ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជីវិត​អ្នកស្រី រឹត ច្រឹប រស់ក្នុង​ព្រៃភ្នំ ទីពឹង​អនុផល​ព្រៃឈើ​ដើម្បី​រស់​
06, Dec 2020 , 8:29 pm        
រូបភាព
​សៀមរាប​៖ រស់ក្នុង​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប អ្នកស្រី រឹត ច្រឹប មាន​របរ​ក្រង​ស្លឹក​ឃុន​មារ ចូល​ព្រៃ​ដក​ផ្សិត ដើរ​ជីក​ចង្រិត សម្អាត​ស្មៅ​ចម្ការ​ឱ្យគេ និង​ស៊ីឈ្នួល​លាងចាន​នៅ​វត្ត​ជាដើម ដើម្បី​បាន​ប្រាក់​ផ្គត់​ផ្ដ​ង់​គ្រួសារ និង​ផ្ដល់ឱ្យ​កូន​ទៅ​សាលារៀន​។ ទោះជា​យ៉ាងណា ជីវភាព​របស់​អ្នកស្រី រឹត ច្រឹប មិន​ធូរធា​ឡើយ ព្រោះ​ការងារ​ក៏ដូចជា​មុខរបរ​ខាងលើ​មិនមាន​ភាពទៀងទាត់​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប អ្នកស្រី រឹត ច្រឹប កំពុង​អង្គុយ​លើ​អង្រឹង​ដែល​ចងភ្ជាប់​ពី​ដើ​ន​ឈើ​ធំ​មួយ ឆ្ពោះទៅ​សរសរ​ផ្ទះ​តូច​មួយ​របស់​ម្ដាយ​របស់​អ្នកស្រី​។ ផ្ទះ​នេះ​ប្រក់​និង​បាំងជញ្ជាំង​ដោយ​ស្លឹក​ឃុន​មា​។ នៅ​ខាងក្រោយ​ខ្នង​របស់​អ្នកស្រី ច្រឹប មាន​ស្លឹក​ឃុន​មា​ដែល​បាន​ដេរ​រួច​ដាក់​ផ្អែកទៅលើ​ជញ្ជាំង​ផ្ទះ ដោយ​មូរ​ដូច​កន្ទេល ហើយ​ចង​យ៉ាង​មាន​របៀប​។ 
 
​ស្លឹក​ឃុន​មា​នេះ មាន​សណ្ឋាន​ស្រដៀង​ទៅនឹង​ស្លឹក​របស់​ដើម​ឆា​ត់ ឬ​ស្លឹក​របស់​ដើម​ផ្កាចំប៉ី គ្រាន់តែ​ស្លឹក​ឃុន​មា មាន​កម្រាស់​ស្ដើង​ជាង​ហើយ​រលោង ហើយ​ដើម​របស់​វា​ធំ​ផុត​ប៉ុន​មេជើង ដោយ​វា​ជា​រុក្ខជាតិ​វល្លិ​។ នៅក្នុង​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ​នេះ គេ​និយម​ដេរ​ស្លឹក​ឃុន​មា យកទៅ​ប្រក់​ដំបូលផ្ទះ ធ្វើជា​ជញ្ជាំង​ផ្ទះ ធ្វើ​ផ្ទះ​ឱ្យមាន់ ប្រក់​ដំបូល​រោង​គោ និង​បិទបាំង​បង្គន់​ជាដើម​។


អ្នក​ស្រី រឹត ច្រឹប អង្គុយ​នៅ​លើ​ផ្ទះ​របស់​គាត់ ហើយ​កូន​ពៅ​អាយុ​៣​ឆ្នាំ​អង្គុយ​នៅ​ក្បែរ​ផង

