កីឡាជាតិ
ជាតិ
ការផ្អាក​ហាត់​ធ្វើ​ឲ្យ​លោក Koji Kyotoko ពិបាក​សម្រេច​សម្រាប់​ប​ញ្ជី​ឈ្មោះ​ចុងក្រោយ​នៃ​ក្រុម​ជម្រើសជាតិ U19
15, Dec 2020 , 11:29 pm        
រូបភាព
លោក Koji Kyotoko គ្រូបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ
លោក Koji Kyotoko គ្រូបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ
ដោយ:
​គ្រូបង្វឹក​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ លោក Koji Kyotoko បានបង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការផ្អាក​ការហ្វឹកហាត់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​។ ជាពិសេស ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុងការ​តាមដាន​ភាព​រី​ក​ចម្រើន និង​សមត្ថភាព​របស់​កីឡាករ ដើម្បី​កំណត់​បញ្ជី​ឈ្មោះ​ចុងក្រោយ​នៃ​ក្រុម​ជម្រើសជាតិ​។​
 
​លោក Koji Kyotoko គ្រូបង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ អះអាងថា លោក​មិនទាន់​អាច​សម្រេច​ជ្រើសរើស​កីឡាករ​ឲ្យ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​នោះទេ​។ បន្ទាប់ពី ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​បណ្តោះអាសន្ន ដោយសារ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
«​ការផ្អាក​ហ្វឹកហាត់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​នេះ មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ការហ្វឹកហាត់ និង​ការតាមដាន​ភាព​រីកចម្រើន​របស់​ក្រុម និង​សមត្ថភាព​កីឡាករ​ម្នាក់ៗ ក្នុងការ​ស្វែងរក​កីឡាករ​សម្រាប់​បញ្ជី​ឈ្មោះ​ចុងក្រោយ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​និង​ផលប៉ះពាល់​របស់លោក Koji Kyotoko​។ 
 
​ក្នុង​កាលៈទេសៈ​ដែល​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​បណ្តោះអាសន្ន គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បាន​បញ្ជាក់ថា លោក​គ្មាន​គម្រោង​អ្វីមួយ​ពាក់ព័ន្ធ​កីឡាករ​នោះទេ ដោយ​ទុក​ឲ្យ​ពួកគេ​ហ្វឹកហាត់​នៅតាម​ក្លិប​រៀងៗ​ខ្លួន​។ 
 
​លោក​លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់មាន​គម្រោង​អ្វី​ទេ​ជាមួយ​កីឡាករ​អំឡុងពេល​ផ្អាក​ការហ្វឹកហាត់​នេះឡើយ ដោយ​ទុក​ឲ្យ​កីឡាករ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ខ្លួនឯង​ជាមួយ​ក្លិប​របស់​ពួកគេ ហើយ​រង់ចាំ​ការអនុញ្ញាត​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​»​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ដំណាក់កាល​ទី​ពីរ សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship​។ កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី​។​
 
​កីឡាករ​ទាំង​៣២​រូប​ក្នុងដំណាក់កាល​ទី​ពីរ​រួមមាន ក​យ សា​លីម​, ទួត សារ៉ូ​ត​, រ៉េត លី​ហេង​, រី លាភ​ផេង​, ធី លៀង​, អ៊ា​ន ពិសី​, ជូ ស៊ី​នទី​, ជា សុខ​ម៉េង​, សៀង ច​ន្ធា​, សៅ វ៉ៃ​ហ្វី​, ថា ច័ន្ទ​ឬ​ទ្ធី​, សឿត ណា​វ៉ា​, ជុង មករា​, លី ម៉ា​ឯល​, ស្រ៊ី ពិ​សិទ្ធ​, ញឹម លី​ហូរ​, វុ​ធ តុលា​, អាត អូន​តូច​, ចាន់ សា​រ៉ា​ពេជ្រ​, គង់ ភ័​ត្រា​, ស រតនា​, វឿន រ៉ា​, សៀន សុ​ភ័​ក្ត្រា​, លឹម ពិសុទ្ធ​, រស់ ដា​រ៉ា​ពេជ្រ​, ឆាន់ ប៊ុន​មី​, មិន រតនៈ​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, លឺ​ម អា​រុណ រ៉េ​យ​មិន​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង និង​កីឡាករ តាំង ប៊ុនឆៃ​៕
 
 

Tag:
 បាល់ទាត់​
  Koji Kyotoko
  U19
© រក្សាសិទ្ធិដោយ thmeythmey.com