ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
រយៈពេល១១​ខែ ខេត្តតាកែវ នាំចេញ​ស្រូវ​ប្រមាណ១៣​ម៉ឺន​តោន ទៅ​វៀតណាម​
20, Dec 2020 , 12:30 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២០ ផល​ស្រូវ​ប្រមាណ​ជាង ១៣​ម៉ឺន​តោន ត្រូវបាន​នាំចេញ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ដិ​ន​។ កាលពី​ឆ្នាំ ២០១៩ ចំនួន​ស្រូវ​នាំចេញ​ច្រើន​ព្រោះ មានការ​នាំចេញ​តាម​ច្រក បួន​ផ្សេងទៀត មាន​ច្រក​កំពង់ទូក​អង្គរបុរី ច្រក​កំពង់អំពិល ច្រក​ដើម​ដូង និង​ប្រឡាយ ៩២​ជាដើម​។ នេះ​បើតាម​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​។​
 
​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ បាន​ពន្យល់ថា ៖«​តាមពិត ការនាំចេញ​ស្រូវ មិន​មានការ​ខុសគ្នា​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ឆ្នាំនេះ ការនាំចេញ​ស្រូវ ពី​ខេត្តតាកែវ ទៅ​វៀតណាម​ផ្ទាល់ មានតែ​តាម​ច្រក​ភ្នំ​ដិ​ន ព្រោះ​ច្រក​ផ្សេងទៀត ភាគី​វៀតណាម ត្រូវបាន​ផ្អាក ដូច្នេះ​បរិមាណ​ស្រូវ ១៣​ម៉ឺន​តោន គិតតែ​ច្រក​ភ្នំ​ដិ​ន​មួយ​ទេ​»​។ លោក ញ៉ិ​ប ស្រ៊ន បាន​បន្ថែមថា ក្រៅពី​នាំ​ស្រូវ​ចេញ តាម​ច្រក​ភ្នំ​ដិ​ន ខេត្តតាកែវ​ក៏បាន​នាំទៅ​ខេត្តកណ្ដាល និង​ខេត្តកំពត​ដែរ​។​
 
​ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដែលមាន​សក្តានុពល​លើ​ផលិតកម្ម​ដំណាំ​ស្រូវ បច្ចុប្បន្ន​ខេត្តតាកែវ បានសម្រេច​ការងារ​ប​ង្ក​បង្កើន​ផល​ស្រូវវស្សា ១០០​ភាគរយ លើ​ផ្ទៃដី​ប្រមាណ ២០​ម៉ឺន​ហិកតា ដែលជា​មធ្យម​ទទួលបាន​ទិន្នផល ៣,៤​តោន ក្នុង​មួយ​ហិកតា​។ ដោយឡែក​សម្រាប់​ការបង្កបង្កើន​ស្រូវប្រាំង​វិញ បានសម្រេច ១០០​ភាគរយ​ដែរ លើ​ផ្ទៃដី​ប្រមាណ ១០​ម៉ឺន​ហិកតា ហើយ​ជា​មធ្យម ទទួលបាន​ទិន្នផល ៤,៨​តោន ក្នុង​មួយ​ហិកតា​។ រីឯ​ការងារ​ប្រមូល​ផល​ស្រូវវស្សា​វិញ ខេត្ត​ទាំងមូល បានសម្រេច​ប្រមាណ ៩០​ភាគរយ និង​ទទួលបាន​ទិន្នផល​ជា​មធ្យម ៣,៤​តោន ក្នុង​មួយ​ហិកតា​។​
 


ការប្រមូលផលស្រូវវស្សា ក្នុងខេត្តតាកែវ (រូបភាពពីលោក វេង សាខុន)

​បើតាម​របាយការណ៍ របស់​មន្ទីរ​កសិកម្ម​ខេត្តតាកែវ នៅ​ឆ្នាំ​២០១៩ ខេត្តតាកែវ ទទួលបាន​ទិន្នផល​ស្រូវវស្សា​ប្រមាណ ៧១​ម៉ឺន​តោន​។ តាម​ការប៉ាន់ប្រមាណ ក្នុង​ឆ្នាំ​២០២០​នេះ បរិមាណ​ស្រូវវស្សា ក៏​ប្រហាក់ប្រហែលគ្នា​ដែរ បើទោះបី​កន្លងមក ធ្លាប់​ការប៉ះពាល់ ដោយ​ទឹកជំនន់ តែ​ក្រោយ​ទឹក​ស្រក​ទៅវិញ ដាំំ​ណាំ​ស្រូវ ហាក់​មាន​ភាពប្រសើរឡើង​វិញ ដែលជា​ហេតុ​មិនបាន​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ​។ នេះ​បើតាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​៕
 
 

Tag:
 ស្រូវ​
 ​តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com