ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា រំពឹងយកឈ្នះ Xie Wei ដើម្បីកែកំណត់ត្រា ដែលខ្លួនធ្លាប់ចាញ់កីឡាករចិនពីររូបកន្លងមក
12, Dec 2020 , 8:30 am        
រូបភាព
កីឡាករ_ចាន់_រតនា_ឆ្វេងពេលទទួលបានជ័យជម្នះកន្លងមក_និងកីឡាករ_Xie_Wei
កីឡាករ_ចាន់_រតនា_ឆ្វេងពេលទទួលបានជ័យជម្នះកន្លងមក_និងកីឡាករ_Xie_Wei
ដោយ:
នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតរបស់អ្នកលេងគុនចម្រុះជួរមុខរបស់កម្ពុជាកីឡាករ ចាន់ រតនា នឹងមកដល់។ រូបគេត្រូវប៉ះជាមួយអ្នកលេងគុនចម្រុះរបស់ចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: Collision Course នៅកីឡដ្ឋាន Singapore Indoor Stadium នាប្រទេសសិង្ហបុរី។ តើកីឡាករ ចាន់ រតនា អាចយកឈ្នះកីឡាករចិនរូបនេះ ដើម្បីស្តារមុខមាត់ ដែលខ្លួនបានចាញ់កីឡាករចិនពីររូបកន្លងមកបាន ឬយ៉ាងណា?


អ្នកលេងគុនចម្រុះជួរមុខរបស់កម្ពុជាកីឡាករ ចាន់ រតនា កំពុងខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍បច្ចេកទេស និងសមត្ថភាពឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមការប្រកួតនាពេលខាងមុខនៅប្រទេសសិង្ហបុរី។ ទន្ទឹមនឹងប្តេជ្ញាខិតខំប្រកួតឲ្យអស់ពីសមត្ថភាព អ្នកលេងគុនចម្រុះវ័យ៣៤ឆ្នាំរូបនេះរំពឹងថា ខ្លួននឹងអាចយកឈ្នះកីឡាករចិន Xie Wei ដើម្បីស្តារមុខមាត់ ក៏ដូចជាបញ្ចប់កំណត់ត្រាអាក្រក់ ដែលខ្លួនធ្លាប់ចាញ់កីឡាករចិនពីររូបកន្លងមក។

បើតាមកីឡាករ ចាន់ រតនា ជ័យជម្នះលើកីឡាករចិន Xie Wei មិនត្រឹមតែជួយស្តារមុខមាត់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរូបគេអាចមានឈ្មោះក្នុងតារាងចំណាត់ថ្នាក់អត្តពលិករបស់ ONE ក្នុងការឈានកាន់តែជិតក្នុងការចូលរួមប្រកួតដណ្តើមដណ្តើមខ្សែក្រវាត់ពិភពលោក World Title។  

ក្នុងនោះអ្នកលេងគុនខ្មែរដ៏មានប្រជាប្រិយភាពរូបនេះ បានប្រកួតចាញ់កីឡាករ Ma Haobin ដោយពិន្ទុក្នុងព្រឹត្តិការណ៍ ONE Heroes of The World នៅទីកោះម៉ាកាវ ប្រទេសចិន កាលពីឆ្នាំ២០១៦ និងចាញ់កីឡាករ Xie Bin ក្នុងព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅឆ្នាំ២០១៧ ដោយកាលនោះរូបគេគោះសុំចុះចាញ់ត្រឹមទឹកទី២។

ម្ចាស់ក្លិបក្បាច់គុន«សិល្បៈ»រូបនេះ បានរៀបរាប់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនចាញ់កីឡាករចិនទាំងពីររូបខាងលើថា ដោយសាររូបគេហ្វឹកហាត់មិនដល់កម្រិត ជាហេតុធ្វើឲ្យកម្លាំងរបស់គេមិនសូវពេញ។ ម្យ៉ាងទៀត កាលណោះរូបគេមិនសូវជំនាញក្នុងការប្រើក្បាច់ MMA និងរបៀបដោះឃ្លេរគូប្រកួតជាដើម។ រតនា អះអាងថា បើប្រៀបធៀបសមត្ថភាពរបស់កីឡាករចិនទាំងពីររូបនេះ មិនខ្លាំងដល់កីឡាករ ដែលខ្លួនបានផ្តួលកន្លងមកនោះទេ។

ទោះបីយ៉ាងនេះក្តី កីឡាករ ចាន់ រតនា បានវាយតម្លៃថា កីឡាករចិន Xie Wei អាចមានសមត្ថភាពខ្លាំងជាងកីឡាករចិនពីររូប ដែលបានយកឈ្នះខ្លួនកន្លងមក ទាំងកម្លាំងស៊ុះ និងកាយសម្បទា។

«Xie Wei ល្អជាងដៃគូមុនៗ ពីព្រោះគាត់មានជំនាញពីរគឺឃីកបុកសីង និងគុនចម្រុះ។ ចំពោះដៃគូមុនៗ ដូចជា Ma Haobin និង Xie Bin ចេះវ៉ៃល្អតែក្បាច់ក្រោម។ ប៉ុន្តែលើកនេះគេជំនាញទាំងឃីកបុកសីង និងគុនចម្រុះ»។ នេះជាការលើកឡើងរបស់កីឡាករ ចាន់ រតនា ដែលចាត់ទុកកីឡាករចិនរូបនេះ ជាដៃដ៏ស័ក្តិសមសម្រាប់ខ្លួន។  

កីឡាករ ចាន់ រតនា ត្រូវធ្វើដំណើរទៅកាន់ទឹកដីសិង្ហបុរី ដើម្បីជួបជាមួយអ្នកលេងឆ្លងដែនមកពីចិន Xie Wei ក្នុងព្រឹត្តិការណ៍គុនចម្រុះ ONE: Collision Course នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕    



Tag:
 គុនចម្រុះ
  ចាន់ រតនា
  Xie Wei
  ONE
© រក្សាសិទ្ធិដោយ thmeythmey.com