ជាតិ
របរលក់ម្ជូរ ផ្តល់ប្រាក់ចំណេញជាមធ្យម២០ម៉ឺនរៀលក្នុងមួយថ្ងៃ ដល់អ្នកស្រី ឧ សុខនី
19, Dec 2020 , 2:00 pm        
រូបភាព
ដោយ:
ពោធិ៍សាត់៖ អ្នកស្រី ឧ សុខនី ជាម្ចាស់ទីតាំងលក់ម្ជូរឈ្មោះ«ម៉ាក់នី ម្ជូរក្រឡុកឆ្ងាញ់» ដែលមានទីតាំងលក់នៅជាប់របងមន្ទីរយុវជនខេត្តពោធិ៍សាត់។ ម្ជូរគ្រប់មុខរបស់អ្នកស្រី សុខនី គឺមានការគាំទ្រយ៉ាងខ្លាំង ដែលអាចឲ្យមានចំណូលផ្គត់ផ្គង់គ្រួសារយ៉ាងប្រសើរ។ អ្នកស្រី ឧ សុខនី បានឲ្យសារព័ត៌មាន Thmeythmey25 ដឹងថា ថ្ងៃដែលលក់ដាច់ខ្លាំង អ្នកស្រីអាចលក់បានពី៦០ម៉ឺនរៀល ទៅ ៧០ម៉ឺនរៀល ពោលគឺអាចចំណេញបានប្រមាណ៤០ ម៉ឺនរៀលឯណោះ។ ប៉ុន្តែសម្រាប់ធម្មតា អ្នកស្រីអាចលក់បានប្រាក់សរុប ៣០-៤០ ម៉ឺនរៀល ពោលអ្នកស្រី អាចចំណេញបាន២០ម៉ឺនរៀល។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាន ThmeyThmey25 និង អ្នកស្រី ឧ សុខនី អ្នកលក់ម្ជូរយីហោ «ម៉ាក់នី ម្ជូរក្រឡុកឆ្ងាញ់» នៅក្រុងពោធិ៍សាត់ដូចតទៅ៖
 

មុននឹងចាប់យករបរលក់ម្ជូរនេះ អ្នកស្រី ឧ សុខនី បានផ្លាស់ប្តូររបរ និងការងារជាញឹកញាប់។ បើតាមស្ត្រីរូបនេះ ដំបូងរូបគាត់ចាប់យកការលក់ចាប់ហ៊ួយនៅផ្ទះ ហើយក្រោយមកក៏ទៅធ្វើជាកម្មកររោងចក្រវិញ ដោយសារតែការលក់ដូរ មិនសមប្រកប។ អស់ពីការងារនៅរោងចក្រអ្នកស្រី សុខនី បានផ្លាស់ទៅលក់ទឹកអំពៅ នៅឯខេត្តបាត់ដំបងវិញ។ នៅទីនោះហើយ ដែលនាំឲ្យអ្នកស្រី សុខនី នឹកគិតដល់រឿងលក់ម្ជូរដូចបច្ចុប្បន្ននេះ។ អ្នកស្រី ឧ សុខនី រៀបរាប់ប្រាប់ សារព័ត៌មាន Thmeythmey25 ដូច្នេះថា៖«ពេលខ្ញុំប្តូរមុខរបបទៅលក់ទឹកអំពៅ នៅខេត្តបាត់ដំបង ខ្ញុំឃើញថា ការលក់ម្ជូរនៅខេត្តបាត់ដំបង មានលក្ខណៈប្លែក ដោយមានអំបិលច្រើនមុខ មានម្ជូរក្រឡុក ហើយមានការពេញនិយមច្រើន។ នេះជាហេតុដែលខ្ញុំ ចាប់យករបបលក់ម្ជូរនេះ នៅក្នុងខេត្តពោធិ៍សាត់»។
 
ម្ចាស់ទីតាំងលក់ម្ជូរ«ម៉ាក់នី ម្ជូរក្រឡុកឆ្ងាញ់» នេះបន្តប្រាប់ Thmeythmey25 ទៀតថា ការលក់ម្ជូររបស់អ្នកស្រី ចាប់ផ្តើមទទួលបានការគាំទ្រយ៉ាងច្រើន តាំងពីថ្ងៃលក់ដំបូងម្ល៉េះ។ ការណ៍នេះ រឹតតែជំរុញឲ្យអ្នកស្រី ខិតខំច្នៃបង្កើតរសជាតិអំបិល ច្រើនមុខបន្ថែមទៀត ដើម្បីឲ្យស្របនឹងតម្រូវការអតិថិជន។ «នៅទីនេះ មានអំបិលជាច្រើនរសជាតិដូចជា ហឹរ ប្រៃ ផ្អែម អំបិលមានខ្ទឹម ទឹកត្រីបង្គារ និងទឹកត្រីស្ករដាក់ម្ទេស ដែលជាការនិយមរបស់អ្នកខេត្តពោធិ៍សាត់។ រសជាតិអំបិលខ្លះ ខ្ញុំធ្លាប់ចេះពីមុនមកខ្លះ ច្នៃប្រឌិតខ្លះ រួមទាំងមើលគេធ្វើតាមយូធូប ខ្លះទៀត»។ នេះជាបន្ថែមរបស់អ្នកស្រី សុខនី មុននឹងគាត់បញ្ជាក់ថា អ្នកស្រីបើកលក់តាំងពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។


 
ក្នុងថ្ងៃធម្មតា គាត់អាចលក់ម្ជូរបាន ៣០ម៉ឺនរៀល ទៅ ៤០ ម៉ឺនរៀល។ ក្នុងនោះអាចសល់ប្រាក់ចំណេញ ២០ម៉ឺនរៀល។ ចំពោះថ្ងៃដែលលក់ដាច់ខ្លាំងវិញ គឺបានប្រមាណ ៦០ម៉ឺនរៀល ទៅ ៧០ ម៉ឺនរៀល។ ដកចំណាយផ្សេងៗហើយ អ្នកស្រី សុខនី អះអាងថា អាចចំណេញបាន៤០ម៉ឺនរៀល។
 
ស្ត្រីរូបនេះ ពេញចិត្តនឹងរបរនេះណាស់ ព្រោះអាចមានចំណូលល្អជាមុន ហើយជីវភាគគ្រួសារ ក៏ប្រសើរដែរ ហើយមានប្រាក់សន្សំទុកប្រើប្រាស់ទៅថ្ងៃមុខថែមទៀត។
 
គួរបញ្ជាក់ថា ទីតាំងលក់ម្ជូរឈ្មោះ «ម៉ាក់នី ម្ជូរក្រឡុកឆ្ងាញ់» ស្ថិតនៅតាមដងផ្លូវជាតិលេខ១ មាត់ស្ទឹងផ្លូវចូលផ្សារថ្មីខេត្តពោធិ៍សាត់ ជាប់របងមន្ទីរយុវជនខេត្តពោធិ៍សាត់ និងមន្ទីររចនាខេត្តពោធិ៍សាត់ ដែលលក់ចាប់ពីម៉ោង៧ព្រឹក រហូត់ដល់ម៉ោង ១០យប់៕
 









Tag:
 ឧ សុខនី
 លក់ម្ជូរ
© រក្សាសិទ្ធិដោយ thmeythmey.com