កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ជឺ​ជិត​ស៊ូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ព្យាករណ៍​ថា ចាន់ រតនា នឹង​អាច​ផ្តួល Xie Wei នៅ​ទឹក​ទី​៣
18, Dec 2020 , 2:41 pm        
រូបភាព
លោក_Fernando_គ្រូបង្វឹកកីឡាជឺជិតស៊ូរបស់កីឡាករ_ចាន់_រតនា
លោក_Fernando_គ្រូបង្វឹកកីឡាជឺជិតស៊ូរបស់កីឡាករ_ចាន់_រតនា
ដោយ:
​លោក Fernando Salvador គ្រូបង្វឹក​កីឡា​ជឺ​ជិត​ស៊ូ​របស់​កីឡាករ ចាន់ រតនា ជឿជាក់ថា អ្នកលេង​គុន​ចម្រុះ​ជួរមុខ​របស់​កម្ពុជា​នឹង​អាច​យកឈ្នះ​កីឡាករ​ចិន Xie Wei ក្នុងការ​ប្រកួត​គុន​ចម្រុះ ONE: Collision Course នៅ​ប្រទេស​សិង្ហ​បុរី​យប់​នេះ​។ កត្តា​ដែល​ធ្វើ​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ជឿជាក់​បែបនេះ ដោយសារ រតនា មាន​កម្លាំង​ខ្លាំង និង​ស្នៀត​ប្រយុទ្ធ​ល្អ​។   
 
​អ្នកលេង​គុន​ចម្រុះ​ជួរមុខ​របស់​កម្ពុជា​កីឡាករ ចាន់ រតនា ត្រូវ​ប៉ះ​កីឡាករ​ចិន Xie Wei ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ ONE: Collision Course នៅវេលា​ម៉ោង​៧:៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​)​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ នា​កីឡដ្ឋាន Singapore Indoor Stadium ក្នុងប្រទេស​សិង្ហ​បុរី​។ 
 
​មុន​ការប្រកួត​មកដល់​គ្រូបង្វឹក​កីឡា​ជឺ​ជិត​ស៊ូ​របស់​កីឡាករ ចាន់ រតនា ហាក់​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​របស់​កូនសិស្ស​ខ្លួន​ក្នុងការ​ផ្តួល​គូប្រកួត​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​។ គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​រូបនេះ​ព្យាករណ៍​ថា រតនា នឹង​អាច​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ បើ​គេ​អាច​ទប់​ទល់នឹង​ស្នៀត​វាយបក និង​ស្នៀត​ឃ្លេ​របស់​កីឡាករ​ចិន​បាន​។ 
 
«​ក្នុងករណី​ដែល រតនា អាច​បន្ត​ប្រកួត​បាន​៣​ទឹក នោះ​កីឡាករ​កម្ពុជា​យើង​ច្បាស់​ជាមាន​ឱកាស ដើម្បី​ផ្ដួល​ឲ្យ​សន្លប់​មិនខានឡើយ​។ បើ Wei គេ​ប្រកួត​នៅលើ​ក្ដារ​រេញ វា​ជាការ​ដោះប្រស្នា​របស់ រតនា មួយ ប៉ុន្តែ​គេ​ធ្លាប់​ធ្វើបាន​ជោគជ័យ និង​មានបទពិសោធន៍​គេច​ផុតពី​ឃ្លេ​សម្លាប់​ជាច្រើន​មកហើយ​។ ខ្ញុំ​គិតថា វា​មិនជា​បញ្ហា​ចោទ​សម្រាប់​អ្នកលេង​គុន​ខ្មែរ​របស់​យើង​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Fernando Salvador​។ 
 
​កត្តា​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​កីឡាករ ចាន់ រតនា ដោយសារ រូបគេ ជា​កីឡាករ ដែល​ព្យាយាម​ហ្វឹកហាត់ និង​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​មួយ​នេះ ទោះបី​គេ​ខកខាន​ឡើង​សង្វៀន​លំដាប់​ពិភពលោក​នេះ​ជាង​១​ឆ្នាំ​ក៏ដោយ​។ លើសពីនេះ រូបគេ​មាន​កម្លាំង​ខ្លាំង និង​ស្នៀត​ប្រយុទ្ធ​ល្អ​។ 
 
​តែ​យ៉ាងណា​គ្រូបង្វឹក​វ័យ​៥០​ឆ្នាំ​រូបនេះ​សរសើរ​ដៃគូ រតនា ថា​៖«Xie Wei មាន​កម្លាំង​ស្ទុះ​ល្អ​ណាស់ និង​ខ្លាំង​ទៀតផង​។ ហើយ​បើគ​អាច​រក្សា​ការ​គាប​លើ រតនា មិន​ឲ្យ​រើរួច​នៅលើ​ក្ដារ​រេញ នោះ​ជា​បញ្ហា​សម្រាប់​ជើង​ខ្លាំង​កម្ពុ​ជាមិនខាន​»​។ 
 
​ក្រុមហ៊ុន​សែ​ល​កាត កាលពី​ខែសីហា ឆ្នាំ​២០២០ បានប្រកាស​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​ជាមួយ ONE Championship  ដែលជា​ស្ថាប័ន​សារព័ត៌មាន​កីឡា​អន្តរជាតិ​ធំជាងគេ​បំផុត​នៅក្នុង​ទ្វីបអាស៊ី​។  ជាមួយគ្នានេះ លោក ចាន់ រតនា ដែលជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា ក៏បាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​សែ​ល​កាត​ផងដែរ​។   
 
​កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចសហការ​ដំបូង​គេ​បង្អស់​របស់ ONE នៅ​ប្រទេស​កម្ពុជា ដោយ​ភាគី​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា ដើម្បី​ចែករំលែក​នូវ​សិល្ប​ក្បាច់គុន​ចម្រុះ និង​ព័ត៌មាន​កីឡា​ដ៏​សម្បូរបែប​ជាច្រើន​ទៀត​របស់ ONE Championship ជូន​ដល់​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​កម្ពុជា​។  
 
​អ្នកគាំទ្រ​សិល្ប​ក្បាច់គុន​ចំរុះ​របស់ ONE នឹង​ត្រូវបាន​កម្សាន្ត​ជាមួយនឹង​មាតិកា​ព័ត៌មាន​ក្នុងស្រុក ព័ត៌មាន​វីដេអូ​ខ្លីៗ ព័ត៌មាន​ទូទៅ និង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ ក៏ដូចជា​បទ​អត្ថាធិប្បាយ​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ ដោយ​ចូលទៅ​កាន់ Cellcard App តា​យ​រយះ​តំណរ http://onelink.to/cellcardkh៕ 
 

Tag:
 ចាន់ រតនា​
  Fernando Salvador
  MMA
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com