COVID-19
ជាតិ
រកឃើញអ្នកឆ្លងកូវីដ១០នាក់ទៀត, ៦នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ៤នាក់មកពីក្រៅប្រទេស
05, Dec 2020 , 7:15 am        
រូបភាព
រូបពី CDC
រូបពី CDC
ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះថា មនុស្ស១០ទៀត បានផ្ទុកជំងឺកូវីដ-១៩ ដោយក្នុងនោះ ៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង៤នាក់ ជាអ្នកមកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងក៏ប្រកាសដែរថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត បានជាសះស្បើយវិញ។


អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំង​៦ករណីវិជ្ជមានថ្មី សុទ្ធតែជាបុគ្គលិកហាង Pedro ដែលប៉ះពាល់ជាមួយអ្នកជំងឺអាយុ​២១​ឆ្នាំ (តេស្តឃើញវិជ្ជមាននៅ​ថ្ងៃទី២ ខែធ្នូ)។ អ្នកទាំងនោះ មានស្ត្រីអាយុ២២ឆ្នាំ (ស្នាក់នៅផ្ទះជួលក្នុងខណ្ឌច្បារអំពៅ), ស្ត្រីអាយុ​២៨ឆ្នាំ (នៅផ្លូវ៦៣៨ សង្កាត់ច្បារអំពៅ១), បុរសអាយុ២០ឆ្នាំ (នៅសង្កាត់ត្រឡោកបែក៣ ខណ្ឌទួលគោក), ស្ត្រីអាយុ​២៤ឆ្នាំ (នៅសង្កាត់ទន្លេបាសាក់), បុរសអាយុ២៣ឆ្នាំ (រស់នៅក្បែរស្តុប Nokia ខណ្ឌសែនសុខ) និង​ស្ត្រីអាយុ​២៣ឆ្នាំ (នៅភូមិតាងួន សង្កាត់កំបូល)។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាល ប្រាប់ថា អ្នកឆ្លងកូវីដ-១៩ទាំង៤នាក់នោះ គឺបុរសជនជាតិខ្មែរម្នាក់ បុរសជនជាតិអាមេរិក២នាក់ ចេញពីចិន តាមជើងហោះហើរជាមួយគ្នា មកដល់កម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ និងម្នាក់ទៀត គឺជាបុរសជនជាតិអាមេរិក ដែលធ្វើដំណើរចេញពីចិនដែរ ដោយទៅបន្តជើងហោះហើរនៅតៃវ៉ាន់ ហើយមកដល់កម្ពុជានៅថ្ងៃទី៤ ខែធ្នូ។

ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានទៀតថា ចំពោះមនុស្ស៤៦នាក់ទៀត ដែលជិះយន្តហោះជាមួយបុរសខ្មែរនិងបុរសជនជាតិអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា  មិនឆ្លងកូវីដ-១៩នោះទេ តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយដោយឡែក អ្នកដំណើរ៤៧នាក់ ដែលជិះយន្តហោះជាមួយបុរសជនជាតិអាមេរិក មកដល់ កម្ពុជានៅថ្ងៃទី៤ ខែធ្នូ ក៏មិនឆ្លងជំងឺកូវីដ-១៩ដែរ តែត្រូវចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។

គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញមនុស្ស២៩នាក់ហើយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងជំងឺកូវីដ-១៩។ បើគិតចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា ត្រឹមថ្ងៃទី៥ ខែធ្នូនេះ គឺកើនឡើងដល់៣៤៥នាក់ហើយ តែបានជាសះស្បើយវិញ៣០៥នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com