​ពាក់អាវ​ពណ៌​ស្លែ​ដៃ​វែង និង​ស្លៀក​សា​រ៉ុង​ពណ៌​បៃតង ស្ត្រី​កូន​៦​នាក់​រូបនេះ ប្រាប់​ពីមុខ​របរ​ក៏ដូចជា​ការងារ​ដែល​ខ្លួន​ធ្វើ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​យ៉ាង​ដូច្នេះ​៖«​យើង​នាំគ្នា​បេះ​ស្លឹក​នេះ​(​ស្លឹក​ឃុន​មារ​) ជីក​ថ្នាំ​ចិន ត្រូវការ​ថ្នាំ​ក៏​យើង​កាប់​ថ្នាំ គឺ​កាប់​ដើមឈើ​ដែល​ធ្វើ​ថ្នាំ​បាន ថ្នាំ​រោគ​ស្ត្រី និង​ថ្នាំ​ផ្សេងៗ ដែល​គេ​ត្រូវការ​។ បើ​ស្លឹក​ឃុន​មា​នេះ ទាល់តែ​គេ​បញ្ជា​ទិញ​ទើប​យើង​បាន​ដេរ បើ​គេ​មិន​បញ្ជា​ទិញ​ទេ​ក៏​អត់​។ បើ​ខែ​ចង្រិត​ក៏​ជីក​ចង្រិត​លក់​ខ្លះទៅ​។ ពេល​ខ្លះទៅ​ស៊ីឈ្នួល​លាងចាន​គេ នៅ​ព្រះអង្គ​ធំ​។ ភាគច្រើន​ភ្ញៀវ​ជា​អ្នកមាន ដែល​គេ​មកលេង គេ​ឃើញ​ខ្ញុំគេ​អាណិត​ក៏​គេ​ឱ្យ ដូចជា​អង្ករ និង​របស់​មួយចំនួនទៀត​»​។​
 
​បើតាម​អ្នកភូមិ​នៅទីនេះ ស្លឹក​ឃុន​មា​មាន​លក្ខណៈពិសេស​នៅត្រង់ វា​មិន​ងាយ​ឆេះ​ដោយ​ភ្លើង​ឡើយ មានន័យថា​បើសិនជា​គេ​ដុត​ស្លឹក​នេះ​នៅត្រង់ចំណុច​ណា នោះ​វា​នឹង​ឆេះ​តែ​នៅ​ចំណុច​នោះ​ប៉ុណ្ណោះ ដោយ​វា​មិន​ងាយ​រាលដាល​ទៅ​ចំណុច​ផ្សេង​ឡើយ​។ ស្លឹក​នេះ​ផ្ដល់​ភាព​ត្រជាក់​នៅក្នុង​ផ្ទះ ទាំង​រដូវប្រាំង​និង​រដូវវស្សា ដោយ​វា​មាន​អាយុកាល​ប្រហែល​៥​ឆ្នាំ​ទើប​ពុកផុយ​។


ស្លឹក​ឃុន​មា​ ​ដែល​ដេរ​រួច ​ផ្អែក​លើ​ផ្ទះ​ដែល​ប្រក់​និង​បាំង​ជញ្ជាំង​ដោយ​ស្លឹក​ឃុនមា

​និយាយប្រាប់​ខ្ញុំ​បណ្ដើរ ហើយ​ទាញ​ដង​កណ្ដប​មក​បង្ហាញ​ខ្ញុំ​បណ្ដើរ​ពី​របៀប​ដេរ​ស្លឹក​ឃុន​មា ស្ត្រី​សម្បុរ​ស្រអែម​រាង​ស្គម រឹត ច្រឹប ប្រកប​របរ​ដេរ​ស្លឹក​ឃុន​មា​នេះ​តាំងពី​នៅ​ក្មេង​។ អង្គុយ​យោលអង្រឹង​ចុះឡើងៗ នៅក្រោម​ម្លប់ឈើ ដោយមាន​ពន្លឺ​ថ្ងៃ​ចាំ​ឆ្លុះ​មក​ប៉ះ​ផ្ទៃមុខ​ខ្លះ​ផង ស្ត្រី​វ័យ​៤១​ឆ្នាំ​រូបនេះ ប្រាប់​ពី​តម្លៃ​លក់​ផលិតផល​របស់ខ្លួន​៖«​គេ​គិត​ជា​ម៉ែត្រ ក្នុង​មួយ​ម៉ែត្រ​តម្លៃ​១២,០០០​រៀល​។ ក្នុង​មួយ​ម៉ែត្រ​មាន​២៥​កណ្ដប ច្រើន​គ្រាន់​ដែរ​។ បើ​គេ​ត្រូវការ​ប្រាំ​ម៉ែត្រ យើង​រៀប​ឱ្យគេ ឱ្យបាន​ប្រាំ​ម៉ែត្រ បើ​គេ​ត្រូវការ​៧​ម៉ែត្រ យើង​រៀប​ឱ្យគេ​៧​ម៉ែត្រ ព្រោះ​កញ្ចុះ​គេ​វែងៗ ពេលខ្លះ​ក៏​រៀប​តែ​២​ម៉ែត្រ​កន្លះ​។ ដង​កណ្ដប​នេះ​ដឹង​តែ​ប្រវែង​២​ម៉ែត្រ​ហើយ​។ អ្នក​នៅ​ភូមិ​នេះ​គេ​ប្រកប​របរ​នេះ តាំងតែ​ពី​គេ​ចាប់​មក​នៅ​ភូមិ​នេះ​ដំបូង​។ ខ្ញុំ​មក​រស់នៅ​ទីនេះ​តាំងពី​អាយុ​៦​ទៅ​៧​ឆ្នាំ​»​។
  
