សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរ​អាមេរិក កំពុង​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ពី​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩ នៅ​អង់គ្លេស
21, Dec 2020 , 2:58 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ។ រូបពី AFP
លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ។ រូបពី AFP
ដោយ:
​អាជ្ញាធរ​អាមេរិក កំពុង​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ជុំវិញ​ព័ត៌មាន​អំពី​វត្តមាន​ទម្រង់​ថ្មី​ដែល​កើតចេញពី​ការ​បំ​ផ្លែង​ខ្លួន​របស់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ចក្រភព​អង់គ្លេស​។ មន្ត្រីជាន់ខ្ពស់​សុខាភិបាល​អាមេរិក បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ២០ ខែធ្នូ ខណៈ​សង្កត់ធ្ងន់ថា ការផ្អាក​ជើងហោះហើរ​លើ​ប្រទេស​អង់គ្លេស ពុំទាន់​ជា​រឿង​ចាំបាច់​នៅឡើយ​ទេ​។​
 
​លោក​វេជ្ជបណ្ឌិត Moncef Slaoui ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​កម្មវិធី​វ៉ាក់សាំង​របស់​សេត​វិមាន​អាមេរិក ប្រាប់​ទូរទស្សន៍ CNN ថា មន្ត្រី​អាមេរិក ពុំទាន់​ដឹង​ច្បាស់​ថា​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩ ពិត​ជាមាន​វត្តមាន​ក្នុង​សហរដ្ឋអាមេរិក​ឬ​អត់​ទេ​។ ត្រង់ចំណុច​នេះ លោក​អះអាងថា​៖«​ច្បាស់​ណាស់ យើង​កំពុង​តាមដាន​រឿងនេះ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​»​។ 
 
​លោក Slaoui ក៏បាន​បញ្ជាក់ទៀតថា មកទល់ពេលនេះ គ្មាន​ប្រភេទ​វីរុស​ណា អាច​ធន់​នឹង​វ៉ាក់សាំង​កូ​វីដ​-១៩​ដែលមាន​ឲ្យ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ឡើយ​។ សម្រាប់​លោក វត្តមាន​ទម្រង់​ថ្មី​ដែល​កើតចេញពី​ការ​បំ​ផ្លែង​ខ្លួន​របស់​កូ​វីដ​-១៩ ក្នុង​ចក្រភព​អង់គ្លេស​នេះ មិន​ទំនងជា​រួច​គេច​ផុតពី​ប្រព័ន្ធ​ស៊ាំ​នៃ​វ៉ាក់សាំង​ឡើយ​។ 
 
​ជុំវិញ​ទម្រង់​ថ្មី​នេះដែរ លោក Brett Giroir ប្រធាន​ផ្នែក​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក ABC ថា ស្ថានភាព​បច្ចុប្បន្ន មិនទាន់​ដល់ពេល​ប្រកាសអាសន្ន​ឡើយ​។ នៅពេល​សាក​សួរថា សហរដ្ឋអាមេរិក ទំនងជា​ដើរ​តាម​ឧទាហរណ៍​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​បាន​ផ្អាក​ជើងហោះហើរ​ពី​ចក្រភព​អង់គ្លេស​ឬទេ លោក Giroir ឆ្លើយថា នៅ​មិនទាន់​ជា​រឿង​ចាំបាច់​នៅឡើយ​ទេ​។​
 
​រដ្ឋាភិបាល​អង់គ្លេស នៅ​ថ្ងៃទី​២០ ខែធ្នូ បាន​បិទ​ខ្ទប់​ទីក្រុង​ឡុង​ដ៏ និង​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស ព្រោះតែ​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩ បាន​រីក​រាលដាល​យ៉ាង​លឿន​រហ័ស​។ រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោក Matt Hancock  ដែល​ចាត់ទុក​ស្ថានការណ៍​ជា​គ្រោះថ្នាក់​ខ្លាំង បាន​ព្រមាន​ថា វិធានការ​នេះ នឹង​បន្ត​អនុវត្ត រហូតដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​សម្រេច​រួចរាល់​។ 
 
​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​វត្តមាន​ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខ្លួន​អ្នកជំងឺ​ម្នាក់ កាលពី​ខែកញ្ញា កន្លងទៅ​។ នាយករដ្ឋមន្ត្រី អង់គ្លេស បូរី​ស ច​ន​សុន បង្ហាញថា ទម្រង់​ថ្មី​នៃ​កូ​វីដ​-១៩ មាន​ល្បឿន​ឆ្លង​លឿន​ជាង​ទម្រង់​ចាស់​រហូតដល់​៧០​ភាគរយ​។ 
 
​មកទល់ពេលនេះ វត្តមាន​ទម្រង់​ថ្មី នៅ​មិនទាន់​ជា​ក្តីបារម្ភ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប បានចាប់ផ្ដើម​បិទ​ជើងហោះហើរ​ពី​ប្រទេស​អង់គ្លេស ក្នុងនោះ​ដូចជា បារាំង អាល្លឺម៉ង់ អៀរ​ឡង់ អ៊ីតាលី  ហូ​ឡង់ និង​បែលហ្ស៊ិក​ជាដើម​៕
 
 

Tag:
 ចក្រភព​អង់គ្លេស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com