ជាតិ
សង្គមជាតិ
ជនសង្ស័យ​១៣​នាក់​ដែល​លេងល្បែង​ជល់​មាន់ ត្រូវបាន​បញ្ជូនទៅ​ដោះស្រាយ​តាមច្បាប់​
14, Dec 2020 , 1:58 pm        
រូបភាព
រូបភាពជនសង្ស័យ​​ដែល​ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមឃាត់ខ្លួនពីបទ​លេង​ល្បែងស៊ីសងខុសច្បាប់ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ​
រូបភាពជនសង្ស័យ​​ដែល​ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមឃាត់ខ្លួនពីបទ​លេង​ល្បែងស៊ីសងខុសច្បាប់ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ​
ដោយ:
​អាជ្ញាធរខេត្ត​កំពង់ចាម បាន​បង្ក្រាប​វង់ល្បែង​ជល់​មាន់​មួយ ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ឃាត់​ជនសង្ស័យ​ទាំង​១៣​នាក់​នោះ​គឺ​ភាគច្រើន​ជា​បុរស​ដែលមាន​អាយុ​ចន្លោះ​ពី​២០​ទៅ​៥៦​ឆ្នាំ​។ បុរស​ទាំងនោះ​ជា​អ្នក​ដែល​រស់នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ទាំងអស់​។ 
 
​ក្រោយ​ឃាត់​បាន​ជនសង្ស័យ អាជ្ញាធរ​ក៏បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដូចជា មាន់​ងាប់​ចំនួន​២​ក្បាល ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ស្កុ​តរំ​ជើងមាន់​មួយចំនួន កន្ត្រក​ដាក់​មាន់​ជល់​ចំនួន​២ ស្បែកជើងផ្ទាត់​ចំនួន​៥​គូរ ទូរ​សព្ទ​ចំនួន​១៥​គ្រឿង ប្រាប់​រៀល​ចំនួន​២​លាន​៣​សែន​រៀល ប្រាក់​ដុល្លារ​ចំនួន​២១៥​ដុល្លារ និង​ម៉ូតូ​ចំនួន​១៨​គ្រឿង​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។ 
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សាកសួរ និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​ហើយ​។ 
 
​តាម​មាត្រា​៤​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង បាន​បញ្ជាក់ថា ជន​ណា​លេងល្បែង​ស៊ីសង​ជន​នោះ​នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ទឹកប្រាក់​ពីមួយ​ម៉ឺន​រៀល ដល់​៥​ម៉ឺន​រៀល ឬ​ដាក់គុក​ពីមួយ​សប្តាហ៍​ដល់​មួយខែ​។ ក្នុងករណី​មិន​រាងចាល ជន​នោះ​នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ទឹកប្រាក់​ពី​៥​ម៉ឺន​រៀល ដល់​៥​សែន​រៀល និង​ដាក់គុក​ពីមួយ​ខែ​ដល់​មួយឆ្នាំ​។ 
 
​ចំពោះ​ជន​ណា​ដែល​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ីសង ជន​នោះ​នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល ដល់​២០​លាន​រៀល និង​ដាក់គុក​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​។ នេះ​បើតាម​មាត្រា​៥​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​៕ 
 
 
 
 
 

Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com