ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ជួបជាមួយអ្នកគ្រប់គ្រង បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ
20, Dec 2020 , 11:59 pm        
រូបភាព
ដោយ:
ពោធិ៍សាត់៖ បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ជាទីតាំងដែលប្រជាជនឆ្លងកាត់ខេត្តពោធិ៍សាត់ តែងចូលគោរព អុចធូប សុំសេចក្ដី។ បើតាមលោក ផាន់ សុផាត អ្នកគ្រប់គ្រងនៅបូជនីយដ្ឋានលោកតា ឃ្លាំង មឿង ទីតាំងនេះតែងមានទេសចរ ទៅលេងមិនចេះដាច់ ព្រោះទេសចរចង់ឃើញ ព្រះភ័ក្ត្រមេទ័ពខ្មែរដ៏ក្លាហានរូបនេះ។ ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ទីតាំងនេះមិនដែលស្ងាត់ អ្នកចូលបន់ស្រន់នោះដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញ លោក អ្នកនាងទស្សនាបទសម្ភាស របស់កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ផាន់ សុផាត អ្នកគ្រប់គ្រងនៅបូជនីយដ្ឋានលោកតា ឃ្លាំង មឿង ដូចតទៅ៖ 

 
 
បូជនីយដ្ឋានប្រវត្តិសាស្ត្រលោក ឧកញ៉ា ឃ្លាំង មឿង នេះបានកត់ត្រាទុកប្រវត្តិដ៏អស្ចារ្យ និងអច្ឆរិយរបស់លោកតាឃ្លាំងមឿង ដែលជាវីរជនក្លាហានក្នុងប្រវត្តិសាស្ត្រខ្មែរ។ ក្រៅពីជាទីតាំងប្រវត្តិសាស្ត្រ ទីតាំងនេះ ក៏តែងមានភ្ញៀវទេសចរទៅអង្គុយ សម្រាកលេង ព្រោះមានទីធ្លាធំទូលាយ មានរូបចម្លាក់បែបសាសនា និងប្រវត្តិសាស្ត្រជាច្រើន។ ដើមឈើធំៗ ក៏បានផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃ ដល់ភ្ញៀវទេសចរផងដែរ។ ភ្ញៀវទេសចរ ក៏អាចទៅបូជនីយដ្ឋានមួយនេះ បោះចំណីឲ្យសត្វព្រាប និងឲ្យចំណីត្រីផងដែរ។
 
លោក ផាន់ សុផាត អ្នកគ្រប់គ្រងនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតា ឃ្លាំង មឿង បានលើកឡើងថា ជាទូទៅនៅបូជនីយដ្ឋានលោកតា ឃ្លាំង មឿង មានទេសចរទៅលេងមិនចេះដាច់នោះទេ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ។ ប៉ុន្តែនៅទីនោះតែងអនុវត្តវិធានសុវត្ថិភាព ដោយមានការរក្សាគម្លាតរបស់ទេសចរ ការលាងដៃ និងផ្ដល់ជូនម៉ាស់ឥតគិតថ្លៃ ដល់អ្នកចូលបន់ស្រន់ផងដែរ។ លោកបានថ្លែងដូច្នេះថា៖ « ភាគច្រើនមិនថាភ្ញៀវក្នុងខេត្ត ឬអ្នកឆ្លងកាត់ ជាទូទៅគាត់តែងមកដល់កន្លែងនេះផ្ទាល់ ។ ភ្ញៀវដែលមកទីនេះ ភាគច្រើនមកសុំសេចក្ដីសុខ និងប៉ងប្រាថ្នាអ្វីមួយ។ អ្នកខ្លះទៀត មកព្រោះចង់ឃើញ រូបសំណាក របស់លោកតា ឃ្លាំង មឿង »។
 
សូមជម្រាបផងដែរថា បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកតា ឃ្លាំង មឿង មានទីតាំងស្ថិតនៅ ឃុំស្នាមព្រះ ស្រុកបាកាន មានចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់។ ដើម្បីទៅដល់បូជនីយដ្ឋាននេះ គឺត្រូវធ្វើដំណើរចេញពីក្រុងពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥ ចម្ងាយ៧គីឡូម៉ែត្រ រួចបត់ទៅត្បូង តាមណ្ដោយ ផ្លូវជាតិលេខ៥៥ ត្រឹម១គីឡូម៉ែត្រ នឹងទៅដល់បូជនីយដ្ឋានមួយនេះ៕

Tag:
 អ្នកតាឃ្លាំងមឿង
  ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com