អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក បៃ​ឌិន បង្ហាញ​សមាសភាព​ក្រុមការងារ​បរិស្ថាន​
20, Dec 2020 , 1:59 pm        
រូបភាព
លោកស្រីតំណាងរាស្ត្រ Deb Haalandបេក្ខភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកស្រីតំណាងរាស្ត្រ Deb Haalandបេក្ខភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយ:
​លោក​ចូ បៃ​ឌិន​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក នៅ​ថ្ងៃទី​១៩ ធ្នូ បានបង្ហាញ​សមាសភាព​បុគ្គល​សំខាន់ៗ នៃ​ក្រុមការងារ​បរិស្ថាន សម្រាប់​រដ្ឋបាល​របស់​លោក​។ លោក​បៃ​ឌិន អះអាងថា អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក នឹង​យក​ការប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ ជា​សសរទ្រូង​មួយ​ដ៏​សំខាន់ ក្នុងការ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក ដែល​ប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

 
​លោក ចូ បៃ​ឌិន អះអាងថា ក្រុមការងារ​បរិស្ថាន​នេះ នឹង​ដឹកនាំ​រដ្ឋបាល​របស់លោក ក្នុងការ​សម្រេច​ផែនការ​ដ៏​មាន​មហិច្ឆតា ក្នុងការ​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​។ បេក្ខភាព​ក្រុមការងារ​បរិស្ថាន មាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រមុខ​ភ្នាក់ងារ​ការពារ​បរិស្ថាន មន្ត្រី​គោលនយោបាយ​អាកាសធាតុ នៃ​សេត​វិមាន និង​នាយក​ក្រុមប្រឹក្សា​គុណភាព​បរិស្ថាន​។

​​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ក្រុង Wilmington រដ្ឋ​Delaware លោក បៃ​ឌិន លើកឡើងថា មនុស្សជាតិ​កំពុងស្ថិត​ក្នុង​វិបត្តិ​។ លោក​ថា គេ​ចាំបាច់​ត្រូវការ​ប្រទេសមួយ​ដែល​រួបរួម ក្នុងការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​ចំពោះ​បេក្ខភាព រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​បៃ​ឌិន បាន​ជ្រើសតាំង​លោកស្រី​តំណាងរាស្ត្រ​Deb Haaland នៃ​រដ្ឋ​ម៉ិ​ក​ស៊ិ​ក​ថ្មី​។ ក្រសួងមហាផ្ទៃ​អាមេរិក មាន​នាទី​ពិនិត្យ​ទៅលើ​ធនធានធម្មជាតិ រួមមាន​ឧទ្យាន​ជាតិ និង​ជម្រក​សត្វព្រៃ​។ បើសិនជា​ព្រឹទ្ធសភា​អាមេរិក យល់ព្រម​លើ​បេក្ខភាព លោកស្រី Deb Haaland នោះ អាមេរិក​នឹងមាន​រដ្ឋមន្ត្រី ដែលជា​ជនជាតិដើម​អាមេរិក​ដំបូងបង្អស់​។​
 
​ចំពោះ​តំណែង​ប្រមុខ​ភ្នាក់ងារ​ការពារ​បរិស្ថាន (EPA) បាន​ទៅ​លោក Michael Regan ដែលជា​អ្នកគ្រប់គ្រង​បញ្ហា​បរិស្ថាន នៅ​រដ្ឋកា​រូ​លៃ​ណា​ខាងជើង​។ ចំណែក​តំណែង អគ្គ​នាយក្រុម​ប្រឹក្សា​គុណភាព​បរិស្ថាន បាន​ទៅ​លោក Brenda Mallory ដែលជា​មេធាវី​ជំនាញ​បរិស្ថាន​។ លោក​Regan និង​Mallory ជា​ជនជាតិ​អាហ្វ្រិក​-​អាមេរិក​។ លោក​បៃ​ឌិន ប្រកាស​នៅ​ថ្ងៃទី​១៩ ធ្នូ ថាគណៈរដ្ឋមន្ត្រី​របស់លោក នឹងមាន​ជនជាតិ​អាហ្វ្រិក​-​អាមេរិក ចំនួន​៦​រូប​។​
 
​លោក​បៃ​ឌិន ក៏បាន​ជ្រើស​យក​លោក Gina McCarthy អតីត​ប្រធាន​ភ្នាក់ងារ EPA ជំនាន់​លោក​អូ​បា​ម៉ា មក​ធ្វើជា​មន្ត្រី​មន្ត្រី​គោលនយោបាយ​អាកាសធាតុ នៃ​សេត​វិមាន​ផងដែរ​។ កាលពី​ខែ​មុន លោក​បៃ​ឌិន ក៏បាន​ជ្រើសតាំង​លោក ច​ន ខេ​រី អតីតរដ្ឋមន្ត្រី​ការបរទេស មកកាន់​តំណែង​ជា​ប្រេសិត​អាមេរិក ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។​
 
​លោក បៃ​ឌិន សន្យាថា រដ្ឋបាល​របស់លោក​នឹងធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ដឹកជញ្ជូន និង​ថាមពល ដើម្បី​អាច​ធានាបាន​ទៅនឹង​អាកាសធាតុ ដែលមាន​សភាប​កាន់ តែ​កាច​សាហាវ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ បន្ថែម​ពីនេះ លោក​ក៏​នឹង​សាងសង់​ស្ថានីយ សាក​ថាមពលអគ្គីសនី​យានយន្ត​ចំនួន​៥​សែន​កន្លែង នៅ​ទូទាំងប្រទេស និង​កសាង​ផ្ទះ​ចំនួន​១,៥​លាន​ខ្នង ដែល​សន្សំសំចៃ​ថាមពល​។ ស្របពេល​គ្នា​នេះដែរ លោ​កថា​អាចបង្កើត​ការងារ​ចំនួន ២៥​ម៉ឺន កន្លែង​បន្ថែមទៀត ដោយ​ដើម្បី​បិទ​អណ្តូងប្រេង និង​ឧស្ម័ន ដែល​ត្រូវ​បោះបង់ចោល ហើយ​បង្ក​ជា​ហានិភ័យ ចំពោះ​សុខភាព និង​សុវត្ថិភាព​។​
 
​ចំពោះ​ការប្តេជ្ញាចិត្ត​អន្តរជាតិ​វិញ លោក​បៃ​ឌិន បញ្ជាក់ថា​នឹងចូលរួម​ជាថ្មី ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥ ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក ចេញ​កាលពី​ឆ្នាំ​២០១៨៕

© រក្សាសិទ្ធិដោយ thmeythmey.com