COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
សេអ៊ូល ហាមការជួបជុំចាប់ពី៥នាក់ឡើង ស្របពេលករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំង 21, Dec 2020 , 11:29 pm
ពលរដ្ឋកូរ៉េខាងត្បូង ដើរតាមផ្លូវសាធារណៈ នៅថ្ងៃទី ១២ ខែធ្នូ ។ រូបពី AFP
× រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ បានដាក់ចេញបម្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៀត អំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខ។ ការសម្រេចនេះ ធ្វើឡើងខណៈដែលប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុតរបស់ខ្លួន នៅថ្ងៃទី ២១ ខែធ្នូ ជាមួយនឹងករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ដដែល។
ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធចេញបញ្ជាឲ្យបិទប្រទេសដូចដែលមាននៅតាមប្រទេសខ្លះ អាជ្ញាធរក្រុង សេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon បានសម្រេចដាក់ចេញបញ្ជាការរឹតបន្តឹងគួរឲ្យភ្ញាក់ផ្អើលមួយលើការជួបជុំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣ ខែមករា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
«យើងពុំអាចយកជ័យជម្នះវិបត្តិបច្ចុប្បន្ននេះបានឡើយ បើគ្មានការកាត់បន្ថយករណីឆ្លងជាចង្កោម ដែលផ្ទុះរាលរាលតាមរយៈការជួបជុំលក្ខណៈឯកជនជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ»។ អភិបាលស្ដីទីរដ្ឋធានីសេអ៊ូល លោក Seo Jung-hyup បញ្ជាក់បែបនេះ នៅក្នុងសន្និសីទព័ត៌មានមួយ មុននឹងសង្កត់ធ្ងន់ថា នេះជាឱកាសចុងក្រោយដើម្បីបំបែកការឆ្លងរាលដាលនេះ។
បម្រាមលើការប្រមូលផ្ដុំគ្នានេះ អនុវត្តទាំងក្នុងផ្ទះ និងទីសាធារណៈ លើកលែងតែពិធីបុណ្យសព និងរៀបការប៉ុណ្ណោះ។ បច្ចុប្បន្ន ការជួបជុំគ្នាចាប់ពី៩នាក់ឡើងទៅ ត្រូវហាមឃាត់ក្នុងទីក្រុងសេអ៊ូលរួចហើយ។
ទីក្រុងទាំងពីរនេះ និងបូកទាំងខេត្តមួយផងនោះ មានប្រជាជនរស់នៅសរុបជិតពាក់កណ្ដាលនៃប្រជាជនសរុបទាំង៥១លាននាក់របស់កូរ៉េខាងត្បូង។ ក្នុងទីក្រុង សេអ៊ូល ទីតាំងកម្សាន្ត និងភោជនីយដ្ឋាន ជាមុខសញ្ញាធំនៃការឆ្លងកូវីដ-១៩ ជាចង្កោម។ តួយ៉ាងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ូលិសក្រុងសេអ៊ូល បានចុះឆែកឆេរទីតាំងកម្សាន្តមួយចំនួន ហើយចាប់បានជនសង្ស័យល្មើសវិធានការគម្លាតសុវត្ថិភាព រហូតដល់ ៣៥នាក់។
គិតត្រឹមថ្ងៃទី ២១ ខែធ្នូ កូរ៉េខាងត្បូង មានអ្នកស្លាប់ដោយសារកូវីដ-១៩សរុប ៦៩៨នាក់ហើយ ក្រោយរកឃើញអ្នកស្លាប់ថ្មី ២៤នាក់។ នេះជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ។ ទន្ទឹមនេះ កូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងជាង១០០០ករណី ៥ថ្ងៃជាប់គ្នា ក្នុងពេល១សប្ដាហ៍ចុងក្រោយ ដោយទើបតែធ្លាក់ក្រោម១០០០ករណី នៅថ្ងៃទី២០ ខែធ្នូប៉ុណ្ណោះ៕
Tag:
កូរ៉េខាងត្បូង
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com