ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ល្អាង១២ នៅពោធិ៍សាត់ មានប្រវត្តិពាក់ព័ន្ធរឿង«នាងកង្រី»
19, Dec 2020 , 8:59 am        
រូបភាព
ដោយ:
ពោធិ៍សាត់៖ ល្អាង១២ ជាទីទេសចរណ៍មួយ មានលក្ខណៈអាថ៌កំបាំង ដោយមានល្អាងធំៗ ជាមួយនឹងរូបរាងប្លែកភ្នែក ហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសត្វព្រៃផងដែរ។ លោក ហួន វណ្ណៈ ជាអ្នកថែរក្សានៅទីតាំងនេះ បានអះអាងថាល្អាង១២ ជាកន្លែងស័ក្តសិទ្ធ តែងមានទេសចរ និងអ្នកដំណើរចូលអុចធូប សុំសេចក្ដីសុខ ព្រោះប្រជាជនមានជំនឿថា ទីតាំងនេះ មានជាប់ពាក់ព័ន្ធ ជាមួយប្រវត្តិរឿងព្រេងនាងកង្រី។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញ លោកអ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ហួន វណ្ណៈ អ្នកថែរក្សានៅល្អាង១២ ដូចតទៅ៖ 
 
 
ស្ថិតក្នុង ឃុំក្រពើពីរ ស្រុងវាលវែង ខេត្តពោធិ៍សាត់ ល្អាង១២ ជាទីទេសចរណ៍មួយ ដែលមានភាពទាក់ទាញ ដោយសារសម្រស់ល្អាងរហូតដល់១២យ៉ាងចម្លែក មានថ្មធំៗបន្តុបលើគ្នាបង្កើតបានជាល្អាង ដែលអាចឲ្យមនុស្សរស់នៅក្នុងនោះបាន។ ល្អាង១២នេះ ក៏មានព្រៃហ៊ុមព័ទ្ធជុំវិញ ហើយត្រូវបានពលរដ្ឋពីទីជិត ទីឆ្ងាយ ចាត់ទុកជាទីដ៏ស័ក្តសិទ្ធមួយ ។ លោក ហួន វណ្ណៈ បានលើកឡើងដូច្នេះថា៖ « ជាទូទៅមានអ្នកមកច្រើនណាស់ មានអ្នកមកពីកោះកុង តាកែវ បាត់ដំបងជាដើម។ គាត់មកទីនេះ ទីមួយគាត់បានឮគេថាតៗគ្នា ថាមានល្អាងចំនួន១២ ដូច្នេះគាត់ចង់ឃើញ ។ ទីពីរគាត់មានជំនឿនៅទីតាំងនេះ និងមួយទៀតគាត់មកឃើញមានសម្រស់ព្រៃឈើស្អាត»។ 
 
បើតាមអ្នកថែរក្សាល្អាង១២ មូលហេតុដែលប្រជាជននាំគ្នាមកអុចធុប បែរបន់សុំសុខនៅទីនេះព្រោះតែមានជំនឿថា ទីតាំងនេះមានជាប់ពាក់ព័ន្ធនឹងរឿងព្រេងនាងកង្រី ដោយសារមានល្អាងចំនួន១២ នេះ។  អ្នកទៅទីតាំងនេះ តែងនិយាយថា ខ្លួនធ្លាប់សុបិនឃើញទីតាំងអាថ៌កំបាំងមួយនេះ ទើបមករកល្អាងទាំង១២ តាមការសុបិនរបស់ខ្លួន។ នេះជាការបន្ថែមរបស់លោក ហួន វណ្ណៈ។ 
 
ដោយសារល្អាង១២ ស្ថិតក្នុងព្រៃ និងឆ្ងាយពីទីប្រជុំជន ប៉ុន្តែមានទេសចរច្រើនទៅកម្សាន្ត លោក ហួន វណ្ណៈ បានសំណូមពរ ដល់អ្នកដំណើរទៅល្អាង១២ និងភ្ញៀវទេសចរទាំងអស់ ឲ្យចូលរួមថែរក្សាបរិស្ថាន ជាពិសេស ចូលរួមអភិរក្សព្រៃឈើ និងសត្វព្រៃ កុំឲ្យបាត់បង់៕
 
 

Tag:
 ល្អាង១២
  ជំនឿ
  ប្រវត្តិសាស្ត្រ
  នាងកង្រី
  ទេសចរណ៍
  ពោធិ៍សាត់
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com