កីឡាករ ឡុង ជិន បានផ្តួលកីឡាករ បាង កាយ៉ាក ឲ្យសន្លប់ក្នុងទឹកទី១ នាការប្រកួតដណ្តើមពានរង្វាន់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនប្រដាល់ភីអិនអិន នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ចំណែកកីឡាករ ភួន ឡាំងកូស៊ីន បានឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ។
អ្នកលេងគុនខ្មែរ ឡុង ជិន បានក្លាយជាកីឡាករដំបូងគេប្រចាំកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM ISI PIPE ដែលផ្តួលដៃគូឲ្យសន្លប់លឿនជាងគេ។ បន្ទាប់ពីកីឡាកររូបនេះ បានផ្តួលកីឡាករ បាង កាយ៉ាក ឲ្យសន្លប់ក្នុងទឹកទី១ ដោយប្រើពេល៤០វិនាទី នាការប្រកួតមិត្តភាពនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នាសង្វៀនភីអិនអិន។
គ្រាន់តែស្នូរជួងទឹកទី១បន្លឺឡើង កីឡាករ ឡុង ជិន បានដើរចូលស្វាគមន៍កីឡាករ បាង កាយ៉ាក ដោយប្រើកណ្តាប់ដៃស្រាលៗទៅផ្ទៃមុខ ពេលនោះ កាយ៉ាក ក៏បានប្រើដៃឆ្វេងដាល់ស្រាលៗមកលើ ឡុង ជិន ផងដែរ។ ឆ្លៀតឱកាសគូប្រកួតខ្វះការប្រុងប្រយ័ត្នក្នុងទឹកទី១ ដែលភាគច្រើនជាទឹកសម្រាប់កីឡាករស៊ាំកម្លាំងគ្នា កីឡាករ ឡុង ជិន ក៏បានប្រើជើងស្តាំទាត់ទៅលើកញ្ចឹងកផ្នែកខាងឆ្វេងរបស់កីឡាករ បាង កាយ៉ាក បណ្តាលឲ្យរូបគេបាត់បង់ស្មារតីដួលទៅលើសង្វៀន។
ពេលនោះ អាជ្ញាកណ្តាលបានរាប់ទៅលើកីឡាករ កាយ៉ាក ដែលព្យាយាមសម្រួលស្មារតី ដើម្បីក្រោកឈរបន្តការប្រកួត។ ប៉ុន្តែគួរឲ្យសោកស្តាយ រូបគេ មិនត្រឹមតែមិនអាចក្រោកឈរនោះទេ ថែមទាំងបានដួលសន្លប់ទៅលើសង្វៀនម្តងទៀត ហើយអាជ្ញាកណ្តាល ក៏បានលើកដៃផ្តល់សញ្ញាបញ្ឈប់ការប្រកួតត្រឹមវិនាទី៤០ក្នុងទឹកទី១តែម្តង។
ដោយឡែក កីឡាករ ភួន ឡាំងកូស៊ីន ទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE ក្រោយយកឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ។ កូនសិស្សរបស់លោក សាន់ សៅយ៉ាន់ រូបនេះ អាចប៉ះជាមួយកីឡាករ រិន ដេវីដ ឬកីឡាករ ខេម ចាន់ ដែលត្រូវប្រកួតគ្នានៅសប្តាហ៍នេះ។
អាជ្ញាកណ្តាលលើកដៃកីឡាករ ភួន ឡាំងកូស៊ីន (ស្តាំ)ពេលទទួលបានជ័យជម្នះលើកីឡាករ ពេជ្រ ប៊ុនសិទ្ធ
នាជំនួបវគ្គកណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ទាំងកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង ភួន ឡាំងកូស៊ីន នៅទឹកទី១ហាក់ខ្លាចគ្នាទៅវិញទៅមក។ ប៉ុន្តែពួកគេបានព្យាយាមប្តូរកណ្តាប់ដៃ និងជើងដាក់គ្នាទៅមកផងដែរ។ យើងសង្កេតកីឡាករ ប៊ុនសិទ្ធ ប្រើកណ្តាប់ដៃច្រើនជាងជើង រីឯ ឡាំងកូស៊ីន ប្រើជើង និងជង្គង់ច្រើនជាងដៃ។
ឈានដល់ទឹកទីពីរកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលមានប្រៀបផ្នែកកម្លាំងបានព្យាយាមដើរចូល ដើម្បីដាក់សម្ពាធលើកីឡាករ ភួន ឡាំងកូស៊ីន ដែលព្យាយាមប្រើជើងធាក់ទប់ពីការសម្រុករបស់គូប្រកួត។ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃ និងជើងធ្ងន់ៗជាច្រើនទៅលើ ឡាំងកូស៊ីន ដែលព្យាយាមប្រើជើងទាត់បកមកលើគូប្រកួត។
នៅទឹកទី៣កីឡាករបង្គោលក្រហម ពេជ្រ ប៊ុនសិទ្ធ នៅតែបន្តដើរចូល និងប្រើកណ្តាប់ដៃ និងជើង ដើម្បីដាក់សម្ពាធលើដៃគូដដែល។ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធិភាព ហើយត្រូវបានកីឡាករ ភួន ឡាំងកូស៊ីន ប្រើជើងទាត់ និងជង្គង់ជាច្រើនមកលើខ្លួនវិញ ដែលធ្វើឲ្យគេរាងថមថយកម្លាំងបន្តិចនៅក្នុងទឹកនេះ។
ឈានដល់ទឹកទី៤កីឡាករ ភួន ឡាំងកូស៊ីន នៅតែបន្តចាំត្រងពីការដើរចូលរបស់ ប៊ុនសិទ្ធ ហើយរូបគេបានប្រើជើងជាច្រើនទាត់ទៅលើគូប្រកួត ដែលព្យាយាមប្រើកណ្តាប់ដៃធ្ងន់ៗមកលើរូបគេ។ នៅទឹកទី៥កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅតែបន្តដើរចូលទៅរក ឡាំងកូស៊ីន តែមិនសូវទទួលបានលទ្ធផលនោះទេ ដោយត្រូវបានគូប្រកួតប្រើជើងទាត់ជាច្រើនមកលើខ្លួន។
ជាលទ្ធផលចប់ការប្រកួត៥ទឹកពេញអាជ្ញាកណ្តាលទាំង៥រូបបានសម្រេចឲ្យកីឡាករ ភួន ឡាំងកូស៊ីន ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៥-០៕