សង្គមអន្តរជាតិ​
អន្តរជាតិ
បាតុករ​ថៃ​ផ្អាក​បាតុកម្ម តែ​សន្យា​ត្រឡប់មកវិញ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០២១
15, Dec 2020 , 2:53 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​បាតុកម្ម ដែលមាន​សមាសភាព​មួយ​ធំ​ជា​យុវជន នឹង​ផ្អាក​ការតវ៉ា​មួយរយៈ ហើយនឹង​ត្រឡប់មក​ធ្វើបាតុកម្ម​ជាថ្មី​ក្នុង​ឆ្នាំ​២០២១​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេ​ដឹក​បាតុករ​ម្នាក់​។ ចាប់​តាំងតែ​ពី​ខែកក្កដា​មក​ក្រុមបាតុករ​បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចុះ​ចេញពី​តំណែង ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។​
 
​លោក Arnon Nampa មេដឹកនាំ​បាតុករ​មួយរូប​និយាយថា ឆ្នាំ​២០២០​គ្រា ន់​តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ លោ​កថា​ក្រុមបាតុករ​នឹង​សម្រាក​មិន​ធ្វើបាតុកម្ម​អំឡុងពេល​ចូលឆ្នាំ​សាកល​។ ប៉ុន្តែ​លោក​អះអាងថា នៅ​ឆ្នាំ​២០២១​ខាងមុខ​បាតុកម្ម​នឹងមាន​សភាព​ខ្លាំងក្លា​ជាមុន និង​មាន​អ្នកចូលរួម​ច្រើនជាង​មុន​ផងដែរ​។ 
 
​លោក​Arnon Nampa ថ្លែង​បែបនេះ​ក្រោយពេល​ចេញពី​ប៉ុស្តិ៍ប៉ូលីស បន្ទាប់ពី​លោក​រង​បទ​ចោទ​មួយ​ថ្មី​ទៀត​ពី​ការប្រមាថ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ។ មកទល់ពេលនេះ​មាន​បាតុករ​យ៉ាងហោចណាស់​១២​រូប រង​បទ​ចោទ​នេះ​។ បាតុករ​ថៃ កាលពី​សប្តាហ៍​មុន ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​មាត្រា​នេះ​ចេញពី​ក្រមព្រហ្មទណ្ឌ​ថៃ​។​
 
​លោក Anucha Burapachaisri អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា បាតុករ​អាច​ជួបជុំ​នៅ​ឆ្នាំក្រោយ​បាន បើសិនជា​បាតុកម្មអហិង្សា​។ លោក​អះអាងថា គ្រប់ភាគី​ទាំងអស់​អាច​នឹង​រួបរួមគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បាន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ចាប់ផ្ដើម​ពី​ខែកក្កដា បាតុក​ជា​យុវជន​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ចុះ​ចេញពី​តំណែង ដោយ​អះអាងថា លោក​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​អាច​បន្ត​កាន់អំណាច​បាន​។ ក្នុងការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៩ បក្ស​របស់លោក​ប្រា​យុទ្ធ ពុំ​ទទួលបាន​សម្លេង​ភាគច្រើន​ដាច់ខាត​ក្នុង​រដ្ឋសភា​ថៃ​ឡើយ ប៉ុន្តែ​លោក​ទទួល​តំណែង​នេះ ដោយសារ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី មានការ​ចូលរួម​បោះឆ្នោត​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​ជ្រើសតាំង​ដោយ​ក្រុម​យោធា​។​
 
​បាតុករ​ថៃ ក៏​ទាមទារ​ផងដែរ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ សេចក្តីព្រាងច្បាប់​របស់​អង្គការ iLaw ដែល​ត្រូវបាន​ហៅថា «​សេចក្តីព្រាង​ប្រជាជន​» គាំទ្រ​ដោយ​មនុស្ស​ជាង​១​សែន​នាក់ ត្រូវបាន​សភា​ថៃ​បដិសេធ​ក្នុងការ​បោះឆ្នោត​ក្រោយពី​បាន​អាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គេ​មើលឃើញថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ កែប្រែ​រដ្ឋធម្មនុញ្ញ​សឹងតែ​ទាំងអស់ និង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ផ្ទុយ​ពី​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល និង​បក្សប្រឆាំង​ដែល​អនុម័ត​ដោយ​សភា តែ​រក្សា​ជំពូក​ស្តីពី​របបរាជានិយម​នៅ​ដដែល​។​
 
​ចំពោះ​របបរាជានិយម​ថៃ ក្រុមបាតុករ ទាមទារ​ឲ្យ​មហាក្សត្រ​បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន ដែល​តាម​ការប៉ាន់ស្មាន​មានតម្លៃ​ពី​៣០​ពាន់​លាន​ទៅ​៤០​ពាន់​លាន​ដុល្លារ​។ បន្ថែម​ពីនេះ បាតុករ​ក៏​ទាមទារ​ផងដែរ​ឲ្យ​ព្រះមហាក្សត្រ ឈប់​កាន់កាប់​អង្គភាព​កងទ័ព​ខ្លះ​ដែរ​។ អង្គភាព​ទ័ព​នោះ​ត្រូវបាន​បាតុករ​អះអាងថា ធ្លាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​អំពើហិង្សា​ដើម្បី​បំបែក​ការជួបជុំ​នយោបាយ ក៏ដូចជា​ចូលរួម​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ជា​ច្រើនដង​ផងដែរ​៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com