ជាតិ
ប្រាសាទ «​ត្រពាំង​ប្រើស​» លាក់ខ្លួន​យ៉ាងជ្រៅ ក្នុង​តំបន់​ព្រៃ​ឡង់​
05, Dec 2020 , 11:13 am        
រូបភាព
​ដោយ​៖ ហុង ស្រី​ណា​
 
«​ប្រាសាទត្រពាំង​ប្រើស​» ជា​ប្រាសាទ​តែមួយគត់ ដែល​សំងំ​លាក់ខ្លួន​យ៉ាងជ្រៅ នៅក្នុង​តំបន់​ព្រៃ​ឡង់​។ មាន​ទីតាំងនៅ​តំបន់ភ្នំ​ជី និង​តំបន់​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ប្រាសាទ​នេះ មាន​ប៉ម​ចំនួន​៣  និង​មាន​ត្រពាំង​ធំ​មួយ នៅ​ទិសខាងកើត ដែល​អ្នកស្រុក​ហៅថា ត្រពាំង​ប្រើស​។ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បាន​ប្រាប់ Thmeythmey25 ថា ដោយសារ​ប្រាសាទ​នេះ ស្ថិតនៅ​ព្រៃ​ជ្រៅ​នៃ​តំបន់​ព្រៃ​ឡង់ ហើយ​ស្ថានភាព​ផ្លូវ ក៏​មា​លំបាក​ខ្លាំង ដូច្នេះ​មិនសូវមាន​ភ្ញៀវទេសចរ​បាន​ទៅដល់​ឡើយ​។


«​ប្រាសាទត្រពាំង​ប្រើស​»  មាន​ទីតាំងនៅ​តំបន់ភ្នំ​ជី និង​តំបន់​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ ប្រាប់ Thmeythmey25 ថា​ប្រាសាទ​នេះ មាន​រចនាបថ​កំពង់​ព្រះ ដែល​សាងសង់ឡើង​នៅ​រវាង​សតវត្សរ៍​ទី​៨ ក្នុង​រជ្ជកាល​ក្ស​ត្រី​អង្គ​ណាមួយ ក្នុងចំណោម​អង្គ​បីរ​នេះ (​ព្រះ​នាង​នី​ពេ​ន្ទ្រ​ទេវី​, ព្រះ​នាង​ជ​យេ​ន្ទ្រ​
-​ភា​, ព្រះ​នាង​ជេ​ស្ថា​រ្យ​) ដែលជា​មហាក្សត្រ​គ្រប់គ្រង នៅ​ក្រុង​ស​ម្ភុ​បុ​រ​។ លោក​ពន្យល់ថា ស្ថាបត្យកម្ម សិល្បៈ មាន​លក្ខណៈ​ដូចគ្នា​ខ្លាំង ជាមួយ​ប្រាសាទ​បណ្តា​ប្រាសាទ នៅ​ក្រុង​ស​ម្ភុ​បុ​រ ដែល​ស្ថិតនៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដូចជា​ប្រាសាទ​ធាតុ​ក្វាន់​ពីរ​ជាដើម​។​


 
​ប្រាសាទ ត្រពាំង​ប្រើស  មាន​ប៉ម​ចំនួន​បី រត់ជួរ​ពី​ទិសពាយ័ព្យ ទៅ​អាគ្នេយ៍ សាង​អំពី​ឥដ្ឋ បែរមុខ​ទៅ​ទិសឦសាន និង​មាន​ត្រពាំង​ធំ​មួយ​នៅ​ទិសខាងកើត ដែល​ហៅថា ត្រពាំង​ប្រើស ពោលគឺ​ឈ្មោះ​ប្រាសាទ និង​ឈ្មោះ​ត្រពាំង​ដូចគ្នា​។ នេះ​បើ​យោងតាម មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ​។​
 
