អន្តរជាតិ
ជប៉ុន​បង្កើន​ថវិកា​ការពារជាតិ​ឆ្នាំ​២០២១ ដល់​៥២​ពាន់​លាន​ដុល្លារ
21, Dec 2020 , 12:29 pm        
រូបភាព
កងទ័ពស្វ័យការពារជប៉ុន។ រូបភាព៖Reuters
កងទ័ពស្វ័យការពារជប៉ុន។ រូបភាព៖Reuters
ដោយ:
​គណៈរដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​២១ ធ្នូ បានអនុម័ត​កញ្ចប់​ថ​វិកា​ចំណាយ​យោធា​ដែលមាន​ទំហំ​៥២​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​កើនឡើង​ខ្ទង់ចំណាយ​៩​ឆ្នាំ​ជាប់​គ្នា​។ ថវិកា​ការពារជាតិ​របស់​ជប៉ុន​មួយផ្នែក នឹងត្រូវ​ចំណាយ​លើ​ការផលិត​យន្តហោះ​ចម្បាំង F-35B ដ៏​ទំនើប និង​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​រយៈ​ចំងាយ​ឆ្ងាយ​។​
 
​ក្រសួងការពារជាតិ​ជប៉ុន នឹង​ទទួលបាន​ទឹកប្រាក់​៥២​ពាន់​លាន​ដុល្លារ ចាប់ពី​ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​។ ថវិកា​ចំណាយ​យោធា​សម្រាប់​ឆ្នាំ​២០២១​នេះ គឺមាន​ទំហំ​១,១​ភាគរយ​ច្រើនជាង​ក្នុង​ឆ្នាំ​២០២០​។ ដោយសារ​បក្ស​របស់ លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ មាន​សំឡេង​ភាគច្រើន​ក្នុង​សភា កញ្ចប់​ថវិកា​នេះ​នឹង​ទទួលបាន​ការអនុម័ត​ជាក់​ជាពុំខាន​។ 
 
​លោក ស៊ូ​ហ្កា ដែល​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក អា​បេ ស៊ិន​ហ្សូ នៅតែ​បន្ត​គោលនយោបាយ​ពង្រីក​កងទ័ព​ជប៉ុន​។ ការចំណាយ​នេះ នឹង​នាំ​ឲ្យ​កងទ័ព​ស្វ័យការពារ​ជប៉ុន​មាន​យន្តហោះ​ច្បាំង​ថ្មី មី​ស៊ី​ល និង​នាវា​ផ្ទុក​យន្តហោះ​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ និង​មាន​សមត្ថភាព​ជាង​មុន ខណៈ​ការពង្រីក​កងទ័ព និង​បង្កើន​ការចំណាយ​យោធា​នៅតែ​ជា​រឿងចម្រូងចម្រាស​នៅ​ជប៉ុន ដោយសារ​ធម្មនុញ្ញ​សន្តិភាព​និយម​។​
 
​ជាមួយ​កញ្ចប់​ថវិកា​នេះ ជប៉ុន​នឹង​ទិញ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​កម្ទេច​គោលដៅ​ឆ្ងាយ​រាប់ទាំង​ម​ទីតាំងនៅ​ចិន កូរ៉េខាងជើង និង​ផ្នែក​ខ្លះ​នៃ​ទ្វីបអាស៊ី​។ ទឹកប្រាក់​ចំនួន​៧០៦​លាន​ដុល្លារ នឹងត្រូវ​ចាក់​បញ្ចូល​ទៅក្នុង​ការអភិវឌ្ឍ និង​ផលិត​យន្តហោះ​ចម្បាំង F-35B ។ គម្រោង​នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុន Mitsubishi ដោយមាន​ជំនួយ​បច្ចេកទេស​ពី​ក្រុមហ៊ុន​អាមេរិក Lockheed Martin ដែលជា​ម្ចាស់​យន្តហោះ​នេះ​។ គម្រោង​អភិវឌ្ឍ និង​ផលិត​យន្តហោះ​ចម្បាំង​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣០ មានតម្លៃ​សរុប​៤០​ពាន់​លាន​ដុល្លារ​។​
 
​ស្របពេល​នេះដែរ ទឹកប្រាក់​ចំនួន​៣២៣​លាន​ដុល្លារ​ទឿ​ត នឹងត្រូវ​ចំណាយ​លើ​ការចាប់ផ្តើម​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​ការពារ​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា ភាគ​និរតី​របស់​ជប៉ុន​។ ចំណែក​ទឹកប្រាក់​ចំនួន​៦២៨​លាន​ដុល្លារ នឹងត្រូវ​ចំណាយ​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន​៦ ដែល​ក្នុងនោះ​មាន F35-B ចំនួន​ពីរ​គ្រឿង​សម្រាប់​ប្រើប្រាស់​លើ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​។​
 
​ចំពោះ​កងទ័ពជើងទឹក​វិញ ជប៉ុន​គ្រោង​នឹង​ចំណាយ​ប្រាក់​៩១២​លាន​ដុល្លារ ដើម្បី​សាងសង់​នាវាចម្បាំង​ចំនួន​២ ដែល​អាច​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់​នាវិក​ក្នុង​ចំនួន​តិច សំដៅ​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ស្វែងរក​នាវិក​ជំនាន់​ថ្មី ក៏ដូចជា​ជួយ​ដល់​នាវិក​ចាស់ៗ​ផងដែរ​។ ជប៉ុន ក៏​ចង់​បំពាក់​ប្រព័ន្ធ​ការពារ Aegis និង​រ៉ា​ដា​កា​ពារ​មី​ស៊ី​ល​ផ្លោង ដែលមាន​សមត្ថភាព​៣​ដង លើសពី​អ្វីដែល​ខ្លួន​មាន​នាពេល​បច្ចុប្បន្ន​។ យ៉ាងណាក្តី រដ្ឋាភិបាល​មិនទាន់បាន​ប៉ាន់ស្មាន​តម្លៃ​នៃ​ការ​តម្លើង​ឧបករណ៍​ថ្មី​នេះ​នៅឡើយ​ទេ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជប៉ុន​កាន់តែ​បារម្ភ​ពី​សកម្មភាព​របស់​ចិន ដែល​បើក​នាវា​ចូល​ដែនទឹក​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ភាគ​ខាងកើត​។ ចិន និង​ជប៉ុន​មាន​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​ប្រជុំ​កោះត​ទាវ​យូ (Diaoyu) ជា​ភាសា​ចិន និង ស៊ិន​កា​គូ (Senkaku) ជា​ភាសា​ជប៉ុន ក្នុង​សមុទ្រ​ចិន​ភាគ​ខាងកើត​៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com