COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ អ្នកគាំទ្រ​អាច​ចូល​មើល​បាល់​វិញ​បាន ដោយ​គ្រាន់តែ​អនុវត្ត​វិធី​ងាយៗ​ប៉ុណ្ណោះ​
05, Dec 2020 , 11:59 am        
រូបភាព
​អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនា​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់ពេល​ដើម្បី​ការពារ​ការឆ្លង​ជំងឺ COVID-19​។ ក្រៅពី​ពាក់​ម៉ាស់ អ្នកគាំទ្រ​ក៏ត្រូវ​បានស្នើ​មិន​ឲ្យ​ច្រៀង ឬ​ស្រែក​ខ្លាំងៗ​ដែរ​។​

​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស បាន​ឯកភាព​លើ​ពិធីសារ​សម្រាប់​អ្នកគាំទ្រ​ដើម្បី​អាច​ចូលទៅ​កាន់​កីឡដ្ឋាន​វិញ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​៣ ខែធ្នូ​។ បច្ចុប្បន្ន​មាន​អ្នកគាំទ្រ​រហូតដល់​ទៅ ២០០០​នាក់​ហើយ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​សម្រាប់​ក្លិប​លំដាប់​កំពូល​ទាំង ១០​។​
 
​ជំនួប​លី​គ​កំពូល​សប្តាហ៍​ទី​១១ រវាង West Ham United និង Manchester United នៅ​ថ្ងៃទី​២៦ ខែធ្នូ​នេះ នឹងត្រូវ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​លើកដំបូង​ចាប់តាំងពី​ខែមីនា​មក​ដោយសារ​ជំងឺ COVID-19​។​
 
​ជំនួប​ផ្សេងៗ​ដូចជា Chelsea ទល់ Leeds United នៅ Stamford Bridge ការប្រកួត Tottenham Hotspur ទល់ Arsenal និង Liverpool ជាមួយ Wolverhampton Wanderers នៅ Anfield ក៏ដូចជា Brighton & Hove Albion ទល់នឹង Southampton សុទ្ធ​តែមាន​វត្តមាន​អ្នកគាំទ្រ​ផងដែរ​។​
 
​រាល់​អ្នកទស្សនា​ដែល​ចូលរួម​ការប្រកួត​នឹងត្រូវ​ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្លិប​របស់​ពួកគេ និង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ចាប់តាំងពី​ដើរចូល​កីឡដ្ឋាន (​លើកលែង​ពេល​ញុំ​ា ឬ​ផឹកទឹក​) រហូត​ដល់ពេល​ចាកចេញ​វិញ​។ ការ​ច្រៀង និង​ស្រែក​ហ៊ោ​ជាដើម ក៏ត្រូវ​បាន​ហាម​អំឡុងពេល​ទស្សនា​ផងដែរ​។​
 
​អ្នកគាំទ្រ​មកពី​គ្រួសារ​តែមួយ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​អង្គុយ​ជាមួយគ្នា ប៉ុន្តែ​អ្នក​ផ្សេងទៀត​នឹងត្រូវ​អនុវត្តតាម​គោលការណ៍​គម្លាត​សុ​វត្តិភាព​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com