ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតស្រាបៀមួយកន្លែង នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួន៧៨លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតស្រាបៀ។
បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ គម្រោងបង្កើតរោងចក្រផលិតស្រាបៀ របស់ក្រុមហ៊ុនខាងលើ នឹងបង្កើតឱកាសការងារដល់ពលរដ្ឋបាន៥៥០កន្លែង។
ជាមួយនឹងគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន៤ទៀត បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រនានា ដែលមានតម្លៃវិនិយោគសរុប៤៣,៩លានដុល្លារ។
ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD បានបោះទុនវិនិយោគប្រមាណ២០លានដុល្លារ លើការបង្កើតរោងចក្រផលិតថ្នាំកសិកម្ម នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្ររបស់ក្រុមហ៊ុននេះ អាចបង្កើតការងារបាន១៧៤កន្លែង។
ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) នៅក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយនេះ ផងដែរ។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ១១,៧លានដុល្លារ ដែលអាចបង្កើតការងារបាន៥២កន្លែង។
ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD ត្រូវបាន CDC អនុម័តឱ្យបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតម្លៃប្រមាណ៩,៥លានដុល្លារ នៅក្នុងទីតាំងដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងវិនិយោគនេះ អាចផ្តល់ឱកាសការងារដល់ពលរដ្ឋបាន២០០កន្លែង។
ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD វិញ CDCបានអនុម័តឱ្យបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគ២,៦លានដុល្លារ ដោយអាចបង្កើតការងារបានរហូត ៣៥៨កន្លែង៕
រយៈពេល៨ខែមកនេះ កម្ពុជាទទួលបានការវិនិយោគពីវិស័យឯកជន បានត្រឹមតែ១១៣គម្រោងប៉ុណ្ណោះ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩(COVID-19) ។ តួលេខនេះ បង្ហាញថា គម្រោងវិនិយោគឯកជននៅកម្ពុជា ធ្លាក់ចុះរហូតដល់៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