ជាតិ
អ្នកតំណាងរាស្ត្រកំពង់ស្ពឺ ធានាថា ខ្នងផ្សាពិតជាធ្វើឲ្យទេសចរប្លែកភ្នែក និងស្រស់ស្រាយ
20, Dec 2020 , 10:38 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងទៅដល់លើកំពូលភ្នំខ្នងផ្សា កាលពីពេលថ្មីៗកន្លងមក ដោយលោកមើលឃើញថា តំបន់ទេសចរណ៍ធម្មជាតិដែលកំពុងលេចធ្លោមួយនេះ ពិតជាមានទេសភាពដ៏ស្រស់ស្អាត និងអមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ។


«ពិតប្រាកដណាស់ យើងឮគេថាច្រើនដង មិនដូចយើងបានសាកល្បង និងទៅទស្សនាដោយខ្លួនឯងផ្ទាល់នោះឡើយ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្រោយសម្រេចបានបេសកកម្មឡើងទៅដល់លើកំពូលភ្នំខ្នងផ្សា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងព្រំប្រទល់ជាមួយទឹកដីនៃខេត្តកោះកុង។



អ្នកតំណាងរាស្ត្ររូបនេះ បានទៅដល់ខ្នងផ្សាជាលើកដំបូង ខណៈកន្លងមក លោកធ្លាប់តែឃើញទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនោះ នៅតាមបណ្តាញសង្គម។ ចំពោះបេសកកម្មទៅដល់ទៅដល់ទីនោះ លោក ម៉ានី បានអះអាងថា មិនជាពិបាកពេក ហើយក៏មិនងាយស្រួលពេកនោះដែរ។

អត្ថបទទាក់ទង


លោក បានលើកឡើងយ៉ាងដូច្នេះថា៖ «មកដល់លើកំពូលភ្នំខ្នងផ្សារ ខ្ញុំកាន់តែមានមោទកភាពសម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយសារភ្នំខ្នងផ្សារមានទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់ដែលខ្ញុំបានក្រឡេកភ្នែកដល់ អមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធានាថាតំបន់ទេសចរធម្មជាតិខ្នងផ្សារនេះ ពិតជាធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយអារម្មណ៍ជាក់ជាមិនខាន»។

សូមបញ្ជាក់ថា «ខ្នងផ្សា» ជាតំបន់ទេសចរណ៍បែបផ្សងព្រេងដែលសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ និងវាលខៀវស្រងាត់ ហើយភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើង។

តំបន់ធម្មជាតិមួយនេះ លេចធ្លោយ៉ាងខ្លាំងក្នុងបរិបទកូវីដ-១៩ ដោយសារតែពលរដ្ឋខ្មែរព្យាយាមស្វែងរកទីលំហែកាយនៅក្នុងស្រុក។ ខ្នងផ្សា ក្លាយជាតំបន់ទេសចរបែបផ្សេងព្រេងដ៏គួរឲ្យកត់សម្គាល់មួយបន្ថែមទៀតក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ទាប់ពីភ្នំឱរ៉ាល់។



ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ បត់ស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោក-អ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕



© រក្សាសិទ្ធិដោយ thmeythmey.com