អន្តរជាតិ
សហរដ្ឋអាមេរិក​ថា ចោរកម្ម​តាម​អ៊ីនធឺណិត​ថ្មីៗ​វាយលុក​បណ្តាញ​រដ្ឋាភិបាល​
21, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ បុរស​បីនាក់ កំពុងតែ​មើល​កុំព្យូទ័រ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤​។​
​រូប​ឯកសារ​៖ បុរស​បីនាក់ កំពុងតែ​មើល​កុំព្យូទ័រ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤​។​
ដោយ: VOA
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា ចោរកម្ម​តាម​អ៊ីនធឺណិត​ថ្មី​មួយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​បណ្តា​ញ​របស់ខ្លួន​ហើយ​ថា ការវាយប្រហារ​គឺ​«​ទ្រង់ទ្រាយ​ធំ​និង​កំពុង​បន្ត​»​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​ដើម​សប្តាហ៍​នេះ​ថា​ក្រុមចោរ​តាម​អ៊ីនធឺណិត ដែល​គេ​ជឿថា កំពុងធ្វើការ​ឱ្យ​ប្រទេស​រុស្ស៊ី​បាន​លួច​មើល​អ៊ី​ម៉ែ​ល​ផ្ទៃក្នុង​របស់​ក្រសួង​ហិរញ្ញវត្ថុ​ស​.​រ​.​អា​.​និង​ក្រសួងពាណិជ្ជកម្ម​។ របាយការណ៍​នេះ​ស្រង់​សម្តី​មន្ត្រី​ដែល​បារម្ភ​ថា​ការរកឃើញ​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ចោរ​កម្មនេះ​តែប៉ុណ្ណោះ​។​
 
​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ (FBI) ភ្នាក់ងារ​សន្តិសុខ អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (Cybersecurity and Infrastructure Security Agency) និង​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​និយាយថា​៖ «​ស្ថានភាព​នេះ​កំពុង​វិ​វត្ត​ហើយ​ខណៈពេលដែល​យើង​កំពុង​បន្ត​ស្វែងយល់​ពី​ទំហំ​ពេញលេញ​នៃ​យុទ្ធនាការ​នេះ យើង​ដឹងថា វា​ប៉ះពាល់​ដល់​បណ្តាញ​នានា​នៅក្នុង​រដ្ឋាភិបាល​សហព័ន្ធ​»​។​
 
SolarWinds Corp. ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលជា​បណ្តាញ​ត្រូវ​ពួកចោរ​អ៊ីនធឺណិត​ប្រើ​ដើម្បី​លួច​ចូល​បាន​និយាយថា អតិថិជន​របស់ខ្លួន​រហូតដល់​ទៅ​១៨.០០០​នាក់​បាន​ទាញយក​កម្មវិធី​ថ្មី​ដែល​គ្រោះថ្នាក់​និង​ដែល​អនុញ្ញាតឱ្យ​ពួកចោរ អាច​លួច​មើល​អាជីវកម្ម​និង​ទីភ្នាក់ងារ​នានា​អស់​រយៈពេល​ជិត​៩​ខែ​។​
 
​ការិយាល័យ FBI ភ្នាក់ងារ​សន្តិសុខ អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​បង្កើត​ក្រុម​សហការ​ណ៍​រួម​ផ្នែក​អ៊ីនធឺណិត​ដើម្បី​ឆ្លើយតប​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​
 
​លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​បាន​កាត់បន្ថយ​រយៈពេល​ធ្វើដំណើរ​ទៅ​អឺរ៉ុប​នៅ​ថ្ងៃ​អង្គា​រហើយ​បាន​វិល​ត្រឡប់មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ដើម្បី​ដោះស្រាយ​ការវាយប្រហារ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com