​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ចូលក្នុង​ព្រៃ​ជ្រៅ ដើម្បី​កាច់​ស្លឹក​ឃុន​មារ អ្នកស្រី ច្រឹប ដែល​ដៃ​កាន់​ស្លឹក​ឃុន​មា​ពណ៌​បៃតង​ស្រស់​ធ្វើ​កាយវិកា​ចុះឡើងៗ ខណៈពេល​កំពុងនិយាយ​នោះ បាន​ប្រាប់ថា អនុផល​ព្រៃឈើ​មួយ​នេះ បច្ចុប្បន្ន​មិនសូវ​សម្បូរ​ឡើយ ហើយ​ការណ៍​នេះ​បានធ្វើឱ្យ​តម្លៃ​របស់​វា​អាច​ឡើង​មួយកម្រិត​៖«​ពីមុន​យើង​លក់បាន​តែមួយ​ម៉ែត្រ​៥​ទៅ​៦​ពាន់​ទេ ពេលដែល​ស្លឹក​នៅ​សម្បូរ ដល់ពេល​វគ្គ​ស្លឹក​ចេះតែ​អស់ ចេះតែ​ក្រ​ទៅ ក៏​យើង​បាន​ថ្លៃ​គ្រាន់​ទៅ​។ ស្លឹក​នេះ​ទៅ​កាច់​ដល់​ល្អាង​ប្រជៀវ តាមផ្លូវ​ដែល​គាត់​(​អ្នកកាសែត​)​ជិះ​ម៉ូតូ​មក ដែលមាន​ព្រៃធំៗ ចូល​បេះ​អស់ហើយ នាំគ្នា​ទូល​មក​។ បើ​គេ​អ្នកមាន​ម៉ូតូ ក៏​គេ​យកទៅ​ដឹក អ្នក​អត់​ក៏​នាំគ្នា​ទូល​មក ទម្រាំ​ដល់ផ្ទះ​ហត់​ដែរ​ណា​។ មួយថ្ងៃ​កាច់​បាន​ប្រហែល​៥០​កណ្ដប ស្រេច​លើ​អ្នក​ប៉ិន​ទូល​ឬ​មិន​ប៉ិន​។ មកដល់​យប់​ឡើង ខ្ញុំ​បាប់​ផ្ដើម​ដេរ​ទៀត​»​។


