COVID-19
អន្តរជាតិ
ថៃ គ្រោងសាកល្បងវ៉ាក់សាំងកូវីដ-១៩ លើមនុស្សនៅក្រោយខែមេសា ឆ្នាំ២០២១
20, Dec 2020 , 8:29 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ៖ កង ម៉េងហុង
 
រដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃទី១៨ ខែធ្នូ ថាសាកលវិទ្យាល័យជូឡាឡុងកន រំពឹងនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ-១៩ នៅក្រោយពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២១។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃលោក Anutin Charnvirakul បានជួបជាមួយក្រុមស្រាវជ្រាវវ៉ាក់សាំងដែលមានសមាជិកមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។ ក្រោយជំនួបនេះ លោក និយាយថា ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការតាមផែនការ ការសាកល្បងវ៉ាក់សាំងកូវីដ-១៩ លើកដំបូង គួរតែចាប់ផ្តើមភ្លាមៗបន្ទាប់ពីសង្ក្រាន្ត ដែលប្រារព្ធក្នុងខែមេសា។
 
លោក Anutin ដែលជាឧបនាយករដ្ឋមន្ត្រីផង បាននិយាយបន្ទាប់ពីថា កិច្ចប្រជុំ បានឯកភាពបង្កើតក្រុមការងាររួមគ្នា ដែលមានសមាសភាពមកពីសាកលវិទ្យាល័យជូឡាឡុងកន និងក្រសួងសុខាភិបាលសាធារណៈ សម្រាប់តាមដានលើដំណើរការវ៉ាក់សាំង។ រដ្ឋមន្រ្តីសុខាភិបាលរូបនេះបានបន្តថា គម្រោងវ៉ាក់សាំងនេះ ជាជម្រើសមួយក្នុងចំណោមជម្រើសបី ដែលរដ្ឋាភិបាលថៃមាន ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជន។ 
 
បន្ថែមពីគម្រោងសាកលវិទ្យាល័យជូឡាឡុងកន រដ្ឋាភិបាលថៃក៏មានជម្រើសពីរផ្សេងទៀត ដែលត្រូវធ្វើជាមួយស្ថាប័នអន្តរជាតិ ដើម្បីទទួលបានវ៉ាក់សាំងពីប្រទេសដទៃទៀត។ ក្រោមជម្រើសទាំងពីរនេះ រដ្ឋាភិបាលបាន បានធ្វើការជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca និងសាកលវិទ្យាល័យ Oxford ដើម្បីទិញវ៉ាក់សាំងចំនួន២៦លានដូស សម្រាប់ប្រជាជនថៃនៅពាក់កណ្តាលឆ្នាំក្រោយផងដែរ។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន៤៣៣១ និងស្លាប់ចំនួន៦០នាក់។
 
វៀតណាម ដែលជាសមាជិកអាស៊ាន ក៏ទើបចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដ-១៩ លើមនុស្សបីនាក់ដែរក្នុងសប្ដាហ៍នេះ។ វ៉ាក់សាំងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុកផ្ទាល់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com