ជាតិ
ពីនេះ ពីនោះ
ជាប់«បាក់ឌុប»ស្វ័យប្រវត្តិ ជាការសម្រេចបែបមេត្តាករុណា…!
17, Dec 2020 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
ពីថ្ងៃចុងក្រោយនេះ ប្រធានបទស្តីពី«សិស្សជាប់បាក់ឌុប»ដោយមិនបាច់ប្រឡង ត្រូវបានគេជជែកវែកញែកនៅលើបណ្តាញសង្គមផង និងនៅតាមតុកាហ្វេផង។ ជជែកគ្នារហូតធ្វើឲ្យ សំណាង និងសុធីរ ទ្រាំមិនបាន រួចក៏ចេញមកជជែកនឹងគេដែរ។ រវាងតម្លៃសញ្ញាបត្រ យុត្តិធម៌ សមធម៌ និងមេត្តាករុណា តើមួយណាជាជម្រើសប្រសើរជាង?
 
សុធីរ៖ នាយករដ្ឋមន្រ្តីប្រកាសឲ្យជាប់ទាំងអស់គ្នាអ៊ីចឹងត្រូវឬទេ? 

សំណាង៖ ចុះមានអីខុស! ចុះអ្ហែងយល់ដូចម្តេចដែរ?  

សុធីរ៖ អញគិតថា មិនសូវត្រូវទេ។ 
 
សំណាង៖ មិនសូវត្រូវ ត្រង់ណា? 
 
សុធីរ៖ ខុសត្រង់ថា អ្នកខ្សោយ ឬអ្នកខ្ជិលរៀនក៏ជាប់ដែរ។ អ្នកពូកែ ត្រូវបាននិទ្ទេសល្អ ក៏លែងមាន។ អយុត្តិធម៌សម្រាប់អ្នកចេះណាស់ណ៎ា!   
 
សំណាង៖ ចុះអ្ហែងអត់គិតរឿងអយុត្តិធម៌រវាងកូនអ្នកក្រុង និងអ្នកជនបទទេ។ កូនអ្នកក្រុងបានរៀនតាមអនឡាញ រីឯកូនអ្នកជនបទ ឬកូនអ្នកក្រ ពេលកូវីដនេះ គ្មានបានរៀន ឬមិនសូវបានរឿងទេឬ?។ នេះ ឬយុត្តិធម៌ អា សុធីរ? 
 
សុធីរ៖ អើ! តែសញ្ញបត្រហ្នឹងវាអត់តម្លៃ ព្រោះឲ្យជាប់ទាំងអស់គ្នា។ 

សំណាង៖ វាមាន ឬគ្មានតម្លៃអាស្រ័យលើការគិតរបស់មនុស្សម្នាក់ៗទេ។ បើតាមយោបល់អញ ការសម្រេចឲ្យជាប់ទាំងអស់មិនមែនជាមធ្យោបាយល្អទេ តែជាជម្រើសប្រសើរសម្រាប់បរិបទកូវីដនេះ។ 
 
សុធីរ៖ ប្រសើរម៉េចទៅ? 
 
សំណាង៖ ជាជម្រើសប្រសើរ ព្រោះថា ជម្រើសមួយណាក៏ប្រឈមនឹងរឿងអយុត្តិធម៌ដែរនៅក្នុងរឿងនេះ។ នៅក្នុងរឿងនេះ គ្មានឡើយការសម្រេចដោយយុត្តិធម៌ ឬសមធម៌។ នៅក្នុងរឿងនេះ វាមានតែការសម្រេចបែបមេត្តាករុណារបស់មេដឹកនាំទេ មានន័យថា ការសម្រេចដោយផ្អែកលើក្តីស្រឡាញ់ និងអាណិតក្នុងកាលៈទេសៈដ៏លំបាកនេះ។ អញនិយាយអ៊ីចឹង ម៉េចដែរ អាសុធីរ? 
 
សុធីរ៖ គំនិតអ្ហែងវាម្យ៉ាងដែរ ចុះសិស្សពូកែដែលធ្លាប់ទទួលបានអាហារូបករណ៍? 
 
សំណាង៖ អាហ្នឹងស្រួលណាស់។ សកលវិទ្យាល័យនីមួយៗរៀបចំការប្រឡងប្រជែងដាច់ដោយឡែកដើម្បីជ្រើសរើសសិស្សពូកែ រួចហើយផ្តល់អាហារូបករណ៍ទៅ វាជារឿងស្រេចទៅហើយ ឬមួយក៏ពិនិត្យលើពិន្ទុប្រចាំសាលាទៅ! 
 
សុធីរ៖ ចុមអានេះ វាមានគំនិតល្អម្យ៉ាងរបស់វាដែរតើ!៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com