ជាតិ
អ្នកស្រី កន ភារម្យ រកចំណូលបាន៨-១០លានរៀល ក្នុងមួយខែ ពីការលក់កូនមាន់ និងស៊ុតមាន់
20, Dec 2020 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នកស្រី កន ភារម្យ រស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ផ្ដើមចិញ្ចឹមមាន់ក្នុងឆ្នាំ ២០១៦ ដោយចាប់ផ្ដើម ជាមួយមេមាន់ ១០ក្បាល បច្ចុប្បន្នអ្នកស្រី ក្លាយជាប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ក្នុងខេត្តតាកែវ។ ជាប្រធានបណ្តុះអាជីវកម្មចិញ្ចឹមមាន់ផង និងចិញ្ចឹមមាន់ខ្លួនឯងផង ស្ត្រីវ័យ៤៩ឆ្នាំ រូបនេះបច្ចុប្បន្ន អាចមានចំណូលពី ៨លានរៀល ទៅ១០លានក្នុងមួយខែ ពីការលក់កូនមាន់ និងស៊ុតមាន់។ ក្រោយទូទាត់ចំណាយចេញ អ្នកស្រីអាចចំណេញបានប្រមាណ៤លានរៀល។
 
បច្ចុប្បន្ន បណ្ដុំអាជីវកម្មចិញ្ចឹម និងភ្ញាស់កូនមាន់ មានសមាជិកចំនួន ៧០គ្រួសារ បានចងក្រងជាបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ស្ថិតក្នុងគម្រោង អាស្ប៉ាយ។ ដោយមានការ សម្របសម្រួល ពីមន្ទីរកសិកម្ម នៅឆ្នាំ ២០១៩ ចងក្រងជាបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ បានធ្វើឲ្យជីវភាពប្រសើរឡើង ទាំងសមាជិកក្រុម និងអ្នកស្រីផ្ទាល់។
 
មានវ័យ ៤៩ឆ្នាំ ស្រ្តីរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទយ៉ាងដូច្នេះ៖«ចាប់ផ្ដើមចិញ្ចឹមនៅឆ្នាំដំបូងៗ មិនសូវកាកកបទេ ព្រោះអត់បច្ចេកទេសចិញ្ចឹម តែដល់ឆ្នាំ ២០១៧ ខាងមន្ទីរកសិកម្មបានចុះ ផ្ដល់ទូភ្ញាស់កូនមាន់ និងបង្រៀនពីបច្ចេកទេសភ្ញាស់កូនមាន់ ក៏មានការកាកកបរហូតមក»។ អ្នកស្រីបន្ថែមទៀតថា ដោយនៅឆ្នាំ២០១៩ មានការចងក្រងកសិករចិញ្ចឹមមាន់ជាបណ្ដុំអាជីវកម្ម ហើយអ្នកស្ដ្រីត្រូវបានជាប់ឈ្មោះជាប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ក្នុងខេត្តតាកែវ ដោយសារអ្នកស្រី ចាប់ផ្ដើមចិញ្ចឹមមុនគេ និងមានទំហំច្រើនជាងគេ។
 
ការចូលជាសមាជិក នៃបណ្ដុំអាជីវកម្ម មិនត្រឹមតែជួយឲ្យជីវភាពអ្នកចិញ្ចឹមមាន់ទាំងអស់ប្រសើរឡើងទេ តែអ្នកស្រីផ្ទាល់ ក៏មានជីវភាពធូរធារដែរ។ អ្នកស្រីបានលើកឡើងថា៖«មុនចងក្រងជាបណ្ដុំអាជីវកម្ម ជីវភាពគ្រួសារខ្ញុំខ្វះខាត ត្រូវឲ្យកូនម្នាក់ ឈប់រៀន ដើម្បីជួយការងារផ្ទះ និងរបរចិញ្ចឹមមាន់។ តែក្រោយចូលក្នុងបណ្ដុំអាជីវកម្ម កូនអ្នកស្រី ២នាក់ផ្សេងទៀត បានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ»។
 
ដ្បិតមុខរបរអ្នកស្រី មានភាពប្រសើរឡើង តែទាំងអ្នកស្រី និងអ្នកចិញ្ចឹមមាន់ផ្សេងទៀត បានរអ៊ូរទាំពីការចំណាយច្រើនលើថ្លៃភ្លើង សម្រាប់ភ្ញាស់កូនមាន់ផងដែរ។ សម្រាប់សមាជិកអ្នកស្រី ជាមធ្យមត្រូវចំណាយថ្លៃភ្លើង ប្រមាណ ១លានរៀល ក្នុងមួយខែ ខណៈអ្នកស្រី កន ភារម្យ ត្រូវចំណាយប្រមាណ ៦លាន ក្នុងមួយខែ។ ក្នុងនោះសមាជិកម្នាក់ៗ អាចទទួលបានប្រាក់ចំណេញ ៦០ម៉ឺនរៀល ក្នុងមួយខែ។ ខណៈអ្នកស្រី កន ភារម្យ អាចទទួលបានប្រាក់ចំណូលប្រមាណ ៨-១០លានរៀលក្នុងមួយខែ ជាមួយមេមាន់ ២០០ក្បាល។ ក្រោយដកប្រាក់ចំណាយរួច អ្នកស្រី ភារម្យ អះអាងថា គាត់ចំណេញប្រមាណ៤លានរៀល។
 
បច្ចុប្បន្ន បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នេះអាចផលិតស៊ុតមាន់ បានចំនួន ៧ ម៉ឺនគ្រាប់ ក្នុងមួយខែ (១គ្រាប់ តម្លៃ ១ ៣០០រៀល)។ ដោយឡែកការភ្ញាស់កូនមាន់វិញ បានប្រមាណ ៦ ម៉ឺនក្បាល ក្នុងមួយខែ (កូនមាន់ ១ក្បាល តម្លៃ ៣ ៥០០-៤ ០០០រៀល)៕






បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ក្នុងខេត្តតាកែវ


អ្នកស្រី កន ភារម្យ ប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ក្នុងខេត្តតាកែវ


Tag:
 ចិញ្ចឹមមាន់
 កន ភារម្យ
© រក្សាសិទ្ធិដោយ thmeythmey.com