កីឡាជាតិ
ជាតិ
ហ្វឹកហាត់​កាន់តែ​លំបាក ធ្វើ​ឲ្យ ចាន់ រតនា កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​យកឈ្នះ​គូប្រកួត​
16, Dec 2020 , 11:29 am        
រូបភាព
ដោយ:
ពេល​មានឈ្មោះ​ប្រកួត​ម្តងៗ​ក្នុង​ព្រឹត្តិការណ៍ ONE Championship ធ្វើ​ឲ្យ​កីឡាករ ចាន់ រតនា កាន់តែ​មមាញឹក​ខ្លាំង​ជាមួយ​ការហ្វឹកហាត់​។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​អះអាងថា រូបគេ​ចូលចិត្ត​ហ្វឹកហាត់​ជាមួយ​ស្ថានភាព​លំបាក​ខ្លាំង​ព្រោះ​អាចធ្វើ​ខ្លួន​មាន​ភាពងាយស្រួល​ក្នុងការ​ប្រកួត និង​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុងការ​យកឈ្នះ​លើ​គូប្រកួត​។
 
​អ្នកលេង​គុន​ចម្រុះ​ជួរមុខ​របស់​កម្ពុជា​កីឡាករ ចាន់ រតនា ចូលចិត្ត​ការហ្វឹកហាត់ ដែលមាន​ស្ថាន​ភាពលំបាក​ខ្លាំង ដ្បិត​រូបគេ​យល់ថា ការហ្វឹកហាត់​បែបនេះ​នឹង​ជួយ​ឲ្យ​ខ្លួន​អាចមាន​ភាពងាយស្រួល​ពេល​ប្រកួត​។ សម្រាប់ រតនា ស៊ូ​លំបាក​លើ​ទីលាន​ហ្វឹកហាត់​ជាជាង​លំបាក​លើ​ទីលាន​ប្រកួត​។ 
 
​កីឡាករ ចាន់ រតនា បានលើកឡើង​ពី​អត្ថប្រយោជន៍​ចំពោះ​ការខិតខំ​ហ្វឹកហាត់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​មានឈ្មោះ​ប្រកួត ការហ្វឹកហាត់​កាន់តែ​លំបាក​។ ប៉ុន្តែ​ខ្ញុំ​ចង់​ហ្វឹកហាត់​លំបាក ពេល​ខ្ញុំ​ហ្វឹកហាត់​លំបាក​ខ្លាំង ខ្ញុំ​គិតថា ការប្រកួត​របស់ខ្ញុំ នឹង​ស្រួល ហើយ​ខ្ញុំ​នឹងមាន​ទំនុក​ចិត្តខ្លាំង​ក្នុងការ​យកឈ្នះ​គូប្រកួត ពេល​ខ្ញុំ​ហ្វឹកហាត់​លំបាក​ខ្លាំង​»​។ 
 
​ទោះបី​ខកខាន​ឡើង​សង្វៀន​ប្រកួត​ជាង​១​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ប៉ុន្តែ​ម្ចាស់​ក្លិប​ក្បាច់គុន​«​សិល្បៈ​»​រូបនេះ​អះអាងថា រូបគេ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​ជាមួយ​កីឡាករ​ចិន Xie Wei ហើយ​រំពឹងថា ខ្លួន​នឹង​អាច​ដណ្តើម​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​។ 
 
​កីឡាករ ចាន់ រតនា ដែល​កំពុង​ស្ថិតនៅ​លើទឹក​ដី​សិង្ហ​បុរី​បាន​និយាយថា រូបគេ​បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បី​ត្រៀម​ជួយ​ជាមួយ​កីឡាករ​ចិន​ដែលមាន​វ័យ​ប្អូន​ខ្លួន​ប្រមាណ​១០​ឆ្នាំ​ខាងលើ​។ រតនា បាន​ចំណាយពេល​ចន្លោះ​ពី​៣​ទៅ​៤​ម៉ោង​ក្នុង​មួយថ្ងៃ លើ​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ផ្សេងៗ​គ្នា​។ 
 
​អ្នកលេង​គុន​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា​រូបនេះ ត្រូវ​តទល់​ជាមួយ​កីឡាករ Xie Wei ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ ONE: Collision Course ដែល​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន Singapore Indoor Stadium ក្នុងប្រទេស​សិង្ហ​បុរី​។​
 
​មិត្ត​រួម​អាជីព​ក្នុង​វិស័យ​គុន​ចម្រុះ​រួមមាន​កីឡាការិនី នៅ ស្រី​ពៅ និង​កីឡាករ ខុន ស៊ី​ចាន់ រួមជាមួយ​គ្រូបង្វឹក សុទ្ធតែ​បានបង្ហាញ​ការជឿជាក់​លើ​កីឡាករ ចាន់ រតនា ក្នុងការ​យកឈ្នះ​លើ​កីឡាករ​ចិន Xie Wei​។ ជ័យជម្នះ​លើក​នេះ វា​មាន​សារសំខាន់​ណាស់​សម្រាប់ រតនា ដ្បិត​វា​អាចជួយ​ឲ្យ​រូបគេ​ឈានទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ប្រចាំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​តំបន់​អាស៊ី​មួយ​នេះ​។ ជាពិសេស ជួយ​ស្តារ​មុខមាត់ និង​កែប្រែ​កំណត់ត្រា​អាក្រក់ ដែល​រូបគេ​ធ្លាប់​ចាញ់​កីឡាករ​ចិន​ពីរ​ប្រកួត​កន្លងមក​។  
 
​បើ​និយាយ​ពីបទ​ពិសោធ​កីឡាករ ចាន់ រតនា ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE Championship ចំនួន​១០​លើក ក្នុងនោះ​ទទួលបាន​ជ័យជម្នះ​៧​លើក និង​ចាញ់​៣​។ តែ​ក្នុង​បរាជ័យ​ទាំងបី​លើក រតនា ចាញ់​កីឡាករ​ចិន​ពីរលើក​។ ចំណែក​កីឡាករ Xie Wei ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៨​លើក ឈ្នះ​៥ និង​ចាញ់​៣៕   

Tag:
 MMA
  ចាន់ រតនា​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com