COVID-19
អន្តរជាតិ
មេដឹកនាំ​សភា​អាមេរិក ព្រមព្រៀងគ្នា​លើ​កញ្ចប់​ជំនួយ​កូ​វីដ​-១៩ ទំហំ​៩០០​ពាន់​លាន​ដុល្លារ
21, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
​មេដឹកនាំ​សភា​អាមេរិក បានសម្រេច​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​២០ ខែធ្នូ លើ​កញ្ចប់​ថវិកា​ទំហំ​៩០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សេដ្ឋកិច្ច​ប្រទេស​។ នេះ​ជា​កញ្ចប់​ជំនួយ​លើកដំបូង គិត​ចាប់តាំងពី​ខែមេសា​មក សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច និង​បុគ្គល ដែល​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ ការបោះឆ្នោត​លើ​កញ្ចប់​ថវិកា​នេះ ទំនង​ធ្វើឡើង​នា​ថ្ងៃទី ២១ ខែធ្នូ​នៅ​សភា​តំណាង​។
 
​បើ​អនុម័ត​រួច កញ្ចប់​ថវិកា​៩០០​ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​កញ្ចប់​ថវិកា​ផ្ដល់​សន្ទុះ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ពោលគឺ​ក្រោយ​កញ្ចប់​ថវិកា​ជំនួយ​ទំហំ​២,៣​ទ្រី​លាន​ដុល្លារ ដែល​ត្រូវ​បានអនុម័ត​ក្នុង​ខែមីនា​។ វា​ក៏​នឹង​ក្លាយជា​កញ្ចប់​ជំនួយ​ទី​៥​ផងដែរ ដែល​សភា​អាមេរិក​អនុម័ត​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩ ដែរ​។​
 
​កញ្ចប់​វ​ថិ​កា​ដ៏​ច្រើន​នេះ ជា​លទ្ធផល​នៃ​ការជជែក​ដេញដោល​ដ៏​តានតឹង​រវាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ បានប្រកាសថា​៖«​ទីបំផុត យើង​មាន​គាំទ្រ​ពី​សំណាក់​គណបក្ស​ធំៗ​ទាំងពីរ ដែល​ប្រទេស​យើង​ត្រូវការ​»​។ 
 
​ទាំង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ជឿជាក់ថា កញ្ចប់​ថវិកា​ជំនួយ​នេះ គួរតែមាន​ការគាំទ្រ​គ្រប់គ្រាន់​ដើម្បី​ឆ្លងកាត់​សភា​ទាំងពីរ​របស់​អាមេរិក​។  ម្យ៉ាងទៀត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកា​នេះ ហើយ​ត្រៀម​នឹង​ចុះហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​ផងដែរ​។ នេះ​បើតាម​អ្នកនាំពាក្យ​សេត​វិមាន Ben Williamson ។​
 
​កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់​ការចែក​លុយ​ដោយផ្ទាល់​៦០០​ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិក និង​ពង្រីក​អត្ថប្រយោជន៍​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ផងដែរ​។ កញ្ចប់​ថវិកា​នេះ ក៏​ផ្គត់ផ្គង់​លើ​ការថែទាំ​សុខភាព ការដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ជំនួយ​ផ្នែក​ស្បៀងអាហារ ក៏ដូចជា​ជួយសង្គ្រោះ​អាជីវកម្ម​ធុន​តូច​ជាដើម​។ 
 
«​នរណា​ដែល​គិតថា កញ្ចប់​ថវិកា​ជំនួយ​នេះ​គ្រប់គ្រាន់ គឺ​មិន​យល់​ពី​ស្ថានការណ៍​ដែល​កំពុង​កើតឡើង​ក្នុង​សហរដ្ឋអាមេរិក​ឡើយ​»​។ លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​ព្រឹទ្ធសភា​មកពី​បក្ស​ប្រជាធិបតេយ្យ បញ្ជាក់​បែបនេះ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​។ លោក​និយាយទៀតថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ជំនួយ​បន្ថែមទៀត ក្រោយ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី​២០ ខែមករា ខាងមុខ​។​
 
​គួរ​បញ្ជាក់ដែរថា សភា​តំណាង​អាមេរិក​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ នឹង​ទំនងជា​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​នេះ នៅ​ថ្ងៃទី ២១ ខែធ្នូ ជាមួយ​ព្រឹទ្ធសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ បោះឆ្នោត​តាម​ក្រោយ​ភ្លាម​ដែរ​។ 
 
​ជំងឺ​កូ​វីដ​-១៩ នឹង​បន្ត​ជា​វិបត្តិ​ធំ​បំផុត​មួយ​ដែល​រដ្ឋបាល​ថ្មី​របស់លោក ចូ បៃ​ឌិន ត្រូវ​ប្រឈមមុខ បើទោះបីជា​សញ្ញា​នៃ​ក្តីសង្ឃឹម ផ្ដើម​លេចឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​ខ្លួន​។ វ៉ាក់សាំង​ចំនួន​ពីរ ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់ សំដៅ​ទប់ស្កាត់​ការ​រាលដាល​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែធ្នូ សហរដ្ឋអាមេរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ជិត​១៨​លាន​ករណី ក្នុងនោះ​៣១,៨​ម៉ឺន​នាក់​បាត់បង់​ជីវិត​។ 
 
​ក្នុងពេល​១១​ខែ ចាប់តាំងពី​ករណី​ឆ្លង​កូ​វីដ​-១៩​ដំបូង​ត្រូវបាន​រកឃើញ​ក្នុង​សហរដ្ឋអាមេរិក ជំងឺ​ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ បាន​រុញច្រាន​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​ឲ្យ​អស់​ការងារ​ធ្វើ  និង​អាជីវកម្ម​ជាច្រើន​ដួល​បះជើង​។ អ្នកសេដ្ឋកិច្ច​មួយចំនួន អះអាងថា កំណើនសេដ្ឋកិច្ច នឹង​នៅ​បន្ត​ដាំ​ក្បាល​ចុះ រហូតដល់​វ៉ាក់សាំង​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​នា​ពាក់កណ្ដាល​ឆ្នាំ​២០២១​ខាងមុខ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com