អន្តរជាតិ
នយោបាយអន្តរជាតិ
«អាដុលហ្វ៍ ហ៊ីត្លែរ» របស់ណាមីប៊ី អត់ចង់ត្រួតត្រាពិភពលោកឡើយ 05, Dec 2020 , 2:39 pm
អាដុលហ្វ៍ ហ៊ីត្លែរ អ៊ុនណា របស់ប្រទេសអាហ្វ្រិក ណាមីប៊ី និងអាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់
× អ្នកនយោបាយណាមីប៊ីម្នាក់ ដែលមានឈ្មោះ «អាដុលហ្វ៍ ហ៊ីត្លែរ» បានប្រកាសថា លោកគ្មានផែនការត្រួតត្រាពិភពលោកឡើយ។ បុរសម្នាក់ បានល្បីពេញអ៊ីនធឺណិត ក្រោយឈ្នះការបោះឆ្នោតថ្នាក់តំបន់កាលពីថ្មីៗនេះ ជាមួយនឹងឈ្មោះដូចគ្នានឹងអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់។
អាដុលហ្វ៍ ហ៊ីត្លែរ អ៊ូណូណា (Adolf Hitler Uunona) បានជាប់ឆ្នោតកាលពីសប្ដាហ៍មុនជាសមាជិកសភាសម្រាប់មណ្ឌលឆ្នោតតំបន់ Ompundja ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអាល្លឺម៉ង់ Bild លោកបានអះអាងថា លោកអត់ជាប់ពាក់ព័ន្ធនឹងមនោគមវិជ្ជាណាហ្ស៊ី (Nazi) ឡើយ។
ការដាក់ឈ្មោះថា «អាដុលហ្វ៍» ដែលជាឈ្មោះជនជាតិអាល្លឺម៉ង់តែងប្រើ មិនមែនជារឿងចម្លែកឡើយក្នុងប្រទេសអាហ្វ្រិកមួយនេះ ព្រោះថាប្រទេសនេះធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាល្លឺម៉ង់។ អ្នកនយោបាយ អ៊ូណូណា បានសារភាពថា ឪពុករបស់លោក បានដាក់ឈ្មោះលោកតាម មេដឹកនាំណាហ្ស៊ី លោក ហ៊ីត្លែរ តែអះអាងថា ឪពុកលោកប្រហែលជាមិនដឹងថា អាដុលហ្វ៍ ហ៊ីត្លែរ បានប្រព្រឹត្តរឿងអ្វីខ្លះទេកាលនោះ។
«កាលនៅក្មេង ខ្ញុំយល់ឃើញថា ឈ្មោះនេះជាឈ្មោះធម្មតាដូចគេដូចឯងប៉ុណ្ណោះ»។ លោក អ៊ូណូណា និយាយបែបនេះ មុននឹងបន្ថែមថា លោកភ្ញាក់ខ្លួននៅពេលលោកធំឡើងហើយដឹងថា បុរសអាល្លឺម៉ង់ម្នាក់នេះមានមហិច្ឆតាចង់ត្រួតត្រាពិភពលោកទាំងមូល។
ទោះបីជាមានឈ្មោះដូចនឹងមេដឹកនាំណាហ្ស៊ីក៏ដោយក្តី អ្នកនយោបាយណាមីប៊ីរូបនេះ ប្រកាសថា លោកអត់ចង់ធ្វើរឿងទាំងនេះឡើយ។ ទាក់ទិននឹងជីវិតប្រចាំថ្ងៃ លោកបញ្ជាក់ថា ភរិយាលោកតែងហៅគាត់ថា អាដុលហ្វ៍ ហើយឈ្មោះនេះក៏ជាឈ្មោះដែលមនុស្សទូទៅហៅគាត់ផងដែរ។ ម្យ៉ាងទៀត លោកក៏គ្មានបំណងប្ដូរឈ្មោះកំណើតដែលោកឪពុកលោកដាក់ឲ្យនេះចេញផងដែរ។
សូមបញ្ជាក់ថា ចន្លោះពីឆ្នាំ ១៨៨៦ និងឆ្នាំ១៩១៥ ណាមីប៊ី ស្ថិតជាផ្នែកមួយនៃដែនគ្រប់គ្រងរបស់អាល្លឺម៉ង់ ដែលហៅថា អាហ្វ្រិកភាគនីរតីរបស់អាល្លឺម៉ង់ (German South West Africa)។ អាណាចក្រអាល្លឺម៉ង់ បានសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងបដិវត្តន៍ឆ្នាំ១៩០៤-០៨ របស់ជនជាតិ Herero។ សម្រាប់បដិវត្តន៍នេះ អ្នកប្រវត្តិសាស្ត្រខ្លះ បានហៅថា«អំពើប្រល័យពូជសាសន៍ដែលត្រូវបំផ្លាញចោល»។
ក្រោយសង្គ្រាមលោកលើកទី១ ណាមីប៊ី បានស្ថិតក្រោមការត្រួតត្រារបស់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក្រោយមកទទួលបានឯករាជ្យក្នុងឆ្នាំ១៩៩០។ មកដល់បច្ចុប្បន្ន ឥទ្ធិពលរបស់អាល្លឺម៉ង់នៅតែដិតដាលនៅក្នុងប្រទេសមួយនេះ ដោយមើលឃើញតាមរយៈ ការដាក់ឈ្មោះកូន និងឈ្មោះក្រុង ក៏ដូចជាមានសហគមន៍និយាយភាសាអាល្លឺម៉ង់ខ្លះក្នុងប្រទេសនេះផងដែរ។
និយាយពីមេដឹកនាំណាហ្ស៊ី អាដុលហ្វ៍ ហ៊ីត្លែរ ជាអ្នកបញ្ឆេះភ្លើងសង្គ្រាមលោកលើកទី២ ដោយការចូលឈ្លានពានប៉ូឡូញ ក្នុងខែកញ្ញាឆ្នាំ១៩៣៩។ សង្គ្រាមនេះអូសបន្លាយ៦ឆ្នាំរហូតដល់ឆ្នាំខែកញ្ញា១៩៤៥ ហើយបណ្ដាលឲ្យមនុស្សស្លាប់ចន្លោះពី៧០-៨៥លាននាក់៕
Tag:
ណាមីប៊ី
អាដុលហ្វ៍ ហ៊ីត្លែរ
© រក្សាសិទ្ធិដោយ thmeythmey.com