 ស្ត្រី​រស់​ក្នុង​​ភូមិថ្មី ឃុំ​ខ្នង​ភ្នំ កំពុង​អង្គុយ​ដេរ​ស្លឹកឃុនមា

​ពេល​ថ្ងៃ​ចូល​ព្រៃ​កាច់​ស្លឹក​ឃុន​មា ហើយ​ពេលយប់​អង្គុយ​ដេរ​បន្តទៀត​ជាមួយ​កូនៗ  អ្នកស្រី ច្រឹប ក៏មាន​ការងារ​និង​មុខរបរ​ផ្សេង​មួយចំនួនទៀត​ដែរ ដើម្បី​ធ្វើ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ តែ​ទោះជា​យ៉ាងណា ការងារ​ទាំងនោះ អាចធ្វើ​និង​រកបាន​ទៅតាម​រដូវ​កាល​។ អ្នកស្រី​ពន្យល់​បន្ថែម​៖«​ក្នុង​មួយ​យប់​បើ​កូន​ជួយ ពេលខ្លះ​បាន​ប្រហែល​១០​កណ្ដប ងងុយដេក​ក៏​ចូលទៅ​ដេក​។ ពេលខ្លះ​ចាប់ផ្ដើម​ដេរ​ពី​ម៉ោង​៦​ឬ​ម៉ោង​៧ ទៅដល់​ម៉ោង​៩​ក៏​នាំគ្នា​ដេក​។ ដេរ​យូរណាស់ មិនមែន​ដេរ​លឿន​ទេ​។ បើ​គេ​មាន​ចម្ការ​មាន​ស្រែ ក៏​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ឱ្យគេ​។ ពេល​គេ​នៅ​ធ្វើ​ចម្ការ​ធ្វើស្រែ ខ្ញុំ​ក៏​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ឱ្យគេ នៅពេលដែល​របស់ខ្ញុំ​ធ្វើ​ហើយ ប៉ុន្តែ​ដល់ពេលនេះ ខ្ញុំ​ដេរ​តែ​ស្លឹក​នេះ​(​ស្លឹក​ឃុន​មា​) ព្រោះ​ចម្ការ​គេ​ឈប់​ឱ្យ​ទ្រួស​តាំងពី​ប្រហែល​៧​ឆ្នាំ​ហើយ នៅលើ​នេះ ព្រោះ​ជាប់​ក្នុង​ធនធាន​ព្រៃឈើ​របស់គេ​»​។​
 
​មានប័ន​ក្រីក្រ​ពី​រដ្ឋាភិបាល ក្នុង​មួយខែ​អាច​ទទួលបាន​ប្រាក់​៣២​ម៉ឺន​រៀល ដោយ​ក្នុង​គ្រួសារ​មាន​សមាជិក​៩​នាក់ ប្រាក់​នេះ​បាន​ជួយ​ដោះ​ទាល់​ជីវភាព​គ្រួសារ​នេះ​បាន​ខ្លះ​ដែរ​។ ព្រោះតែ​ពិបាក​រកប្រាក់ បាន​ញាំ​ង​ឱ្យ  អ្នកស្រី ច្រឹប ស្ម័គ្រចិត្ត​ធ្វើការ​ងារ​គ្រប់យ៉ាង​ដើម្បី​បាន​ចំណូល ឱ្យតែ​ជាការ​ងារ​សុច្ចរិត​៖«​ខាង​អ្នកស្រុក​យើង​គេ​ជួល​ទៅ​ដឹក​ចាន់ទី មួយថ្ងៃ​បាន​២​ម៉ឺន​រៀល​។

ខាង​បរិស្ថាន​គេ​ជួល​ទៅធ្វើ​ស្មៅ បាន​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ទៅ​លាងចាន​បាន​មួយថ្ងៃ​១​ម៉ឺន​រៀល បើ​គេ​ត្រូវ​ការជួល​ខ្ញុំ​ទៅណា​ទៅ​ណី ខ្ញុំ​ចេះតែ​ទៅធ្វើ ខ្ញុំ​មិន​កំណត់​ទេ ឱ្យ​តែមាន​ការងារ​។ ថ្ងៃ​ខ្លះ​ក៏បាន​ចំណូល ហើយ​ថ្ងៃ​ខ្លះ​ក៏​អត់​។ ថ្ងៃ​ណា​ដែល​រកប្រាក់​បាន ក៏​សន្សំទុក​ខ្លះ ត្រៀម​សម្រាប់​ថ្ងៃ​ដែល​រក​មិនបាន ឬ​ថ្ងៃ​ដែល​យើង​មិនបាន​ចេញទៅ​រក​។ ម្ហូបអាហារ​ខ្ញុំ​រក​តាម​ព្រៃ​ខ្លះ ហើយ​ទិញ​គេ​ខ្លះ ជួនកាល​អត់លុយ​ក៏​បុក​អំបិល​ហូប​»​។


