អ្នកលេងគុនចម្រុះស្ត្រីជួរមុខរបស់កម្ពុជាកីឡាការិនី នៅ ស្រីពៅ បានដាក់ក្តីរំពឹងខ្ពស់លើសិស្សច្បង ចាន់ រតនា ក្នុងការយកឈ្នះកីឡាករចិន Xie Wei នាការប្រកួតគុនចម្រុះក្នុងព្រឹត្តិការណ៍ ONE: Collision Course នៅប្រទេសសិង្ហបុរីខាងមុខនេះ។ តែយ៉ាងណា នាង ទទួលស្គាល់ថា Wei ជាកីឡាករវ័យក្មេងមានសមត្ថភាពខ្លាំងមួយរូប ដែលមិនអាចមើលរំលងបាន។
មុនជំនួបរវាងកីឡាករ ចាន់ រតនា ជាមួយអ្នកលេងគុនចម្រុះចិន Xie Wei មកដល់ កីឡាការិនី នៅ ស្រីពៅ បានមើលឃើញពីចំណុចខ្លាំងរបស់កីឡាករទាំងពីររៀងៗខ្លួន។ ស្រីពៅ ដែលបានមើលការប្រកួតរបស់កីឡាករចិនរូបនេះបានអះអាងថា Wei ជាកីឡាករពូកែបទបែន ហើយមានជំហររឹងមាំល្អទាំងលើ ទាំងក្រោម ជាពិសេសមានកម្លាំង និងស៊ុះល្អ។
តែយ៉ាងណាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៩ រូបនេះ បានបង្ហាញការជឿជាក់ខ្ពស់លើសមត្ថភាពរបស់កីឡាករ ចាន់ រតនា ក្នុងការដណ្តើមជ័យជម្នះលើកទី៨របស់ខ្លួននៅលើកនេះ។ ស្រីពៅ វាយតម្លៃថា ការជួបកីឡាករ Xie Wei ក្នុងការប្រកួតគុនចម្រុះនៅសិង្ហបុរីលើកនេះ កីឡាករ ចាន់ រតនា អាចធ្វើការធ្ងន់ជាងលើកមុនៗ។
«ខ្ញុំសង្ឃឹមលើគាត់(ចាន់ រតនា)៧០ភាគរយក្នុងការទទួលជ័យជម្នះ។ ព្រោះបង រតនា មានជំហរលើច្បាស់។ ប៉ុន្តែលើកនេះគាត់ត្រូវធ្វើការធ្ងន់ជាងលើកមុនបន្តិច។ អ្វីដែលខ្ញុំបារម្ភបំផុត គឺការចាញ់កម្លាំងគេ ព្រោះកម្លាំងរបស់ Wei ត្រឹម៣ទឹកអីអត់ស្រុតនោះទេ»។ នេះជាការបង្ហាញក្តីរំពឹង និងក្តីកង្វល់របស់កីឡាការិនី នៅ ស្រីពៅ។
មិនខុសគ្នាពីការយល់ឃើញរបស់កីឡាការិនី នៅ ស្រីពៅ នោះទេ កីឡាករ ចាន់ រតនា បានចាត់ទុកបញ្ហាកម្លាំងរបស់គូប្រកួតជាក្តីកង្វល់សម្រាប់ខ្លួនផងដែរ។ រតនា ដែលបានមើលការវីដេអូប្រកួតរបស់ Xie Wei ទទួលស្គាល់ថា ទោះបីកីឡាករចិនរូបនេះមានវ័យប្អូនគេប្រមាណ១០ឆ្នាំក៏ដោយ តែរូបគេមានកម្លាំងនិងស៊ុះល្អ។ ប៉ុន្តែបើបច្ចេកទេសនិងស្នៀតមិនមែនជាក្តីបារម្ភសម្រាប់គេនោះទេ។
យ៉ាងណាមិញ ម្ចាស់ក្លិបក្បាច់គុន«សិល្បៈ»រូបគេនេះ អះអាងថា តាំងពីទទួលបានដំណឹងថា ត្រូវប៉ះកីឡាករចិនខាងលើ រូបគេបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង និងបានមើលការប្រកួតជាច្រើនរបស់ដៃគូ ដើម្បីមើលពីចំណុចខ្លាំង និងខ្សោយរបស់គេ។ តែយ៉ាងណា រតនា ប្តេជ្ញាថា រូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនប្រជាពលរដ្ឋកម្ពុជា ដ្បិតខ្លួនត្រៀមបានយ៉ាងល្អសម្រាប់ការប្រកួតមួយនេះ។
ជាមួយគ្នានេះកីឡាករ ខុន ស៊ីចាន់ មិត្តរួមអាជីពក្នុងវិស័យកីឡាគុនចម្រុះមើលឃើញថា សមត្ថភាពរបស់កីឡាករ ចាន់ រតនា និងកីឡាករចិន Xie Wei ប្រហាក់ប្រហែលគ្នា ទាំងកម្លាំង ស្នៀត និងល្បឿននៃការវាយ។ ប៉ុន្តែកីឡាករ ចាន់ រតនា អាចមានប្រៀបជាង បើចូលវ៉ៃកៀក។
បើនិយាយពីបទពិសោធកីឡាករ ចាន់ រតនា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship ចំនួន១០លើក ក្នុងនោះទទួលបានជ័យជម្នះ៧លើក និងចាញ់៣។ តែក្នុងបរាជ័យទាំងបីលើក រតនា ចាញ់កីឡាករចិនពីរលើក។ ចំណែកកីឡាករ Xie Wei ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៨លើក ឈ្នះ៥ និងចាញ់៣។
កីឡាករ ចាន់ រតនា រួមជាមួយគ្រូបង្វឹក និងក្រុមការងារចាកចេញពីកម្ពុជាទៅប្រទេសសិង្ហបុរីនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ ដើម្បីមានពេលហ្វឹកហាត់ត្រៀម និងធ្វើតេស្តសុខភាព និងរកជំងឺកូវីដ-១៩។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវប្រជែងជាមួយអ្នកលេងគុនចម្រុះចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: Collision Course នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសសិង្ហបុរី៕