COVID-19
អន្តរជាតិ
ថៃ បិទខេត្តសាមុតសាខន ក្រោយផ្ទុះការឆ្លងជំងឺកូវីដ-១៩ជាង៥០០ករណី
20, Dec 2020 , 3:59 pm        
រូបភាព
ការធ្វើតេស្តអ្នកសង្ស័យថាឆ្លងជំងឺកូវីដ ១៩នៅខេត្តសាមុតសាខន។រូបភាព៖AFP
ការធ្វើតេស្តអ្នកសង្ស័យថាឆ្លងជំងឺកូវីដ ១៩នៅខេត្តសាមុតសាខន។រូបភាព៖AFP
ដោយ:
រដ្ឋាភិបាលថៃ បានសម្រេចបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ គឺចាប់ពីទី២០ ធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៣ មករាឆ្នាំ២០២១។ បន្ថែមពីនេះ បំរាមគោចរ នឹងត្រូវដាក់ឲ្យអនុវត្ត ពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ត្រូវបានហាមឃាត់។ ការបិទខេត្តទាំងស្រុងនេះ ធ្វើឡើង បន្ទាប់ពីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាង៥០០ករណី កាលពីថ្ងៃទី១៩ ធ្នូ។

 
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានជំងឺឆ្លងថៃ អះអាងថា កាលពីថ្ងៃទី១៨ធ្នូ ករណីឆ្លងមានត្រឹមតែ១៣ប៉ុណ្ណោះ ប៉ុន្តែក្រោយការធ្វើតេស្តមនុស្សចំនួន ១,១៩២នាក់មក ចំនួនអ្នកឆ្លងកើនឡើងដល់ ៥៧៦ករណី។ លោកថា ភាគរយនៃអ្នកឆ្លង គឺ៤៣ភាគរយ ហើយ៩០ភាគរយ នៃអ្នកដែលផ្ទុកជំងឺនេះមិនបញ្ចេញរោគសញ្ញាឡើយ។ នេះយោងតាមសារព័ត៌មានBangkok Post។
 
លោកវេជ្ជបណ្ឌិតOpas និយាយថា អ្នកឆ្លងមួយភាគធំ គឺជាកម្មករបរទេស ហើយលោកទទួលស្គាល់ថា នឹងមានករណីឆ្លងបន្ថែមទៀត ជាពិសេសនៅក្នុងសហគម៍ជុំវិញផ្សារលក់គ្រឿងសមុទ្រ។ យ៉ាងណាក្តី លោកថា អាជ្ញាធរថៃ មានមានទំនុកចិត្ត ក្នុងការគ្រប់គ្រងស្ថានការណ៍ដោយស្គាល់ពីប្រភពនៃការឆ្លង និងបញ្ឈប់បាន។ បន្ថែមពីនេះ អ្នកឆ្លង គឺជាកម្មករចំណាកស្រុកដែលនៅក្មេង និងមានសុខភាពរឹងមាំ។
 
ជាវិធានការបង្ការ លោកវេជ្ជបណ្ឌិត Opas បានអំពាវនាវឲ្យអ្នកលក់ និងអ្នកទិញ ក្នុងផ្សារលក់គ្រឿងសមុទ្រ ចាប់ពីថ្ងៃទី១ ធ្នូទៅ ទៅធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ថ្ងៃ។
 
លោក Verasak Vichitsangsri អភិបាលខេត្តសាមុតសាខន អះអាងថា ចំនួននៃការឆ្លងនេះ គឺច្រើនហួសពីការរំពឹងទុក។ រដ្ឋបានខេត្តសាមុតសាខន បានបង្កើនកម្រិតអាសន្នកូវីដ-១៩ រហូតដល់ថ្ងៃទី៣ មករា។ បន្ថែមពីនេះ ផ្សារលក់បង្គា និងកន្លែងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យមានការចេញចូលឡើយ។
 
ការផ្ទុះជំងឺកូវីដ-១៩ រហូតដល់មានអ្នកឆ្លងចំនួនជាង៥០០នាក់នេះ ដោយសារតែមានករណីឆ្លងដំបូងក្នុងស្រុក ចំនួន១២នាក់ នៅក្នុងខេត្តសាមុតសាខន។ ក្នុងនោះ ករណីឆ្លងក្នុងស្រុកចំនួន៨ ត្រូវបានរកឃើញថា បានប៉ះពាល់ជាមួយស្ត្រី អ្នកលក់បង្គាអាយុ៦៧ឆ្នាំ និងដែលតេស្តវិជ្ជមាន កាលពីសប្តាហ៍មុន ដោយធ្លាក់ខ្លួនឈឺ នៅថ្ងៃទី១៣ ធ្នូ។ ករណី៣ ក្នុងចំណោម៨ខាងលើ គឺជាសាច់ញាតិរបស់ស្ត្រី អ្នកលក់បង្គា។ រីឯករណី៥ទៀត គឺអ្នកដែលប៉ះពាល់ជាមួយស្តី្រអ្នកលក់បង្គា ដោយមាន៣រូប ជាកម្មករជនជាតិមីយ៉ាន់ម៉ា។ ប៉ុន្តែមានករណីឆ្លងចំនួន៤ទៀត ដែលពុំទាន់រកឃើញប្រភព។
 
ឧស្សាហកម្មគ្រឿងសមុទ្រថៃ នៅខេត្តសាមុតសាខន ជួលកម្លាំងពលករមីយ៉ាន់ម៉ា រាប់ពាន់នាក់។ រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្លាប់បានអះអាងថា ករណីឆ្លង អាចនឹងមានប្រភពចេញពីសហគមន៍ពលករចំណាកស្រុកមីយ៉ាន់ ដោយសារមីយ៉ាន់ម៉ា មានករណីឆ្លងច្រើនចាប់តាំងពីខែកញ្ញាមក។ កម្មករចំណាកស្រុកចំនួន៥១៦នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩នេះ។ ការឆ្លងជាង៥០០ករណីនេះ នាំឲ្យថៃមានករណីសរុប ចំនួន៤,៣៣១ករណី។
 
ជាការការពារ ខេត្តសាមុតសាខន បានបិទទីតាំងជួបជុំជាបណ្តោះអាសន្ន ចំនួន២សប្តាហ៍ រួមមានសាលារៀន កីឡដ្ឋាន កន្លែងលក់ទំនិញ រោងភាពយន្ត និងកន្លែងស្ប៉ាជាដើម៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com