បង្គន់អនាម័យរបស់​អ្នកភូមិ​ថ្មី ប្រក់​និង​បាំង​ជញ្ជាំងពី​ស្លឹក​ឃុនមា

​សម្បុរ​ស្រអែម​ហើយ​ស្រអាប់ ស្ត្រី​ដែលមាន​កូនច្បង​អាយុ​១៧​ឆ្នាំ និង​កូនពៅ​អាយុ​៣​ឆ្នាំនេះ ពិបាក​រំពឹង​ចំណូល​ដែល​បាន​ពី​ប្ដី​ណាស់ ព្រោះ​ការងារ​របស់គាត់​ក៏​មិនមាន​ទៀងទាត់​ដែរ​។ និយាយ​ផង​សើច​ផង​ហាក់ដូចជា​ជីវភាព​នេះ​សាមញ្ញ​ទៅហើយ សម្រាប់​ជីវិត​មួយ​នេះ អ្នកស្រី ច្រឹប ប្រាប់​ពី​ការងារ​របស់​ប្ដី​ថា​៖«​ប្ដី​របស់ខ្ញុំ បើ​មាន​គេ​ជួល​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​ក៏​ទៅ បើ​អត់​មាន​អ្នករក​ទេ ក៏​ចូលទៅ​ក្នុងព្រៃ​រក​អ្វី​ផ្សេងៗ​គ្រាន់​បាន​លក់ដូរ​បន្តិច​ប​ន្ទួ​ច​។ ថ្ងៃនេះ​គាត់​ដើររក​ផ្សិត​ក្នុងព្រៃ តែ​រក​មិនបាន​។ ថ្ងៃ​ណា​ដែល​អត់​ខ្លាំង ខ្ញុំ​ក៏​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យគេ បាន​២​ទៅ​៣​ថ្ងៃ ក៏​មកវិញ​។ ពេល​អត់​ភ្ញៀវ​បែបនេះ ក៏​គេ​មិន​រក​យើង​ទៅ​ដែរ​»​។​
 
​មានផ្ទះ​រនាប​ក្ដារ​ប្រក់​ស័ង្កសី មិនមាន​ហោជាង ហើយ​ជញ្ជាំង​បាំង​ស្លឹក​ឃុន​មា​ខ្លះ និង​បាំង​ធាងដូង​ខ្លះ ដោយ​ធ្លុះធ្លាយ​ដោយ​អន្លើ ស្ត្រី​សម្ដី​រដឺន​រូបនេះ ព្រួយបារម្ភ​មិនមាន​ប្រាក់​ឱ្យ​កូន​ទៅ​សាលារៀន ហើយនឹង​ការខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​៖«​ពេល​ខែវស្សា​សម្បូរ​ទឹក ដល់ពេល​ខែប្រាំង​ក៏​ខះ​។ ទឹក​ដែល​ខ្ញុំ​ប្រើ​រាល់ថ្ងៃ ប្រភព​វា​ចេញមក​ពី​ដី ហើយ​អង្គ​ការដាក់​ទុយោ​ឱ្យ ហើយ​វា​ហូរ​មក​តាម​ទុយោ​នោះ យើង​ក៏​បំបែក​ចែកគ្នា​ប្រើ​។ ពេលណា​មិនមាន​ទឹក យើង​ដើរទៅ​មុជទឹក​ផ្ទះ​គេ ផ្ទះ​ណា​មានទឹក យើង​ក៏​ទៅ​មុជ​ផ្ទះ​នោះ​។ គេ​មិនអាច​ថា​អ្វី​បានទេ ព្រោះ​ទុយោ​រួម​។ ពិបាក​ខ្លាំង​បំផុត គឺ​មិនមាន​ប្រាក់​ឱ្យ​កូន​ទៅ​រៀន ណាមួយ​យើង​ខ្វះ​អាហារ​ប្រចាំថ្ងៃ​»​។​
 
​មិនមែន​មានតែ​គ្រួសារ​របស់​អ្នកស្រី រឹត ច្រឹប នោះទេ ដែលមាន​ជីវភាព​ខ្វះខាត​និង​ទីទាល់ក្រ ព្រោះតែ​មិនមាន​ការងារ​នៅក្នុង​ភូមិ​ធ្វើ​ច្បាស់លាស់ ក៏ប៉ុន្តែ​នៅមាន​ច្រើន​គ្រួសារ​ទៀត ដែល​កំពុង​ជួប​បញ្ហា​ដូចគ្នានេះ​៕

Tag:
 មុខរបរ​
  ព្រៃភ្នំ​
  ព្រៃឈើ​
  ស្លឹក​ឃុន​មា
© រក្សាសិទ្ធិដោយ thmeythmey.com