កីឡាជាតិ
ជាតិ
កីឡាករ ភួន ឡាំងកូស៊ីន ឡើងវគ្គទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ
20, Dec 2020 , 2:17 pm        
រូបភាព
ដោយ:
កីឡាករ ភួន ឡាំងកូស៊ីន បានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតដណ្តើមពានរង្វាន់អធិរាជគុនខ្មែរ ISI PAlM ISI PIPE ក្រោយយកឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នាសង្វៀនភីអិនអីននៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ។ ឡាំងកូស៊ីន ត្រូវរង់ចាំការប្រកួតរវាងកីឡាករ រិន ដេវីដ ជាមួយកីឡាករ ខេម ចាន់ នៅសប្តាហ៍ក្រោយ។ 
 
នាជំនួបវគ្គកណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ទាំងកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង ភួន ឡាំងកូស៊ីន នៅទឹកទី១ហាក់ខ្លាចគ្នាទៅវិញទៅមក។ ប៉ុន្តែពួកគេបានព្យាយាមប្តូរកណ្តាប់ដៃ និងជើងដាក់គ្នាទៅមកផងដែរ។ យើងសង្កេតកីឡាករ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃច្រើនជាងជើង រីឯ ឡាំងកូស៊ីន ប្រើជើងនិងជង្គង់ច្រើនជាងដៃ។
 
ឈានដល់ទឹកទីពីរកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលមានប្រៀបផ្នែកកម្លាំងបានព្យាយាមដើរចូល ដើម្បីដាក់សម្ពាធលើកីឡាករ ភួន ឡាំងកូស៊ីន ដែលព្យាយាមប្រើជើងធាក់ទប់ពីការសម្រុករបស់គូប្រកួត។ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃ និងជើងធ្ងន់ៗជាច្រើនទៅលើ ឡាំងកូស៊ីន ដែលប្រើជើងទាត់មកលើគូប្រកួត។   
 
នៅទឹកទី៣កីឡាករបង្គោលក្រហម ពេជ្រ ប៊ុនសិទ្ធ នៅតែបន្តដើរចូល និងប្រើកណ្តាប់ដៃ និងជើង ដើម្បីដាក់សម្ពាធលើដៃគូដដែល។ ប៉ុន្តែការដើរចូលលើកនេះ ត្រូវបានកីឡាករ ភួន ឡាំងកូស៊ីន ប្រើជើងទាត់ និងជង្គង់ជាច្រើនមកលើកីឡាករបង្គោលក្រហម ដែលធ្វើឲ្យគេរាងថមថយកម្លាំងបន្តិចនៅក្នុងទឹកនេះ។ 
 
ឈានដល់ទឹកទី៤កីឡាករ ភួន ឡាំងកូស៊ីន នៅតែបន្តចាំត្រងពីការដើរចូលរបស់ ប៊ុនសិទ្ធ ហើយរូបគេបានប្រើជើងជាច្រើនទាត់ទៅលើគូប្រកួត ដែលព្យាយាមប្រើកណ្តាប់ដៃធ្ងន់ៗមកលើរូបគេ។ នៅទឹកទី៥កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅតែបន្តដើរចូលទៅរក ឡាំងកូស៊ីន តែមិនសូវទទួលបានលទ្ធផលនោះទេ ដោយត្រូវបានគូប្រកួតប្រើជើងទាត់ជាច្រើនមកលើខ្លួន។ 
 
ជាលទ្ធផលចប់ការប្រកួត៥ទឹកពេញអាជ្ញាកណ្តាលទាំង៥រូបបានសម្រេចឲ្យកីឡាករ ភួន ឡាំងកូស៊ីន ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៥-០។ ជ័យជម្នះនេះជួយឲ្យ ភួន ឡាំងកូស៊ីន ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន។ កូនសិស្សលោកគ្រូ សាន់ សៅយ៉ាន់ រូបនេះ អាចជួយជាមួយកីឡាករ រិន ដេវីដ ឬកីឡាករ ខេម ចាន់ ដែលត្រូវប្រកួតនៅសប្តាហ៍ក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  ភួន ឡាំងកូស៊ីន
  ពេជ្រ ប៊ុនសិទ្ធ
  PNN
© រក្សាសិទ្ធិដោយ thmeythmey.com