COVID-19
អន្តរជាតិ
ម៉ាឡេស៊ី នឹងទទួលវ៉ាក់សាំងកូវីដ-១៩ពីក្រុមហ៊ុន Pfizer លើកដំបូងនៅខែកុម្ភៈ
20, Dec 2020 , 3:07 pm        
រូបភាព
ដោយ៖ កង ម៉េងហុង
 
ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ថា ម៉ាឡេស៊ីរំពឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនផលិឱសថ Pfizer និង BioNTech នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ។
 
កាលពីខែមុន ម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានយល់ព្រមទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech ចំនួន ១២,៨ លានដូស។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន១លានដូសដំបូងក្នុងត្រីមាសទី១ ឆ្នាំ ២០២១ និងចំនួន១,៧លានដូស, ៥,៨ លានដូសនិង៤,៣ លានដូសក្នុងត្រីមាសបន្តបន្ទាប់។
 
ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ចុះផ្សាយដោយស្រង់សម្ដីរដ្ឋមន្រ្តីពាណិជ្ជកម្ម Mohamed Azmin Ali ថា រដ្ឋាភិបាលក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនឱសថដទៃទៀត ដើម្បីធានាថា នឹងទទួលបានវ៉ាក់សាំងបន្ថែមទៀត។
 
«រដ្ឋាភិបាលកំពុងប្រឹងប្រែងដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យើង។ រដ្ឋាភិបាលនឹងទទួលយកដំបូន្មានរបស់ក្រសួងសុខាភិបាលទាក់ទងនឹងភាគរយនៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំង»។ នេះជាការបញ្ជាក់របស់លោក Azmin Ali ដែលដកស្រង់ដោយ Bernama ។ 
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer និងក្រុមហ៊ុនដៃគូនៅអាល្លឺម៉ង់ BioNTech មានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជជាមួយប្រទេសជាច្រើនហើយដូចអាមេរិក អាឡឺម៉ង់ ជប៉ុន កាណាដា អូស្រ្តាលី និងអង់គ្លេសជាដើម។ ពួកគេរំពឹងថា នឹងផលិតវ៉ាក់សាំងទូទាំងពិភពលោកចំនួន៥០លានដូសនៅឆ្នាំ២០២០ និងរហូតដល់ ១,៣ ពាន់លានដូសនៅឆ្នាំ២០២១ ។
 
យោងតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងកូវីដ-១៩ ដែលសក្តានុពលជាង ១៥០ កំពុងត្រូវបានបង្កើតឡើង និងសាកល្បងជាសកល ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ វ៉ាក់សាំងចំនួន ៤៨ ប្រភេទកំពុងត្រូវបានសាកល្បងលើមនុស្សផងដែរ៕

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com