ជាតិ
​ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ឧ​ត្ត​រ​មានជ័យ កាក់​កប​មុខរបរ​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​
11, Dec 2020 , 8:59 am        
រូបភាព
​ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាង​២០០​គ្រួសារ កំពុង​ប្រក​បរបរ​ចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប ខណៈ​ពីមុន​មាន​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការអះអាង​របស់ លោក សូត្រ ស៊ី​សុខ​ឃាង  ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​វាយតម្លៃ​ពី​របរ​ទាំងនេះ បានផ្តល់​ផល​លឿន និង​លក់បាន​តម្លៃ​ខ្ពស់​។​
 
​ថ្លែងប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ លោក សូត្រ ស៊ី​សុខ​ឃាង បាន​អះអាងថា មន្ទីរ​កសិកម្ម តែង​ជំរុញ និង​បាន​ចុះ​ចែក​កូន​ត្រី កង្កែប ដល់​កសិករ​តាម​ទិសដៅ ព្រមទាំង​បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​ដើម្បី​ឆាប់​ទទួលបាន​ផល ជាពិសេស​នៅក្នុង​ខេត្ត ក៏​មានកូន​សម្រាប់​លក់ ខណៈ​ពីមុន​ត្រូវ​ទិញ​នៅ​ខេត្តសៀមរាប និង​ប្រទេស​ថៃ​។ 
 
«​ពីមុន​ចិញ្ចឹម​មិនសូវ​ជោគជ័យ ដោយសារ​មិនមាន​បច្ចេកទេស​គ្រប់គ្រាន់​។ ឥលូវ​យើង​មានបទពិសោធន៍ បច្ចេកទេស កូន និង​ចំណី​គ្រប់គ្រាន់ ដែល​ធ្វើឱ្យ​ត្រី​ធំ​លឿន​»​។ នេះ​ជាការ​បញ្ជាក់ របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
 
​លោក​បាន​បន្តថា ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប ជា​របរ​ដែល​ទទួលបាន​ផល​លឿន ក្នុងនោះ​ត្រី​អណ្ដែង ទទួលផល​រយៈពេល​ជាង​២​ខែ និង​កង្កែប ទទួលផល​រយៈពេល​៥០​ថ្ងៃ​។ លោក​បន្តថា ត្រី​អណ្ដែង​អាច​លក់បាន​ក្នុងតម្លៃ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​កង្កែប​លក់បាន​តម្លៃ ១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
​ស្រប​ពេលដែល​ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាច្រើន កំពុង​ជោគជ័យ​លើ​របរ​នេះ ក៏មាន​កសិករ​ប្រមាណ​៤០​គ្រួសារ បាន​ផ្អាក​ការចិញ្ចឹម​ត្រី និង​កង្កែប​របស់ខ្លួន ដោយសារ​ត្រូវ​ប្រមូល​ផល​ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​ពួកគេ នឹង​ចាប់ផ្ដើម​ចិញ្ចឹម​វិញ បន្ទាប់ពី​ប្រមូល​ផល​រួច​។ 
 
​លោក សូត្រ ស៊ី​សុខ​ឃាង បាន​អះអាងថា​៖«​ទទួលស្គាល់ថា ការចិញ្ចឹម​នេះ ទទួលបាន​ផល​លឿន ប៉ុន្តែ​គាត់​រវល់​ប្រមូល​ផល​ស្រូវ​និង​ដំឡូង​មី គាត់​អត់​មាន​ពេល​មើល​ត្រី​អណ្ដែង​ទេ  អីចឹង​ពេល​ប្រមូល​ចប់ គាត់​នឹង​ចិញ្ចឹម​ត្រី​អណ្ដែង​វិញ ក្នុងអំឡុង​ខែកុម្ភៈ​»​។ 
 
​បើតាម​ប្រធាន​មន្ទីរ​ក​សិ​ម្ម​រូបនេះ នាពេលខាងមុខ លោក​នឹង​ខិតខំ​ជំរុញ​ផ្នែក​វារីវប្បកម្ម នៅក្នុង​ខេត្ត ដោយ​បន្ត និង​ពង្រីក​ការចិញ្ចឹម​ត្រី ដូចជា ត្រី​ស្ពឹ​ន ត្រី​កន្ធរ និង​ត្រី​ទី​ឡាប់​យ៉ា​ជាដើម​។ 
 
​តាម​របាយការណ៍ ទិន្នផល​វារីវប្បកម្ម​ឆ្នាំ​២០២០​នេះ បាន​កើនឡើង ៣០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ទោះបី​កម្ពុជា​ប្រឈមមុខ​នឹង​វិ​ប​ត្ត​កូ​វីដ​-១៩​ក្តី​។ កន្លងមក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានផ្ដល់​ទឹកប្រាក់​ចំនួន ២​ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ផ្នែក​វារីវប្បកម្ម​លើ​ខេត្ត​ចំនួន​១០​។ តាមរយៈ​ការងារ​នេះ រដ្ឋបាល​ជលផល​បាន​ជំរុញ​ការងារ​ចិញ្ចឹម​ត្រី និង​កង្កែប បាន​ចំនួន ១ ,០០០​គ្រួសារ រួចមកហើយ និង​ត្រៀម​អនុវត្ត​ជា​បន្តបន្ទាប់​៕ 
 
 
 

Tag:
 កសិកម្ម​
  ត្រី​អណ្ដែង​
  កង្កែប​
  វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com