ជាតិ
សេដ្ឋកិច្ច
ស្ត្រី​ខ្មែរ​ពីរ​នាក់​រួមគ្នា​បង្កើត​ផលិតផល​ថែ​សម្ផស្ស​ដែល​ផ្សំ​ពី​សំបុក​ដង្កូវនាង រុក្ខជាតិ​ឱសថ និង​វត្ថុធាតុដើម​ផ្សេងទៀត​
10, Dec 2020 , 8:59 am        
រូបភាព
 អ្នកស្រី ស៊ី​ម៉ែន សាន់​និមល (ឆ្វេង) និងអ្នកនាង ញឹម សូរីដា ​សហ​ស្ថា​និក បុរាណ​ឃែ​រ
អ្នកស្រី ស៊ី​ម៉ែន សាន់​និមល (ឆ្វេង) និងអ្នកនាង ញឹម សូរីដា ​សហ​ស្ថា​និក បុរាណ​ឃែ​រ
ដោយ:
​អ្នកស្រី ស៊ី​ម៉ែន សាន់​និមល និង​អ្នកនាង ញឹម សូ​រី​ដា បានរួម​គ្នា​បង្កើត​ផលិតផល​ថែរក្សា​សម្រស់ ដែល​កែច្នៃ និង​ផលិត​ពី​រុក្ខជាតិ វត្ថុធាតុដើម​ធម្មជាតិ​ផ្សេងៗ​។ សិប្បកម្ម​ដែលមាន​យីហោរ​ឈ្មោះ «​បុរាណ​ឃែ​រ​» មាន​អាយុកាល​ជិត​២​ឆ្នាំ​ហើយ​។​
 
«​ជា​ផលិតផល​ធម្មជាតិ​ដែល​មិន​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​កាន់តែ​មានការ​គាំទ្រ​ច្រើនឡើងៗ​ពី​អតិថិជន​»​។ អ្នកស្រី សាន់​និមល បាន​រៀបរាប់​ពី​គុណប្រយោជន៍​នៃ​ផលិតផល​ខ្លួន​យ៉ាង​ដូច្នេះ ប្រាប់ ThmeyThmey25​។ ស្ត្រី​អាយុ​៣៨​ឆ្នាំ រួមជាមួយ​អ្នកនាង ញឹម សូ​រី​ដា ដែលជា​សហ​ស្ថាបនិក បានដាក់​គោលដៅ​ពង្រីក​អាជីវកម្ម​ខ្លួន​បន្ថែមទៀត​នៅ​ដើមឆ្នាំ​២០២១ ខាងមុខ​។  
 
​អ្នកស្រី ស៊ី​ម៉ែន សាន់​និមល ដែលជា​អ្នក​ភ្នំពេញ បាន​រំលឹក​ពី​កត្តា​ដែល​នាំ​ឲ្យ​មាន​សិប្បកម្ម «​បុរាណ​ឃែ​រ​» ថា​៖ «​កាលពីដើមឆ្នាំ​២០១៩ មិត្ត​ភិ​ក្ត​របស់ខ្ញុំ [​សូ​រី​ដា​] ដែលជា​អ្នក​បន្ទាយមានជ័យ បាន​ទៅលេង​ថៃ ហើយ​ឃើញ​ប្រជាជន​ថៃ​ប្រើ​ផលិត​គ្រឿង​រក្សា​សម្រស់​ផ្សំ​ឡើង​ពី​ធម្មជាតិ​។ ដោយ​យល់ថា​ជាការ​ល្អ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ផង​នោះ ក៏​សម្រេចចិត្ត​សាកល្បង​ធ្វើជា​ប៊ូ​ដុស​ខ្លួន សាប៊ូលាងមុខ ផ្សំ​ពី​សម្បុក​ដង្កូវនាង​»​។​
 
​សហ​ស្ថាបនិក​រូបនេះ បាន​អះអាងថា សិប្បកម្ម​ផលិតផល​សម្រស់​ផលិត​ដោយ​ដៃ​មួយ​នេះ ចូលរួម​បំពេញ​ចន្លោះ​ផលិត​គ្រឿងសម្អាង​ធម្មជាតិ មិន​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ព្រមទាំង​លើកកម្ពស់​គ្រឿង​ថែ​សម្រស់​ផលិតឡើង​ពី​ធម្មជាតិ ដោយ​ការផលិត​នៅ​កម្ពុជា មាន​កម្រិត​នៅឡើយ​។​
 


​អ្នកស្រី សាន់​និមល បន្តទៀតថា ទម្រាំ​តែ​ការកែច្នៃ​សិប្បកម្ម​បាន​ជោគជ័យ គឺ​ពួកគាត់​បាន​ចំណាយពេល​ប្រមាណ​១​ឆ្នាំ​ឯណោះ ហើយ ក៏​មិនទាន់​ចេញលក់​ភ្លាម​ដែរ ដោយ​សាកល្បង​ប្រើ​ខ្លួនឯង​សិន​។ ក្រោយ​ឃើញថា​លទ្ធផល​ល្អ ក្រោយ​ប្រើ​ផលិត​ដែល​ច្នៃ​បាន​នោះ ទើប​អ្នកស្រី សម្រេចចិត្ត​ធ្វើ​បន្ថែម និង​ដាក់លក់​តាំងពី​ពេលនោះ​មក​។ អ្នកស្រី ស៊ី​ម៉ែន សាន់​និមល បន្ថែម​ដូច្នេះ ៖«​បង្កើត​ដំបូង​មិនសូវមាន​អ្នក​ស្គាល់ និង​មិនមាន​អ្នកគាំទ្រ​ច្រើន តែ​សហ​ស្ថា​និក ទាំងពីរ​មិន​លះបង់ និង​គិតថា​យ៉ាងហោច ក៏​អាច​ប្រើ​ខ្លួនឯង​ដែរ ព្រោះ​ជា​របស់​ផ្សំ​ពី​ធម្មជាតិ មិនមែន​បញ្ហា​អី​នោះទេ​»​។​
 
​បច្ចុប្បន្ន បុរាណ​ឃែ​រ មាន​ផលិតផល​ប្រមាណ​១០​មុខ ដែល​រួមមាន  សាប៊ូលាងមុខ សាប៊ូ​ដុស​ខ្លួន សេរ៉ូម​លាបមុខ សាប៊ូកក់សក់ ប្រេង​បន្ទន់​សក់ ឡេ​លាប​ស្បែក​ជាដើម ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​ធម្មជាតិ​ដូចជា​កាហ្វេ អង្ករសំរូប ទឹកឃ្មុំ ប្រេងដូង សំបុក​ដង្កូវនាង ប្រទាល​កន្ទុយក្រពើ និង​រុក្ខជាតិ​ឱសថ​មួយចំនួនទៀត​៕
 
 

Tag:
 SMEs
 អាជីវកម្ម​
 ​សិប្បកម្ម​
 ​ផលិតផល​ធម្មជាតិ​
 ​សម្រស់
© រក្សាសិទ្ធិដោយ thmeythmey.com