អន្តរជាតិ
តៃវ៉ាន់ បញ្ជូន​នាវា​និង​យន្តហោះ​ចម្បាំង ទៅ​ឃ្លាំមើល​នាវា​ចិន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​
21, Dec 2020 , 11:28 am        
រូបភាព
កងទ័ពជើងទឹកតៃវ៉ាន់ នៅក្នុងពិធីសម្ពោធនាវា​ Tuo Chiang នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ រូបភាព៖ Reuters
កងទ័ពជើងទឹកតៃវ៉ាន់ នៅក្នុងពិធីសម្ពោធនាវា​ Tuo Chiang នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ រូបភាព៖ Reuters
​តៃវ៉ាន់ នៅ​ថ្ងៃទី​២០ ខែធ្នូ បាន​បញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​របស់ខ្លួន​ទៅ​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ចិន ដែល​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ការបើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ពី​សំណាក់​នាវា​ចិន​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​នេះដែរ​។
 
​នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​ប្រដេញ​អាមេរិក USS Mustin បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ ខែធ្នូ ដែល​អាមេរិក​ចាត់ទុកជា​ទម្លាប់​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ និង​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ការបើក​កាត់​ច្រក​សមុទ្រ​តៃ​វ៉ា​ក់​ជា​លើក​ទី​១២​ក្នុង​ឆ្នាំ​២០២០ ពី​ភាគី​អាមេរិក​នេះ ត្រូវបាន​ចិន ឃ្លាំមើល​យ៉ាងខ្លាំង ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​។ 
 
​នៅ​ថ្ងៃ​បន្ទាប់ ចិន​ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក សាន​តុង ដែល​ដាក់​ឲ្យ​ប្រតិបត្តិ​ជាង​១​ឆ្នាំមុន រួមទាំង​នាវាចម្បាំង​ចំនួន ៤​គ្រឿង​បន្ថែមទៀត បើក​ពី​កំពង់ផែ​ក្រុង​តា​លៀន ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស ឆ្ពោះ​មក​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បន្តទៅ​ភាគខាងត្បូង​។ 
 
​ដោយ​សំអាង​លើ​សន្តិសុខ និង​ការពារ​ដែនដី​របស់ខ្លួន តៃវ៉ាន់ បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​ចំនួន ៦​គ្រឿង និង​យន្តហោះ​ចម្បាំង​ចំនួន ៨​គ្រឿង ឃ្លាំមើល និង​តាមដាន​សកម្មភាព ចល័ត​របស់​នាវា​ចិន ដែល​បាន​ប្រតិបត្តិ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។ 
 
«​ដោយមាន​ការគាំទ្រ​ពី​ប្រជាជន កងទ័ព​តៃវ៉ាន់ មាន​ទំនុកចិត្ត និង​សមត្ថភាព​ធ្វើជា​ឆ្មាំ​ការពារ​, ធានា​សន្តិសុខ​ជាតិ និង​ការពារ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​»​។ ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែធ្នូ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទង​ការឆ្លងកាត់​ច្រក​សមុទ្រ​ខណ្ឌ​ចែក​ដីគោក និង​កោះ​តៃវ៉ាន់ កងទ័ពជើងទឹក​ចិន និយាយ​នៅ​ថ្ងៃទី​២១ ខែធ្នូ ថា ការឆ្លងកាត់​របស់​នា​វា​ចម្បាំង និង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់ខ្លួន គ្រាន់តែ​ជាការ​ធ្វើដំណើរ​ឆ្ពោះ​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ​។ បើតាម​កងទ័ពជើងទឹក​ចិន សមយុទ្ធ​នេះ គឺ​ផ្អែកលើ​គម្រោង​សមយុទ្ធ​ប្រចាំឆ្នាំ ហើយ​នៅពេល​អនាគត ចិន​នឹង​រៀបចំ សមយុទ្ធ​ស្រដៀង​នេះ​ឡើង​ទៀត ដោយ​ផ្អែកលើ​តម្រូវការ​ហ្វឹកហាត់​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ប៉េកាំង និង​ទីក្រុង​តៃប៉ិ បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ការបង្កើន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តៃប៉ិ​។ កន្លងទៅ​អាមេរិក បានផ្តល់​ភ្លើង​បៃតង​ក្នុង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ទៅ​តៃវ៉ាន់​ជា​បន្តបន្ទាប់​៕ 

Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com