អន្តរជាតិ
Brexit៖ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេស-សហភាពអឺរ៉ុប នៅជាប់គាំងព្រោះរឿងសិទ្ធិនេសាទ
21, Dec 2020 , 8:29 am        
រូបភាព
ទង់ជាតិអង់គ្លេស និងទង់សហភាពអឺរ៉ុប។រូបភាព៖AFP
ទង់ជាតិអង់គ្លេស និងទង់សហភាពអឺរ៉ុប។រូបភាព៖AFP
ដោយ:
ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេស និងសហភាពអឺរ៉ុប នៅនឹងថ្កល់នាថ្ងៃទី២០ ធ្នូ ដោយសារភាគីទាំង២ ពុំទាន់រកដំណោះស្រាយក្នុងការបែងចែកសិទ្ធិនេសាទ របស់សហភាពអឺរ៉ុប ក្នងដែនទឹកអង់គ្លេស។ សហភាពអឺរ៉ុប ត្រូវបានគេមើលឃើញថា ទំនងជាមិនធ្វើសម្បទានបន្ថែម ឲ្យអង់គ្លេស លើចំណុច មួយនេះឡើយ។

 
សិទ្ធិក្នុងការនេសាទ នៅតែបន្តជាបញ្ហារាំងស្ទះ ដល់ការសម្រេចឲ្យបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេស-សហភាពអឺរ៉ុប ខណៈកាលបរិច្ឆេទបញ្ចប់ការចរចា គឺនៅថ្ងៃទី២០ ធ្នូ។កាលពីដើមសប្តាហ៍នេះ សមាជិកសភាសហភាពអឺរ៉ុប បានដាស់តឿនភាគីទាំងសងខាង ឲ្យសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រឹមថ្ងៃទី២០ ធ្នូ ដើម្បីទុកពេលឲ្យសភាអឺរ៉ុប អាចផ្តល់សច្ចាប័នទាន់ពេល។
 
អង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២០ ប៉ុន្តែវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ស្ថិតនៅក្រោមក្របខណ្ឌរបស់សហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំ២០២០នេះ។ បើសិនជាគ្មានកិច្ចព្រមព្រៀងទេ ភាគីទាំងពីរ នឹងត្រូវដោះដូរទំនិញជាមួយគ្នាក្រោមក្របខណ្ឌ និងច្បាប់ឆ្នាំ១៩៩៥ នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ បើដូច្នេះមែន បានន័យថា អង់គ្លេស និងសហភាពអឺរ៉ុប ត្រូវបង់ពន្ធគយឲ្យគ្នាទៅវិញទៅមក លើទំនិញនាំចូល ដែលនាំឲ្យកើនឡើងតម្លៃទំនិញ និងជាអ្វីដែលភាគីទាំងសងខាង មិនចង់ឃើញ។
 
ត្រឡប់មកការចរចារឿងពាណិជ្ជកម្មវិញ រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Simon Coveney អះអាងថាភាគីទាំងសងខាង ទំនងជារកមិនឃើញចំណុច រួមគ្នានៅពេលឆាប់ៗនេះឡើយ។ លោកសង្ក់តធ្ងន់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនងជាត្រូវរលាយសាបសូន្យ ដោយសារតែការចរចាគ្នាមិនត្រូវ ពីសិទ្ធិនេសាទដោយសហភាពអឺរ៉ុប ក្នុងដែនទឹកអង់គ្លេស។ថ្លែងប្រាប់សារព័ត៌មាន Sunday Times លោកនិយាយថា៖«ខ្ញុំ មិនភ្ញាក់ផ្អើលឡើយ បើការចរចានេះរលំដោយសារសិទ្ធិនេសាទ»។
 
លោកអះអាងថា វាជារឿងមួយពិបាក នឹងមើលឃើញដែលសមាជិកសហភាពអឺរ៉ុប មួយចំនួនដូចជាបារាំង អៀរឡង់ បែលហ្ស៊ិក ដាណឺម៉ាក និងហូឡង់ គាំទ្រសេចក្តីសំណើណាមួយ ដែលហួសពីអ្វីដែលពួកគេ បានធ្វើសម្បទានដាក់លើតុចរចា។
 
តំណាងចរចាសហភាពអឺរ៉ុប លោក Michel Barnier និយាយថា អ្នកនេសាទសហភាពអឺរ៉ុប នឹងបោះបង់ការនេសាទ ដែលមានតម្លៃជិត១ភាគ៤ ដែលខ្លួនរកបាន ក្នុងដែនទឹកអង់គ្លេស។ចំណែកឯ អង់គ្លេសវិញ ចង់ឲ្យសហភាពអឺរ៉ុប បោះបង់ក្នុងតម្លៃច្រើនជាងនេះ។ អ្នកការទូតសហភាពអឺរ៉ុប ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អឺរ៉ុបបានដាក់សំណើចុងក្រោយ ស្តីពីសិទ្ធិនេសាទទៅសហភាពអឺរ៉ុបហើយ និងថាពេលនេះអ្វីៗ គឺអាស្រ័យលើលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ជាអ្នកសម្រេចតែប៉ុណ្ណោះ។
 
ចំណែកលោក Clement Beaune រដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបអះអាងថា ការចរចានឹងមិនត្រូវបញ្ឈប់ឡើយ បើសិនជាហួសថ្ងៃទី២០ ធ្នូ។ លោកថា បារាំងមិនចង់ឃើញវិស័យនេសាទដែលមានលក្ខណៈប្រកួតប្រជែងជានិរន្តរភាព ប្រឈមនឹងគ្រោះថ្នាក់ឡើយ៕
 
 
 

Tag:
 UK
 EU
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com