ជាតិ
សង្គមជាតិ
ប៉ូលិសខេត្តបាត់ដំបង ចាប់នារីថៃម្នាក់ ជាមួយគ្រឿងញៀនជិត៣០គីឡូក្រាម 06, Dec 2020 , 9:29 pm
× កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់បានស្ត្រីជនជាតិថៃម្នាក់ ជាមួយនឹងរឹបអូសគ្រឿងញៀន៣០ដុំ ដែលស្មើនឹង២៩,៨គីឡូក្រាម កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្សាយថា គ្រឿងញៀនដែលរឹបអូសបានពីស្ត្រីជនជាតិថៃនេះ ជាប្រភេទមេតំហ្វេតាមីន ហៅថាម៉ាទឹកកក (ICE)។
បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្ត្រីជនជាតិថៃ ដែលបាននាំគ្រឿងញៀន មកជួញដូរនៅកម្ពុជា មានឈ្មោះថា ផាត់ ភុំរតនា ហៅហ្វា មានលំនៅដ្ឋាននៅឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ។ នាង ត្រូវកម្លាំងមន្ត្រីជំនាញ បង្ក្រាបនិងចាប់បាន នៅស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខាងលើនេះ និងរៀបចំបញ្ជូននារីជនជាតិថៃរូបនេះ ទៅតុលាការដើម្បីបន្តនីតិវិធីតាមច្បាប់។
ឆមាសទី១នៃឆ្នាំ២០២០ សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៥,៤ពាន់ករណី និងឃាត់ខ្លួនមនុស្សបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថាបទល្មើសគ្រឿងញៀនជាង៥,៤ពាន់ករណីនេះ បើធៀបនឹងឆមាសទី១ កាលពីឆ្នាំ២០១៩ គឺកើនឡើងជាង៣០ភាគរយ ដោយឆមាសទី១ កាលពីឆ្នាំ២០១៩ មានបទល្មើសគ្រឿងញៀនជាង៤,១ពាន់ករណី។ រីឯ អ្នកពាក់ព័ន្ធគ្រឿងញៀន មានជាង១ម៉ឺននាក់ ដែលត្រូវឃាត់ខ្លួន ក្នុងឆមាសទី១នៃឆ្នាំ២០២០ គឺកើនឡើងជាង២២ភាគរយ បើធៀបនឹងឆមាសទី១ កាលឆ្នាំ២០១៩ ដែលមានជាង៨,៩ពាន់នាក់។
ជាមួយគ្នានេះ សមត្ថកិច្ច រឹបអូសបានយកគ្រឿងញៀន២៦១គីឡូក្រាម ក្នុងឆមាសទី១ នៃឆ្នាំ២០២០ ហើយកាលពីឆមាសទី១ ឆ្នាំ២០១៩ សមត្ថកិច្ច រឹបអូសគ្រឿងញៀនបាន៣៤១គីឡូក្រាម ដោយថយចុះ៨០គីឡូក្រាម ស្មើនឹង២៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com