អន្តរជាតិ
លោក ឌូទើតេ ព្រមជាប់គុកតាមវាសនា បើ ICC ចាត់វិធានការលើរូបលោក
20, Dec 2020 , 11:29 pm        
រូបភាព
រូបភាព​ Xinhua
រូបភាព​ Xinhua
ដោយ:
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញរបាយការណ៍ប្រចាំឆ្នាំមួយស្តីពីការអនុវត្តការងាររបស់តុលាការ ដោយក្នុងនោះបានរំលេចពីមូលដ្ឋានគួរយកជាការបាននៃការពាក់ព័ន្ធរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ តាមអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិលោកស្រី Fatou Bensouda ICC នឹងប្រកាសសេចក្តីសម្រេចថា តើនឹងបើកការស៊ើបអង្កេតផ្លូវការលើករណីនេះយ៉ាងយូរត្រឹមឆមាសទី១ឆ្នាំក្រោយ។
 
តាមរយៈរបាយការណ៍កម្រាស់ ៧៤ ទំព័រ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបង្ហាញពីលទ្ធផលមួយចំនួន បន្ទាប់ពីតុលាការ បានបើកការអង្កេតបឋមស្តីពីការស្លាប់មនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងប្រតិបត្តិការ សង្គ្រាមគ្រឿងញៀនក្រោមរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ គិតចាប់ពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ មីនា ឆ្នាំ២០១៩។  
 
ជាការសរុបរួមក្នុងការិយបរិច្ឆេទនេះ តុលាការ បានរកឃើញពីមូលដ្ឋានសមហេតុសមផល និងយកជាការបាន ដែលបង្ហាញថា បទល្មើសប្រឆាំងមនុស្សជាតិ, ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញរាងកាយ និងផ្លូវចិត្ត ដែលមានចែងក្នុងលក្ខន្តិកៈក្រុងរ៉ូម ត្រូវបានប្រព្រឹត្តឡើងក្នុងអធិបតេយ្យរបស់ហ្វីលីពីន ដែលមានជាប់ពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ ដែលបានអនុវត្តទូទាំងប្រទេសនោះ។
 
ជាមួយគ្នានេះ តុលាការ ក៏បានគូសបញ្ជាក់ជាថ្មីផងដែរថា ទោះបីជាហ្វីលីពីន បានជូនដំណឹងផ្លូវការស្តីពីការដកសមាជិកភាពពីលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការហើយក៏ដោយ តុលាការ នៅតែមានយុត្តាធិការក្នុងអនុវត្តបេសកកម្មរបស់ខ្លួន ដ្បិតបទល្មើសនោះ បានកើតឡើងមុនពេលនៃការប្រកាសបញ្ចប់សមាជិកភាពនេះ។ មួយវិញទៀតនោះ ដោយសារតែវិបត្តិកូវីដ-១៩ ក្នុងជំហានបន្ទាប់តុលាការ នឹងប្រកាសពីការបើកការស៊ើបអង្កេតផ្លូវការនៅត្រឹមយ៉ាងយូរពាក់កណ្តាលឆ្នាំ២០២១។ 
 
សម្រាប់ប្រធានាធិបតីហ្វីលីពីន ដូចសព្វមួយដង លោក មិនបដិសេធនឹងចំណាត់ការនានារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។ លោក ឌូទើតេ មានជំហរមួយមុតមាំថា សង្គ្រាមគ្រឿងញៀន ដែលរបាយការណ៍សិទ្ធិមនុស្សអះអាងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ពាន់នាក់ហើយនោះ មានគោលដៅលុបបំបាត់គ្រឿងញៀនពីប្រទេស និងកសាងធនធានមនុស្ស និងអ្នកជំនាន់ក្រោយហ្វីលីពីនស្អាតស្អំ និងរឹងមាំប៉ុណ្ណោះ។
 
តបជាមួយនឹងរបាយការណ៍ចុងក្រោយនេះដែរ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា លោក មិនខ្លាចនឹងការចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។ លោក លើកចោទថា៖« ហេតុអ្វីគំរាមចាប់លោកដាក់គុក? បើវាសនា កំណត់ឲ្យខ្ញុំត្រូវជាប់គុកទៅហើយ បណ្តោយតាមហ្នឹងចុះ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN Philippines៕ 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com