះផងដែរ។ បើតាមលោក វេង សាការងារស្ដារដំណាំស្រូវដែលបានខូចខាតដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ បានបញ្ចប់ជាស្ថាពរហើយដែរ គឺនៅលើផ្ទៃដីដំណាំស្រូវសរុប ១,៨៧១ហិកតា៕
Tag:
កសិកម្ម
វារីវប្បកម្ម
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com