កីឡាជាតិ
ជាតិ
នាយកបច្ចេកទេសថ្មីរបស់ក្លិបណាហ្គាវើល ធ្លាប់ដឹកនាំក្លិបនៅប្រេស៊ីល និងនៅអាស៊ីជាច្រើន
20, Dec 2020 , 8:29 pm        
រូបភាព
ដោយ:
ក្លិបបាល់ទាត់ណាហ្គាវើល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសស្វាគមន៍ លោក Jose Alves Borges នាយកបច្ចេកទេសថ្មីរបស់ក្លិប។ បុរសជោគជាំដោយបទពិសោធន៍ ជាមួយកីឡាបាល់ទាត់រូបនេះ ធ្លាប់ដឹកនាំក្លិបបាល់ទាត់នៅប្រទេសប្រេស៊ីល និងអាស៊ីជាច្រើន ហើយ លោក ក៏ធ្លាប់ធ្វើជានាយកបច្ចេកទេសក្លិបដ៏ល្បីចំនួនពីរ នៅប្រទេសថៃផងដែរ។ 
 
លោក Jose Alves Borges ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកទេស ក្លិបបាល់ទាត់ណាហ្គាវើល។ បើតាមលោក មាស ចាន់ណា គ្រូបង្វឹកក្លិបណាហ្គាវើល នេះជាលើកទី១ហើយ ដែលណាហ្គាវើល មាននាយកបច្ចេកទេស តាំងពីក្លិបត្រូវបានបង្កើតនៅឆ្នាំ២០០១។ ក្លិបរំពឹងថា វត្តមាន លោក Jose នឹងជួយឲ្យក្លិបមានការផ្លាស់ប្តូរ និងទទួលបានលទ្ធផលល្អនៅរដូវកាលក្រោយ។  
 
បើតាមការបញ្ជាក់របស់ក្លិប ណាហ្គាវើល សម្រាប់តំណែងជានាយកបច្ចេកទេស លោក Jose Alves Borges មានតួនាទីមើលការខុសត្រូវ នៅសាលាបាល់ទាត់ណាហ្គាវើល ខេត្តកំពុងស្ពឺ និងចូលរួមផ្តល់គំនិតយោបល់ និងកែតម្រូវរាល់ចំណុចខ្វះខាត របស់គ្រូបង្វឹកទាំងអស់ របស់ក្លិប រួមទាំងលោក មាស ចាន់ណា ផងដែរ។   
 
មុនមកធ្វើជានាយកបច្ចេកក្លិបណាហ្គាវើល បុរសវ័យ៦០ឆ្នាំជោគជាំដោយបទពិសោធបាល់ទាត់រូបនេះ ធ្លាប់ដឹកនាំក្លិបជាច្រើននៅប្រទេសប្រេស៊ីល ចិន ថៃ និងមីយ៉ាន់ម៉ាជាដើម។ លោក ក៏ធ្លាប់ធ្វើជានាយកបច្ចេកទេសក្លិប Muang Thong និង Buriram United ផងដែរ។ នេះបើតាមការលើកឡើងរបស់ក្លិបណាហ្គាវើល។ 
 
បុរសជនជាតិប្រេស៊ីលខាងលើ ធ្លាប់ដឹកនាំក្លិបយុវជននៅស្រុកកំណើតរបស់លោក នៅប្រេស៊ីល Sao Paulo, ក្លិបយុវជននៅចិន Shanghai Greenland Shenhua, ក្លិបនៅប្រទេសថៃ Thailand Tobacco Monopoly, Buriram United, TTM Customs, Yadannarbon របស់មីយ៉ាន់ម៉ា និងក្លិបជាច្រើនទៀតនៅប្រទេសថៃ៕ 
 

Tag:
 បាល់ទាត់
  ណាហ្គាវើល
  Jose Alves Borges
© រក្សាសិទ្ធិដោយ thmeythmey.com