COVID-19
អន្តរជាតិ
​កូ​វីដ​-១៩៖ លោក ប្រា​យុទ្ធ ប្រាប់​ប្រជាជន​កុំ​ភ័យខ្លាច ខណៈ​ថៃ​មាន​អ្នក​ឆ្លង​៣៨២​នាក់​ទៀត​
21, Dec 2020 , 4:03 pm        
រូបភាព
ពលករចំណាកស្រុកនៅខេត្តសាមុតសាខន រង់ចាំការធ្វើតេស្តរកកូវីដ-១៩។ រូបភាព AFP
ពលករចំណាកស្រុកនៅខេត្តសាមុតសាខន រង់ចាំការធ្វើតេស្តរកកូវីដ-១៩។ រូបភាព AFP
​ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី​២១ ខែធ្នូ បាន​អះអាងថា បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី​ចំនួន ៣៨២​ករណី​បន្ថែមទៀត ដែល​ភាគច្រើន​មាននៅ​ក្នុង​ខេត្ត​សាមុត​សា​ខន​។ ស្របពេល​ករណី​ឆ្លង​កូ​វីដ​-១៩ បន្ត​កើនឡើង នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​ការណែនាំ​បន្ថែមទៀត ក្នុងករណី​ការបិទ​ខេត្ត​អាច​កើនឡើង​។
 
​ក្នុង​រយៈពេល ២៤​ម៉ោង ថៃ​បាន​រកឃើញ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៣៨២​ករណី​។ ក្នុងចំណោម​នោះ មនុស្ស​ចំនួន ៣៦០​នាក់ គឺជា​កម្មករ​ចំណាកស្រុក​នៅក្នុង​ខេត្ត​សាមុត​សា​ខន​។ ក្រៅពីនោះ មាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​ចំនួន ១៤​ករណី​ផ្សេងទៀត ត្រូវបាន​រកឃើញ នៅក្នុង​ទីក្រុង​បាងកក​, ខេត្ត​អយុធ្យា​, ខេត្ត​សាមុត​ប្រាការ និង​ខេត្ត​តាក់​ជាដើម​។ ចំណែក ៨​ករណី​ផ្សេងទៀត គឺជា​ករណី​ឆ្លង​មកពី​ក្រៅប្រទេស​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង​បន្ត​រកឃើញ​បែបនេះ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ណែនាំ​កិច្ច​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul រៀបចំ​គោលការណ៍​ណែនាំ​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត ក្នុងករណី​ថៃ​ត្រូវ​ចេញ​វិធាន​ការបិទ​ខេត្ត​ក្រុង​ផ្សេងទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ លោក Taweesilp Visanuyothin​។ 
 
​ការលើកឡើង​របស់លោក​ប្រា​យុទ្ធ ធ្វើឡើង ក្នុង​កិច្ចប្រជុំ​មួយ នៅ​វិមាន​រដ្ឋាភិបាល​ថៃ ដោយ​លោក​រដ្ឋមន្ត្រី​សុខាភិបាល ក៏បាន​ចូលរួម​ប្រជុំ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​
​ជាមួយគ្នានេះ អ្នកនាំពាក្យ CCSA បាន​បន្តថា ការបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​បែបនេះ ជា​ចំណាត់ការ​មួយ​ដែល​ទាក់ទង​ការវិវឌ្ឍ​របស់​ករណី​ឆ្លង​ដែល​ផ្ទុះ​ចេញពី​ផ្សារ​លក់​បង្គា​មួយ​នៅក្នុង​ខេត្ត​សាមុត​សា​ខន​។ 
 
​មិនតែប៉ុណ្ណោះ លោក ប្រា​យុទ្ធ ក៏បាន​អំពាវនាវ កុំ​ឲ្យ​ប្រជាជន​កុំ​ភ័យខ្លាច​ខ្លាំងពេក ដោយ​សំអាងថា រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ​ខាងមុខ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ ករណី​ឆ្លង​នៅ​ថៃ ខុសពី​ប្រទេស​ផ្សេង ដោយសារ​ករណី​ឆ្លង​នៅ​ថៃ អាច​តាមដាន​បាន​។ 
 
​ជាមួយគ្នានេះ គណៈកម្មាធិការ​គ្រប់គ្រង​ជំងឺឆ្លង​ប្រចាំខេត្ត ដែលមាន​អភិបាលខេត្ត​ជា​ប្រធាន ក៏​ទទួលបាន​អំណាច​ក្នុង​ការសម្រេច​ឲ្យ​បិទ​ខេត្ត ឬ​តំបន់​ផងដែរ ប្រសិនបើ​តំបន់ ឬ​ខេត្ត​ទាំងនោះ​មាន​ករណី​ឆ្លង​កើនឡើង​ខ្លាំង​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ករណី​ឆ្លង​ពាក់ព័ន្ធ​នឹង​ខេត្ត​សាមុត​សា​ខន​បាន​កើន​ដល់ ៨២១​ករណី​។ ចំណែក​ករណី​ឆ្លង​សរុប​ថៃ​មាន​ចំនួន ៥២៨៩​ករណី ខណៈពេល​អ្នកស្លាប់​ចំនួន ៦០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤០៥៣​នាក់​។ 
 
​គួររំលឹកថា ខេត្ត​សាមុត​សា​ខន ត្រូវបាន​បិទ ចាប់ពី​ថ្ងៃទី​២០ ធ្នូ ដល់​ថ្ងៃទី​៣ ខែមករា​ខាងមុខ និង​ថែមទាំង​មាន​បម្រាម​គោចរ​ផងដែរ​។ ទាក់ទិន​នឹង​ការបិទ​ក្រុង​បែបនេះ ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ខេត្ត លោកស្រី Amphai Harnkraiwilai បាន​វាយតម្លៃថា អាច​រង​ការ​ខូ​ត​ខាត​សេដ្ឋកិច្ច​ប្រមាណ ៣៣​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ខណៈ​មួយថ្ងៃៗ ខេត្ត​សាមុត​សា​ខន អាច​លក់​គ្រឿង​សមុទ្រ​បាន​ប្រមាណ​ពី ១៤​លាន​ដុល្លារ ទៅ ១៦​លាន​ដុល្លារ ហើយ​បូក​រួមទាំង​ការខូចខាត​របស់​មុខ​ជំនួញ​ផ្សេងទៀត​របស់​ខេត្ត​ផងដែរ​៕  
 

Tag:
 ​ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com