អន្តរជាតិ
លោកត្រាំ ចោទចិនចំពោះការវាយប្រហារមកលើប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលអាមេរិក
20, Dec 2020 , 8:59 pm        
រូបភាព
ការវាយប្រហារលើប្រព័ន្ធអ៊ីនធើណែត។_រូបតំណាង។រូបភាព៖AFP
ការវាយប្រហារលើប្រព័ន្ធអ៊ីនធើណែត។_រូបតំណាង។រូបភាព៖AFP
ដោយ:
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាចិន ប្រហែលជាអាចស្ថិតនៅពីក្រោយការវាយប្រហារអ៊ីនធឺណិត មកលើប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលអាមេរិក។ ការលើកឡើងនេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស លោកម៉ៃ ប៉ុមប៉េអូ ដែលអះអាងថារុស្ស៊ីអ្នកនាំពីក្រោយ។ លោកត្រាំ ត្រូវបានគេអះអាងថា មើលស្រាលស្ថានការណ៍ ដោយមិនខ្វល់ពីផលប៉ះពាល់ នៃការវាយប្រហារនេះឡើយ។

កាលពីថ្ងៃទី១៩ ធ្នូ លោកត្រាំអះអាងថា ចិនប្រហែលជានៅពីក្រោយការវាយប្រហារ បង្កប់កម្មវិធីបញ្ឆោត ចូលទៅតាមដានប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនអាមេរិកផ្សេងទៀតនៅជុំវិញពិភពលោក។ តាមបណ្តាញសង្គម Twitterលោកត្រាំ អះអាងថា ការណ៍ដែលគេនាំគ្នាចោទទៅលើរុស្ស៊ី នៅពេលមានអ្វីៗកើតឡើង គឺដោយសារតែប្រព័ន្ធផ្សព្វផ្សាយអាមេរិ កខ្លាចចិន។ យ៉ាងណាក្តី លោកត្រាំ ពុំបានបង្ហាញភស្តុតាងអ្វីឡើយ។
 
ប៉ុន្តែនៅថ្ងៃទី១៨ ធ្នូ ប្រមុខការបរទេស លោកប៉ុមប៉េអូ ថាការវាយប្រហារនេះ ធ្វើឡើងដោយរុស្ស៊ី និងការណ៍ដែលរដ្ឋបាលលោកត្រាំ ស្ងប់ស្ងាត់ គឺដោយចង់ឲ្យការស៊ើបអង្កេត ប្រព្រឹត្តទៅដោយរលូន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានច្រានចោលនូវការចោទប្រកាន់នេះ។ ចំណែកប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន បានបង្ហាញសេចក្តីបារម្ភ ចំពោះបញ្ហានេះផងដែរ។
 
ព័ត៌មានស្តីពីការវាយប្រហារនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៣ ធ្នូ នៅថ្ងៃបន្ទាប់ ក្រុមហ៊ុន Solar Winds អះអាងថា ការវាយប្រហារចូលក្នុងកម្មវិធីកុំព្យូទ័ររបស់ខ្លួន ប៉ះពាល់អ្នកប្រើប្រាស់ជាង១៨,០០០ គណនី។ ក្រុមហ៊ុន Solar Winds ផ្តល់កម្មវិធីកុំព្យូទ័រដល់រដ្ឋាភិបាល និងក្រុមហ៊ុនអាមេរិក។ ចំណែកក្រុមហ៊ុន Microsoft ដែលប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Solar Winds អះអាងថា អ្នកប្រើប្រាស់ចំនួន៨០ភាគរយ ក្នុងទឹកដីអាមេរិក ប៉ះពាល់ដោយការវាយប្រហារនេះ។ ចំណែកឯអ្នកប្រើប្រាស់នៅក្រៅប្រទេស ដែលប៉ះពាល់ មានអង់គ្លេស បែលហ្ស៊ិក កាណាដា អ៊ីស្រាអែល អេស្ប៉ាញ និងអេមីរ៉េតអារ៉ាប់រួម។
 
ទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខអនឡាញអាមេរិក (CISA) និយាយថា ការវាយប្រហារនេះ ចាប់ផ្តើមនៅខែមីនា ដោយអ្នកប្រព្រឹត្ត ប្រើប្រាស់បច្ចេកវិទ្យាយ៉ាងស្មុគស្មាញ និងមានភាពអំណត់ខ្ពស់។ CISA អះអាងថា ការវាយប្រហារនេះ ពុំទាន់រាលដាល ដល់កន្លែងគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែបានប៉ះពាល់ដល់បណ្តាញខ្លះ របស់ក្រសួងថាមពល។
 
ក្រសួងអាមេរិក ដែលរងការវាយប្រហារនេះ មានក្រសួងសន្តិសុខមាតុភូមិ ក្រសួងរតនាគារជាតិ និងក្រសួងការបរទេស។ ការលបចូលបង្កប់ខ្លួនខ្លះ ឈានទៅដល់ការពិនិត្យសារអេឡិចត្រូនិកទៅទៀត ប៉ុន្តែអ្វីដែលសំខាន់ អាមេរិក ពុំទាន់អាចកំណត់បានថា តើអ្វីជាគោលបំណងនៃការវាយប្រហារនេះ។
 
លោក Dmitri Alperovitch អ្នកបច្ចេកទេស កិច្ចការសន្តិសុខអនឡាញ និយាយថា ក្រោយការវាយប្រហារនេះ អាមេរិក ត្រូវរៀបរាងបណ្តាញបច្ចេកវិទ្យារបស់ខ្លួនឡើងវិញ។ លោកបន្ថែមថា ការបោសសម្អាតផលប៉ះពាល់ បណ្តាលមកពីការវាយប្រហារនេះ គ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ដោយមានរឿងវែងឆ្ងាយ ត្រូវដោះស្រាយទៀត៕
 
 

Tag:
 ចិន
 អាមេរិក
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com