​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ឲ្យ​ដឹងថា​៖«​ប្រាសាទបុរាណ​នេះ បង្កប់ខ្លួន​យ៉ាងជ្រៅ​នៅក្នុង​ព្រៃ​ឡង់ ដោយមាន​ចម្ងាយ ១៦០ គីឡូរ​ម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ និង​ត្រូវ​បន្តដំណើរ​ដោយ​ម៉ូតូ រឺ​គោយន្ត​ខ្ពស់ៗ ក្នុងព្រៃ​ឡង់​រយៈពេល​យូរ ជាមួយ​ផ្លូវ​ដ៏​សែន​លំបាក ដើម្បី​ទៅដល់​ទីតាំង​ប្រាសាទ​។ មាន​ភ្ញៀវទេសចរ​តិច​ណាស់ ដែល​ទៅបាន​ដល់​»​។​
 
​ប្រធាន​មន្ទីរ​រូបនេះ  ក្នុង​មួយឆ្នាំ មាន​ភ្ញៀវទេសចរ​ពី​១០​នាក់ ទៅ ២០​នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅដល់ ប្រាសាទត្រពាំង​ប្រើស ព្រោះ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​ប្រាសាទ​នេះ​បានតែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ​។​
 
​ចំណែក លោក ម៉​ង់ វ៉ា​លី ប្រធានស្តីទី ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ ខេត្តកំពង់ធំ ក៏បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដែរ​ថា ប្រាសាទត្រពាំង​ប្រើស​នេះ មាន​ប៉ម​កណ្តាល​កម្ពស់ ៧.២០​ម៉ែត្រ ហើយ​តួ​ប៉ម​អម​សងខាង​មាន​កម្ពស់ ៦.២០​ម៉ែត្រ​។  លោក​បាន​បន្តទៀតថា នគរ​ខ្មែរ កាលសម័យ​ស​ម្ភុ​បុ​រៈ មានការ​រីកចម្រើន​ខ្លាំង​ផ្សេងៗ​គ្នា ដោយ​មួយផ្នែក​គឺ​ស​ម្ភុ​បុ​រៈ​នៅ​ខេត្តក្រចេះ និង​មួយផ្នែក​ទៀត​នៅ​អង្គរ​។ ដូច្នេះ សិល្បៈ​សម័យ​កំពង់ព្រះ​នៅ​ខាង​អង្គរ និង​កំពង់ធំ មាន​លក្ខណៈ​ខុសគ្នា​តិចតួច​ជាមួយ​ខេត្តក្រចេះ ប៉ុន្តែ ដោយសារ​ត្រពាំង​ប្រើស​នៅជាប់​ខេត្តក្រចេះ វា​បានធ្វើ​ឲ្យ​រចនាបថ ប្រាសាទត្រពាំង​ប្រើស មាន​ទំនោរ​ទៅតាម​ប្រាសាទ​ភាគច្រើន​ក្នុង​ខេត្តក្រចេះ​។​


 
​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៧ គ្រប់​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ បាន​ផ្សាយ​ពី​ការរកឃើញ​ប្រាសាទបុរាណ​ថ្មី​មួយ មិនទាន់​ចុះបញ្ជី នៅ​កណ្តាល​ព្រៃ​ឡង់​។ ប៉ុន្តែ​បើតាម លោក ម៉​ង់ វ៉ា​លី នេះ​មិនមែនជា​ព័ត៌មាន​ពិត​ឡើយ ដោយហេតុថា​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង ធ្លាប់​បានមក​សិក្សា​អំពី​ស្ថាបត្យកម្ម សិល្បៈ និង​ចុះបញ្ជី​ប្រាសាទត្រពាំង​ប្រើស​នេះ តាំងពី​ឆ្នាំ​១៩២០ ម្ល៉េះ​។ សព្វថ្ងៃនេះ មាន​អ្នកស្រុក​បាន​សាងសង់​អាស្រម​មួយ និង​សង់​សំណង់​ស្រាល​មួយចំនួន​នៅ​ជុំវិញ​ប្រាសាទ តែ​មិនមាន​ព្រះសង្ឃ​គង់នៅ​ទេ​៕

Tag:
 ប្រាសាទត្រពាំង​ប្រើស​
  ព្រៃ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com