ជាតិ
ក្នុងមួយថ្ងៃ សហគមន៍កសិកម្មបៃតងគោកស្រុក អាចនាំចេញខ្ទឹមស្លឹក ២.៥តោន ទៅលក់នៅក្រុងសួង និងភ្នំពេញ 20, Dec 2020 , 9:29 am
× សមាជិកសហគមន៍ កសិកម្មបៃតងគោកស្រុក ប្រមាណ ៦៣គ្រួសារ ស្ថិតក្នុងភូមិគោកស្រុក ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និយមដាំខ្ទឹមស្លឹក បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ ថា កសិករក្នុងសហគមន៍ និយមដាំខ្ទឹមស្លឹក ព្រោះជាបន្លែ ដែលស្រួលដាំ ងាយមើលថែ ងាយលក់ និងដាំបានច្រើនដងក្នុងមួយឆ្នាំ។
ជាទូទៅកសិករក្នុងសហគមន៍កសិកម្មបៃតងគោកស្រុក ដាំខ្ទឹមស្លឹក ពី ៤ទៅ ៥ដងក្នុងមួយឆ្នាំ ដោយសារការដាំខ្ទឹមស្លឹក ចំណាយពេលត្រឹមប្រមាណ ១ខែ១០ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបាន។ លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក បញ្ជាក់ថា ភាគច្រើនកសិករក្នុងតំបន់នេះ ដាំខ្ទឹមស្លឹក មិនចំណាយពេលច្រើនក្នុងការថែទាំ និងលក់បានតម្លៃខ្ពស់ ៨ពាន់រៀលក្នុងមួយគីឡូក្រាម។ បើតាមលោក តេន ទុំ រាជធានីភ្នំពេញ និងក្រុងសួង ជាទីផ្សារនាំចេញខ្ទឹមស្លឹក ដោយក្នុងមួយថ្ងៃសហគមន៍ អាចនាំចេញខ្ទឹមស្លឹក ២តោន ទៅក្រុងសួង និង ៥០០គីឡូក្រាមទៅកាន់ភ្នំពេញ។
ប្រធានសហគមន៍រូបនេះ បន្តថា ក្នុងឆ្នាំនេះ តម្លៃខ្ទឹមស្លឹក (៨ពាន់រៀលក្នុងមួយគីឡូក្រាម) ខ្ពស់ជាងឆ្នាំ២០១៩ ដោយកាលឆ្នាំមុន មានតម្លៃ ៦ពាន់រៀលក្នុងមួយគីឡូក្រាម។ «ដ្បិតកន្លងមក ខ្ទឹមស្លឹក មានតម្លៃខ្ពស់ ប៉ុន្តែក្នុងអំឡុងពេលខែធ្នូនេះ តម្លៃខ្ទឹមស្លឹកហាក់ថ្លៃតម្លៃ ត្រឹម ១ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះ នៃតម្លៃខ្ទឹមស្លឹក ក៏ព្រោះចំនួនអ្នកដាំខ្ទឹមស្លឹក មានការកើនឡើង»។ នេះបើតាមលោក តេន ទុំ។
លោក តេន ទុំ ពន្យល់ថា៖«ទោះតម្លៃខ្ទឹមធ្លាក់ដល់ ១ ៥០០រៀលក្នុងមួយគីឡូក្រាម ក៏កសិករ នៅតែចំណេញ ពីការដាំខ្ទឹមស្លឹកដែរ គ្រាន់តែការចំណេញថយចុះ។ ពីមុនធ្លាប់ចំណេញ ៧០ភាគរយ តែពេលនេះចំណេញត្រឹម ៤០ភាគរយ»។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករ ក្នុងឃុំគោកស្រុក ចាប់អារម្មណ៍ ក្នុងការដាំបន្លែដូចជា តាសក់ ត្រប់ ស្ពៃ ពិសេសខ្ទឹមស្លឹក។ ជាក់ស្ដែង ក្នុងសហគមន៍កសិកម្មបៃតងគោកស្រុក មានសមាជិក ៦៣គ្រួសារ ដាំបន្លែប្រមាណ ៤៥ហិកតា ក្នុងនោះដាំខ្ទឹមស្លឹក ប្រមាណ ៤០ហិកតា។ នេះបើតាមលោក តេន ទុំ បញ្ជាក់៕
កសិករក្នុងភូមិគោកស្រុក កំពុងប្រមូលផលខ្ទឹមស្លឹក
រូបភាពពីមន្ទីរកសិកម្មត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com