ជាតិ
«ប្រាសាទបន្ទាយសៀម» ជាប្រាសាទបុរាណមួយដែលស្ថិតក្នុងព្រៃឡង់ នៃខេត្តក្រចេះ
21, Dec 2020 , 7:59 am        
រូបភាព
ដោយ៖ ហុង ស្រីណា

ខេត្តក្រចេះ៖«ប្រាសាទបន្ទាយសៀម»ជាប្រាសាទមួយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលបានកសាងឡើងក្នុងរដ្ជកាលស្តេចស្រីទាំង ៣ ព្រះអង្គ នៅសម្ភុបុរ(ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទ-ភា)។ បើតាម លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ប្រាសាទនេះ មិនងាយមានអ្នកទៅដល់ឡើយដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង ។

 
«ប្រាសាទបន្ទាយសៀម ឬប្រាសាទបន្ទាយសៀមកាត់សក់» ស្ថិតនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិត្រពាំងទា ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រាសាទនេះ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេចទាំង៣ ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទ-ភា)។ រចនាបថនៃប្រាសាទនេះខូចខាតជាទម្ងន់ ហើយតួប្រាសាទទាំងមូលបានខូចខាតទាំងស្រុង ដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំពែងថ្មធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញផងដែរ។
  
បើតាម លោក ទេព វាសនា នៅឆ្នាំ២០១៨ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានចុះទៅដល់ទីតាំងប្រាសាទនេះផ្ទាល់។ ប្រធានមន្ទីរវប្បធម៌រូបនេះ ឲ្យដឹងថា ក្នុងដំណើរនោះ មន្ត្រីនៃមន្ទីរវប្បធម៌ សង្កេតឃើញថា នៅទីនោះមានសេសសល់នូវសំណល់ ផ្តែរ១ ដែលមានរចនាបថកំពង់ព្រះ ដែលមានបណ្តោយ២១៤សង់ទីម៉ែត្រ ទទឹង ៨.៥សង់ទីម៉ែត្រ និងកម្ពស់ ១៩សង់ទីម៉ែត្រ។ ស៊ុមទ្វារចំនួនបួន ដែកស៊ុមមួយ មានសិលាចារឹកចំនួន១បន្ទាត់កន្លះ មានបណ្តោយសង់ទីម៉ែត្រ ទទឹង៧៨.៥សង់ទីម៉ែត្រ និងកម្ពស់២៤សង់ទីម៉ែត្រ។ គល់សរសរពេជ្រចំនួន៣ដុំ មានជើងចំនួនពីរ និងឥដ្ឋទំហំធំៗមួយចំនួន។ 


ប្រភព៖តាម៉ាប់ យាយម៉ាប់
 
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា៖«ប្រាសាទនេះស្ថិតនៅក្នុងព្រៃឡង់ មិនងាយនឹងធ្វើដំណើរទៅដល់ឡើយ។ បើខែវស្សា ត្រូវដើរ។ ចំណែកខែប្រាំង អាចជិះម៉ូតូបាន តែពេលខ្លះ ត្រូវចុះបណ្តើផង។ ផ្លូវទៅប្រាសាទ មានតែឧទ្យាននុរក្ស នៅក្នុងតំបន់ព្រៃឡង់ ដែលការពារដោយក្រសួងបរិស្ថាន និងមានឆ្មាំដែលទៅមើលប្រាសាទរាល់ពីរបីថ្ងៃម្តងប៉ុណ្ណោះ ដែលអាចទៅដល់»។
 
ប្រធានមន្ទីរវប្បធម៌លោក ទេព វាសនា មិនមានតួលេខអ្នកទេសចរ ដែលបានទៅដល់ប្រាសាទបន្ទាយសៀមនេះនៅឡើយ។ បើទោះជាមានក៏មិនច្រើនដែរ ព្រោះផ្លូវទៅកាន់ប្រាសាទ ស្ថិតនៅក្នុងព្រៃជ្រៅ ហើយផ្លូវក៏ពិបាកធ្វើដំណើរផងដែរ។ 
 
គួរកត់សម្គាល់ថា ខេត្តក្រចេះ មានទីទួលប្រាសាទបុរាណចំនួន១៤០ ប៉ុន្តែទួលប្រាសាទដែលនៅរូបរាងល្អប្រសើរ គឺមានប្រាសាទក្វាន់ពី និងប្រាសាទបន្ទាយសៀមនេះប៉ុណ្ណោះ។ ក្រៅពីនេះ បានដួលរលំអស់ហើយ។ នេះបើតាម លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ៕
 



រូបភាព៖ប្រាសាទបន្ទាយសៀម


Tag:
 ប្រាសាទបន្ទាយសៀម
  ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com