កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​លើ Kosuke Yamazaki ជួយ​ឲ្យ​ខ្លួន​ទទួលជោគជ័យ​
16, Dec 2020 , 11:29 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឹ​រ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នេះ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ពី​ការ​នាំចូល​ខ្សែបម្រើ​ប្រយុទ្ធ Kosuke Yamazaki Uchida អតីត​កីឡាករ​ធ្លាប់​លេង​នៅ​លី​គ​២​របស់​ជប៉ុន​។ មុន​មក​ចូលរួម​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​លី​គ​កំពូល​ជាច្រើន​នៅ​តំបន់​អាស៊ាន​។
 
​ក្រោយ​នាំចូល​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​ជប៉ុន Kosuke Yamazaki Uchida ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​រំពឹងថា កីឡាករ​រូបនេះ​នឹង​អាចជួយ​ឲ្យ​ខ្លួន​ទទួលបាន​លទ្ធផល​ល្អ​នៅ​រដូវ​កាល​ក្រោយ​។ កត្តា ដែល​ធ្វើ​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មាន​ក្តី​រំពឹង​បែបនេះ ដោយសារ​ខ្សែបម្រើ​រូបនេះ មានបទពិសោធន៍​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​នៅ​ប្រទេស​ជប៉ុន និង​តំបន់​អាស៊ាន​។​
 
«​ពួកយើង​រាល់គ្នា​នៅក្នុង​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា​កីឡាករ Kosuke Yamazaki នឹង​រួមចំណែក​ជួយ​ក្រុម​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ពេលខាងមុខ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​។ 
 
​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​ឯកជន​មួយ​នៅ​សាកលវិទ្យាល័យ ដែលមាន​ឈ្មោះថា Ritsumeikan University​។ បន្ទាប់មក​រូបគេ​ផ្លាស់​ទៅ​ចូលរួម​ជា​ក្លិ​ល​លំដាប់​ទី​ពីរ​ជប៉ុន Oita Trinita នៅ​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១១ មុន​ផ្ទេរ​ទៅកាន់​ក្លិប​ក្របខណ្ឌ​ទី​ពីរ​ដូចគ្នា Ryukyu FC នៅ​ឆ្នាំ​២០១២​។ 
 
​កីឡាករ​អាច​លេង​ក្នុង​តំណែង​បម្រើ​ការពារ បម្រើ​កណ្តាល និង​បម្រើ​ប្រយុទ្ធ​រូបនេះ បានមក​ប្រកប​អាជីព​នៅ​តំបន់​អាស៊ាន​លើកដំបូង​នៅ​អំឡុង​ឆ្នាំ​២០១៤ ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​របស់​ឡាវ Lanexang United​។ រូបគេ​ឲ្យ​ក្លិប​នេះ​រហូត​ចប់​រដូវ​កាល​ឆ្នាំ​២០១៥ ដោយ​បង្ហាញខ្លួន​បាន​២៩​លើក និង​រកបាន​២​គ្រាប់​។ 
 
​នៅ​ឆ្នាំ​២០១៦ កីឡាករ​កម្ពស់​១,៦៨​ម៉ែត្រ​រូបនេះ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Budaiya ហើយ​បាន​ត្រឡប់​ទៅ​ចូលរួម​ជាមួយ Lanexang United ក្រោយ​លេង​បាន​ពាក់កណ្តាល​រដូវ​កាល​។ នៅ​ឆ្នាំ​២០១៧ កីឡាករ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​លី​គ​កំពូល​របស់​ឥណ្ឌូណេស៊ី Persela Lamongan​។​
 
 នៅ​ឆ្នាំ​២០១៨ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​មី​យ៉ាន់​ម៉ា Yangon United​។ ក្រោយមក​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​ឥណ្ឌូណេស៊ី Barito Putera នៅ​ឆ្នាំ​២០១៩​។​
 
​មុន​នាំចូល​កីឡាករ​ជនជាតិ​ជប៉ុន​ខាងលើ ក្លិប​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​លី​គ​កំពូល​ឆ្នាំ​២០២០ មួយ​នេះ បាន​នាំចូល​កីឡាករ​ជា​បន្តបន្ទាប់​រួមមាន​អ្នកចាំទី ជា វណ្ណ​សាក់​, ខ្សែបម្រើ​សញ្ជាតិ​តុង​ហ្គា Ata Inia, កីឡាករ ឡុង ម៉េង​ហាវ​, ចាន់ សុភា និង​កីឡាករ ស្រាំង ទិ​ត្យ​ឈី​៕  
 
 
 
 

Tag:
 បាល់ទាត់​
  Kosuke Yamazaki
  អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com