ជាតិ
សង្គមជាតិ
អាជ្ញាធរ រកឃើញពលរដ្ឋ៧ទៀត ស្លាប់តាំងពីមុនថ្ងៃ២៨វិច្ឆិកា ដែលសង្ស័យពុលស្រាសដែរ
04, Dec 2020 , 5:44 pm        
រូបភាព
អាជ្ញាធរ ចុះសួរសុខទុក្ខពលរដ្ឋពុលស្រាស ដែលសម្រាកនៅមន្ទីរពេទ្យ (រូបពីស្នងការដ្ឋាននគរលខេត្តកំពង់ឆ្នាំង)
អាជ្ញាធរ ចុះសួរសុខទុក្ខពលរដ្ឋពុលស្រាស ដែលសម្រាកនៅមន្ទីរពេទ្យ (រូបពីស្នងការដ្ឋាននគរលខេត្តកំពង់ឆ្នាំង)
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អះអាងថា អាជ្ញាធរ ទើបនឹងទទួលបានរបាយការណ៍អំពីករណីពលរដ្ឋស្លាប់៧នាក់ទៀត ដែលអាចពាក់ព័ន្ធនឹងការពិសាស្រាសដែរ។ លោក បញ្ជាក់ថា ពលរដ្ឋទាំង៧នាក់នោះ ស្លាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ពោលគឺនៅមុនការផ្ទុះហេតុការណ៍ពុលស្រាស។


លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លើកឡើងថា គិតពីពេលផ្ទុះហេតុការណ៍ពុលស្រាលស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី៤ ខែធ្នូនេះ តួលេខអ្នកពុលស្រាស នៅតែមានចំនួន១៣១នាក់ដដែល ដោយក្នុងនោះ មានអ្នកស្លាប់៨នាក់។ លោក បន្ត អ្នកពុលស្រាសទាំងនោះ បានចេញពីមន្ទីរពេទ្យអស់ហើយ ដោយនៅសល់តែម្នាក់ប៉ុណ្ណោះ។

លោក បន្ថែមថា ចំពោះពលរដ្ឋ៧នាក់ទៀត គឺស្លាប់តាំងពីមុនថ្ងៃទី២៨ ខែវិច្ឆិកាមកម្ល៉េះ តែអាជ្ញាធរ ទើបទទួលព័ត៌មានបាន និងទើបសន្និដ្ឋានថា ពួកគាត់ទាំង៧នាក់នោះ អាចពាក់ព័ន្ធនឹងការហូបស្រាសដែរ។ លោក មានប្រសាសន៍ថា៖«យើង មានរបាយការណ៍២ គឺ១ របាយការណ៍ពីមន្ទីរពេទ្យ មានអ្នកស្លាប់៨នាក់ និង ១ទៀត គឺយើង បានពីមន្រ្តីចុះមូលដ្ឋាន យើង ចុះស៊ើបអង្កេត»។

បើពលរដ្ឋ៧នាក់នោះ ពិតជាស្លាប់ដោយសារពុលស្រាសមែននោះ ចំនួនពលរដ្ឋ ដែលស្លាប់ដោយសារពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ នឹងកើតឡើងដល់១៥នាក់៕

អត្ថបទទាក់ទង

Tag:
 ពុលស្រាស
© រក្សាសិទ្ធិដោយ thmeythmey.com