ជាតិ
រថយន្ត
លោក អ៊ឹង សំអាត និយមជិះរថយន្ដ Volkswagen ផលិតឆ្នាំ១៩៦២ កម្សាន្តនៅតំបន់អង្គរ
14, Dec 2020 , 7:19 pm        
រូបភាព
សៀមរាប៖ លោក អ៊ឹង សំអាត ម្ចាស់សណ្ឋាគារ Héritage និងផ្ទះខ្មែរ នៅទីក្រុងសៀមរាប។ លោក ក៏ជាម្ចាស់រថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១ ម៉ូឌែល1200 ពណ៌ផ្ទៃមេឃ ១គ្រឿង ដែលត្រូវបានផលិតឆ្នាំ១៩៦២ ដែរ។ រាងមូលដូចសត្វខ្ញុង របស់រថយន្តនេះ ទាក់ទាញភ្នែកជាងគេ។ វាស្អាតដូចថ្មី ព្រោះត្រូវបានបាញ់ថ្នាំឡើងវិញ តែរក្សាពណ៌ដើមដដែល និងដែលតាមពិត វាត្រូវបានជួសជុលច្រើនកន្លែងណាស់ និងចំណាយពេលធ្វើក៏យូរដែរ។ លោក អ៊ឹង សំអាត ប្រាប់សារព័ត៌មានថ្មីៗថា លោក និយមជិះរថយន្តនេះកម្សាន្តទៅតំបន់អង្គរ នៅពេលលោកទំនេរ ឬជិះទៅទទួលទានអាហារពេលព្រឹកជាដើម។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក អ៊ឹង សំអាត ម្ចាស់ រថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១ ផលិតឆ្នាំ១៩៦២ ដូចតទៅ៖
 
រថយន្ដ VOLKSWAGEN នេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ១៩៧៨។  ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ។ តាមភាសានីមួយៗ រថយន្ដនេះ ត្រូវបានគេហៅឈ្មោះថា Coccinelle (ជាភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់) ជាដើម ដែលអាចបកប្រែថាសត្វខ្ញុង។ 
 
VOLKSWAGEN ប្រភេទទី១ ត្រូវបានដំឡើងតាមរោងចក្រនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានាក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិក។ ហេតុនេះហើយ រថយន្ដនេះនៅទ្វីបអាស៊ី មិនសូវពេញនិយមដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាមនៅប្រទេសកម្ពុជា មានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសូមបញ្ជាក់ថា សព្វថ្ងៃ នៅរាជធានីភ្នំពេញ មាន VOLKSWAGEN ប្រភេទទី១ ប្រហែល ៦ ទៅ ៧គ្រឿងបណ្ណោះ ដូចជានៅក្រុងសៀមរាបមាន ៥ទៅ៦គ្រឿង នៅខេត្តកំពង់ឆ្នាំង មាន១គ្រឿង ហើយនៅក្រុងពោធិ៍សាត់ក៏មាន ១គ្រឿងទៀតដែរ។ 
 
 
 
ម៉ាក VOLKSWAGEN ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាឡឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថាឡាន ៕








 

Tag:
 រថយន្ដ
 យានយន្ត
  VOLKSWAGEN
 អ៊ឹង សំអាន
 អង្គរ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com