កីឡាជាតិ
ជាតិ
ក្លិប​បាល់ទាត់​កម្ពុជា​ចំនួន​៥ ត្រូវបាន AFC ទទួលស្គាល់​សម្រាប់ AFC Cup 2021
20, Dec 2020 , 1:01 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​របស់​កម្ពុជា​ចំនួន​៥ ទទួលបាន​អាជ្ញាប័ណ្ណ Club Licensing ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​ក្នុងការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFC Cup 2021​។ ចំនួន​នេះ មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​៣​ក្លិប​។
 
​កម្ពុ​ជាមាន​ក្លិប​បាល់ទាត់​ចំនួន​៥​រួមមាន​ក្លិប​បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន វិសាខា និង​អង្គ​រថា​យ​ហ្គឺ​រ ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី​ពីរ​ប្រចាំ​ទ្វីបអាស៊ី AFC Cup​។ សិទ្ធិ​នេះ កើតឡើង​ក្រោយ​ក្លិប​ទាំង​៥​ទទួលបាន​អាជ្ញាប័ណ្ណ Club Licensing ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​។ 
 
​ចំនួន​នេះ កើនឡើង​ចំនួន​ពីរ​ក្លិប​បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដោយ​កាលណោះ​មានតែ​ក្លិប​បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង និង​អង្គ​រថា​យ​ហ្គឺ​រ​តែប៉ុណ្ណោះ​។ 
 
​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AFC ស្តីពី​អាជ្ញាប័ណ្ណ​ក្លិប​សម្រាប់​ព្រឹត្តិការណ៍ AFC Cup 2021 កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ក្លិប​បាល់ទាត់​កម្ពុជា​ចំនួន​១២​បានដាក់​ស្នើសុំ​អាជ្ញាប័ណ្ណ ប៉ុន្តែ​មានតែ​៥​ក្លិប​ប៉ុណ្ណោះ ដែល​ទទួលបាន​ការទទួល​ស្គា​ល់ពី AFC​។ ចំណែក​ក្លិប​៧​ផ្សេងទៀត ពុំ​ទទួល​បានឡើយ ដោយសារ​ពុំមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​តាម​ការតម្រូវ​របស់ AFC​។  
 



បើតាម​លក្ខខណ្ឌ​របស់ AFC ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ AFC Club Licensing ក្លិប​នីមួយៗ​ត្រូវ​គ្រូបង្វឹក​កម្រិត A License, មាន​ក្រុមយុវជន​យ៉ាងតិច​ពីរ ហើយ​គ្រូបង្វឹក​ត្រូវ​សញ្ញាបត្រ​ទាប​បំផុត C License, មាន​កីឡដ្ឋាន​ស្តង់ដា រួមជាមួយ​ទីលាន​ហ្វឹកហាត់ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​ក្លិប​ជាមួយ​កីឡាករ​។ បន្ថែម​លើ​នេះ ត្រូវមាន​កម្មវិធី​អភិវឌ្ឍន៍​យុវជន​, ក្រុមគ្រូពេទ្យ​, ការិយាល័យ​ក្លិប​, រចនាសម្ព័ន្ធ​ក្លិប​, កញ្ចប់​ថវិកា និង​របាយការណ៍​ហិរញ្ញវត្ថុ និង​មន្ត្រីរដ្ឋបាល​៕ 
 
 

Tag:
 បាល់ទាត់​
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com